សមាគមខ្មែរកម្ពុជាក្រោម នឹងដាក់ញត្តិទាមទារឲ្យវៀតណាមបញ្ឈប់ការរំលោភសិទ្ធិពលរដ្ឋខ្មែរក្រោម

ព្រះសង្ឃ ៦ អង្គ និងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម ១០ នាក់ ដែលត្រូវអាជ្ញាធរវៀតណាម ចាប់ផ្សឹក និងដាក់ពន្ធនាគារ។ រូប៖ សំឡេងកម្ពុជាក្រោម (VOKK)

នៅ​ថ្ងៃទី​២៩ មេសា ឆ្នាំ​២០២៥ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹងដាក់​ញត្តិ​ទៅកាន់​ស្ថានទូត និង​ស្ថាប័ន​អន្តរជាតិ​នានា​ក្នុង​ទីក្រុង​ភ្នំពេញ​។ កម្មវត្ថុ​នៃ​ការដាក់​ញត្តិ​នេះ គឺ​ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម​ដោះលែង​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ដែល​កំពុង​ជាប់​ឃុំឃាំង​នៅក្នុង​ប្រទេស​វៀតណាម រួមទាំង​ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម​បញ្ឈប់​ការរំលោភ​សិទ្ធិ​ពលរដ្ឋ​ខ្មែរក្រោម​។​

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​ទីតាំងនៅ​ទីក្រុង​ភ្នំពេញ អះអាងថា នឹង​រៀបចំ​ការជួបជុំ និង​ដង្ហែ​ញត្តិ​ដាក់ជូន​បណ្តា​ស្ថានទូត និង​ស្ថាប័ន​អន្តរជាតិ​នា​ព្រឹក​ថ្ងៃទី​២៩ មេសា​ដើម្បី​ឲ្យ​អាជ្ញាធរ​វៀតណាម ដោះលែង​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ១៦​អង្គ​/​នាក់​ដែល​កំពុង​ជាប់ឃុំ​។ ក្រៅពី​ការស្នើសុំ​ឲ្យ​គោរព​សិទ្ធិមនុស្ស និង​ដោះលែង​ពលរដ្ឋ​ខ្មែរក្រោម អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ក៏​ចង់ឃើញ​រដ្ឋាភិបាល​វៀត​ណា​ម សាងសង់​ឡើងវិញ​នូវ​សាលាឆទាន ដែល​អាជ្ញាធរ​វៀតណាម​បាន​កំទេច​នៅ​ខេត្ត​លង់​ហោរ កាលពីដើម​ខែមេសា ឆ្នាំ​២០២៤​។ ទន្ទឹមគ្នានេះ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ក៏​ទទូច​ឲ្យ​អាជ្ញាធរ​វៀតណាម​ប​ញ្ឍ​ប់​រាល់​សកម្មភាព​គំរាមកំហែង​គ្រប់​រូបភាព​លើ​ពលរដ្ឋ​ខ្មែរក្រោម​ដែរ​។​

​គួរ​បញ្ចា​ក់ថា គម្រោង​រៀបចំ​ការជួបជុំ និង​ដង្ហែ​ញត្តិ​ដាក់ជូន​បណ្តា​ស្ថានទូត និង​ស្ថាប័ន​អន្តរជាតិ​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​ព្រឹក​ថ្ងៃទី​២៩ មេសា ទទួលបាន​ការអនុញ្ញាត​ពី​សាលាក្រុង​ភ្នំពេញ​តាមរយៈ​ជំនួប​មួយ កាលពី​ថ្ងៃទី​២២ មេសា​។ តែ​សាលាក្រុង​ភ្នំពេញ​បានអនុញ្ញាត​ឲ្យ​រៀបចំ​នៅ​ទីស្នាក់ការ​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​យល់ព្រម​ឲ្យ​មាន​អ្នកចូលរួម​ប្រមាណ ២០០​នាក់​។ ម្យ៉ាងទៀត ការរៀបចំ​នឹងត្រូវ​ធ្វើឡើង​តែមួយព្រឹក​ពេញ ដោយមាន​ការរៀប​ចំកា​រ​សម្តែង​មតិ និង​មាន​តំណាង​ដាក់​ញត្តិ​ទៅ​ក្រសួងការបរទេស​កម្ពុ​ជា រួមទាំង​ការ​ប្រារព្ធ​ពិធី​សាសនា ដើម្បី​ជា​កិច្ចបញ្ចប់​នៃ​យុទ្ធនាការ​។​

​សូម​ជម្រាបជូន​ថា កាលពី​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២៥ កន្លងទៅ​ថ្មីៗ នេះ មាន​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ចំនួន ៣​អង្គ​/​នាក់​ត្រូវបាន​អាជ្ញាធរ​វៀតណាម​ក្នុង​ខេត្ត​ព្រះ​ត្រពាំង​ចាប់ខ្លួន ក្រោម​បទចោទប្រកាន់ «​កេងចំណេញ​លើ​សិទ្ធិសេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​»​។ ការចាប់ខ្លួន​កាលណោះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ថ្កោលទោស​យ៉ាងខ្លាំង និង​ថា រដ្ឋាភិបាល​វៀតណាម​បាន​គាបសង្កត់​សិទ្ធិសេរីភាព​ពលរដ្ឋ​ខ្មែរក្រោម ពិសេស​លើ​ការតស៊ូ​មតិ​ដើម្បី​សិទ្ធិ​ជនជាតិដើម សិទ្ធិសេរីភាព​ខាង​ផ្នែក​សាសនា និង​ការអភិរក្ស​វប្បធម៌​៕

Leave a Reply

Your email address will not be published.