អង្គការ សង្គមស៊ីវិលខ្មែរកម្ពុជាក្រោម ចំនួន ៩ ស្ថាប័ន​ បានរួមគ្នាប្រារព្ធទិវានារីអន្តរជាតិ នៅទីស្នាក់ការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ នារាជធានីភ្នំពេញ ក្រោមប្រធានបទ «ពង្រឹងការចូលរួមរបស់ស្ត្រីខ្មែរក្រោម ដើម្បីសមភាព និងសមធម៌យ៉នឌ័រ» កាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៦។ រូប៖ សារព័ត៌មាន ព្រៃនគរ

សមាគម​ខ្មែរ​កម្ពុជា​ក្រោម អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​និង​វៀតណាម យកចិត្តទុកដាក់​ក្នុងការ​លើកកម្ពស់​សិទ្ធិ​របស់​ស្ត្រី​ខ្មែរក្រោម ​ឱ្យ​ពេញលេញ​ក្នុង​ការចូលរួម​យ៉ាងសកម្ម​ក្នុងសង្គម និង​ឱកាស​ទទួលបាន​ការងា​រ​សមរម្យ​។

​កាលពី​ថ្ងៃទី​០៨ ខែមីនា សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​នៅ​ទីស្នាក់ការ​ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ក្រោម​ប្រធានបទ «​ពង្រឹង​ការចូលរួម​របស់​ស្ត្រី​ខ្មែរក្រោម​ដើម្បី​សមភាព និង​សមធម៌​យេនឌ័រ​» ដែលមាន​អ្នកចូលរួម​ប្រមាណ​៥០​នាក់ រាប់ទាំង​ព្រះសង្ឃ មន្ត្រី​អង្គការសិទ្ធិមនុស្ស និង​នារី​ខ្មែរក្រោម​។​

​ថ្លែង​ក្នុង​ពិធី​ខាងលើ ប្រធាន​ផ្នែក​ស្ត្រី​នៃ​លេខាធិការដ្ឋាន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស​និង​អភិវឌ្ឍន៍​អ្នកស្រី តាំង កែវពិសី ថា ស្ត្រី​ខ្មែរក្រោម ក្រោម​ការដឹកនាំ​របស់​វៀតណាម​ភាគច្រើន​មិនចេះ​ទាំង​អក្សរ​ខ្មែរ​និង​អក្សរ​វៀតណាម ដោយសារ​កត្តា​មិន​យកចិត្តទុកដាក់​ក្នុងការ​លើកកម្ពស់​សិទ្ធិ​នារី​របស់​រដ្ឋាភិបាល​វៀតណាម គួបផ្សំ​នឹង​សង្គម​វៀតណាម​ដែល​ផ្ដល់​តម្លៃ​បុរស​ខ្ពស់ជាង​ស្ត្រី​។​

​បន្ថែម​ពីលើ​នេះ អ្នកស្រី ថា កត្តា​នេះ ក៏​នាំឱ្យ​នារី​ខ្មែរក្រោម​កង្វះ​ការយល់ដឹង​ពី​សិទ្ធិ​ជា​ជាតិ​ដើម​ភាគតិច​របស់ខ្លួន ដែល​ងាយ​រង​ការរំលោភបំពាន​ពី​អាជ្ញាធរ​វៀតណាម​។​

​អ្នកស្រី និយាយថា​៖ «​រយៈពេល​១១៥​ឆ្នាំ អង្គការសហប្រជាជាតិ​ប្រារព្ធ​ដើម្បី​លើកកម្ពស់​សិទ្ធិនារី ក៏​ស្ត្រី​ខ្មែរក្រោម មិនទាន់​ទទួលបាន​នូវ​សិទ្ធិ​ពេញលេញ​នៅឡើយ បើ​ធៀប​នឹង​បុរស និង​ស្ត្រី​ភាគច្រើន​នៅលើ​ពិភពលោក​»​។​

​អ្នកស្រី បន្តថា ក្រោម​ការដឹកនាំ​របស់​វៀតណាម មាន​នារី​ខ្មែរក្រោម​មួយចំនួន ត្រូវបាន​ចាប់ខ្លួន និង​មួយចំនួនទៀត​កំពុង​ភៀសខ្លួន​នៅ​បរទេស និង​ខ្លះទៀត ត្រូវបាន​អាជ្ញាធរ​វៀតណាម​ហៅ​សួរនាំ​ជា​ញឹកញយ ដោយសារ​ការទាមទារ​សិទ្ធិ​របស់ខ្លួន​។

​អ្នកស្រី បាន​បន្តទៀតថា ចំពោះ​នារី​ខ្មែរក្រោម​ដែល​បាន​ភៀសខ្លួន​មក​រស់នៅ​កម្ពុជា ក៏​ប្រឈម​នឹង​ភាព​គ្មាន​ការងារ​ធ្វើ​ខ្ពស់ ដោយសារ​មិនចេះ​ភាសារ​ខ្មែរ ខណៈ​អ្នកស្រី អះអាងថា ប្រមាណ​១៥​ភាគរយ​នៃ​នារី​ខ្មែរក្រោម​រស់នៅ​កម្ពុជា ពុំមាន​ឯកសារ​និង​ដីធ្លី​ស្របច្បាប់ ដែល​ធ្វើ​ឱ្យគេ​បាត់បង់​នូវ​សិទ្ធិ​ជា​ពលរដ្ឋ រាប់ទាំង​ការបោះឆ្នោត​និង​ការ​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត​។

​អ្នកស្រី និយាយថា​៖ «​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​សង្គម​និយម​វៀតណាម សូម​បង្កើន​នូវ​ការយកចិត្តទុកដាក់​និង​លើកកម្ពស់​ដល់​សិទ្ធិ​របស់​ស្ត្រី​ខ្មែរក្រោម​ឱ្យបាន​សកម្ម​ខ្លាំងក្លា​បំផុត​»​។​

​អ្នកស្រី បន្តថា​៖ «​សំណូមពរ​ដល់​រដ្ឋាភិបាល​វៀតណាម ដែល​កំពុង​គ្រប់គ្រង​និង​ត្រួតត្រា​ស្ត្រី​ខ្មែរក្រោម​ដោយផ្ទាល់ សូម​គោរព​សិទ្ធិមនុស្ស ជាពិសេស​ស្ត្រី​ខ្មែរក្រោម​ជា​ជនជាតិដើម​ឱ្យបាន​ត្រឹមត្រូវ​ស្របតាម​ឯកសារ​និង​ច្បាប់​ជា​គតិយុត្ត​នានា ដែល​រដ្ឋាភិបាល​វៀតណាម​បាន​ចុះហត្ថលេខា​កន្លងមក​»​។​

​ក្រៅពីនេះ អ្នកស្រី ក៏​ទទូច​ឱ្យ​នារី​ខ្មែរក្រោម ត្រូវ​សិក្សា​ស្វែងយល់​ពី​លិខិតបទដ្ឋាន​គតិយុត្ត​ដែល​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ស្ត្រី និង​ត្រូវ​ចូលរួម​ឱ្យ​សកម្ម​ក្នុងការ​លើកកម្ពស់​សិទ្ធិ​ស្ត្រី​។​

​ប្រជា​កាសែត មិនអាច​សូម​ការអត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​លោក ទូច សុ​ខៈ និង​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​លោក ប៉ែន បូ​ណា បានទេ ដោយ​ទូរ​សព្ទ​ចូល​តែ​មិនមាន​អ្នកទទួល​។​

​អ្នកចូលរួម​កម្មវិធី​មួយរូប អ្នកស្រី កែវ សុគន្ធា ដែលមាន​ឪពុក​ជា​ខ្មែរ​កម្ពុជា​ក្រោម និង​មាន​សាច់ញាតិ​ជា​ខ្មែរក្រោម​ដែល​កំពុង​រស់នៅ​ក្រោម​កា​រដឹក​នាំ​របស់​វៀតណាម និយាយថា នារី​ខ្មែរក្រោម​ភាគច្រើន​ចង់​រៀន​ភាសារ​ខ្មែរ ប៉ុន្តែ​តាម​សាលារៀន​មិនមាន​ការបញ្ចូល​កម្មវិធី​ភាសារ​ខ្មែរ​ឡើយ​។ តែ​ទោះជា​យ៉ាងណា អ្នកស្រី ថា បច្ចុប្បន្ន នៅតាម​វត្ត​អារាម​មានការ​បង្កើតជា​សាលា​ដែល​នារី​ខ្មែរក្រោម​អាច​សិក្សា​ភាសារ​ខ្មែរ​នៅ​ទី​នោះបាន​។

​អ្នកស្រី ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ទទួលស្គាល់​ខ្មែរក្រោម​ជា​ខ្មែរ និង​ទទួលស្គាល់​ពួកគេ នៅពេលដែល​រត់​ភៀសខ្លួន​ពី​ប្រទេស​វៀតណាម ដោយសារ​កត្តា​ជីវភាព​និង​ការ​ធ្វើបាប​ពី​អាជ្ញាធរ​រដ្ឋ​។​

​អ្នកស្រី បញ្ជាក់ថា​៖ «​ចង់ឱ្យ​រដ្ឋាភិបាល​យើង​ទទួលស្គាល់​ខ្មែរ​កម្ពុជា​ក្រោម​ជា​ខ្មែរ​ពិតៗ ពេលខ្លះ​សង្គម​ខ្មែរ​យើង​នៅ​កម្ពុជា​នៅលើ​នេះ ពេល​ខ្មែរក្រោម​មក ជា​ជនជាតិ​វៀតណាម​ជា​អី​វិញ តែ​តាមពិត​អ្នក​ដែល​ជនជាតិខ្មែរ​ក្រោម​គឺជា​ខ្មែរ​១០០​ភាគរយ ឱ្យ​ពួកគាត់​ទទួលស្គាល់​ផង ឬ​មកសុំ​សិទ្ធិ​រស់នៅ​ឱ្យ​ពួកគាត់​ទទួល​ចឹ​ង ព្រោះ​គ្រួសារ​ខ្លះ​នៅ​ខាង​នោះ គាត់​អាច​នឹងមាន​ការធ្វើ​បាប​ពី​ខាង​នោះ គាត់រ​ត់ម​កនៅ​នេះ​ចឹ​ង បើ​អ្នកខ្លះ​ជីវភាព​គាត់​ពិបាក​ពេក គាត់​ចង់​មក​នៅ​នេះ​»​។​

​កាលពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២៥ អ្នកជំនាញ​អង្គការសហប្រជាជាតិ បានចេញ​សេចក្ដីថ្លែងការណ៍​មួយ ដោយ​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​របាយការណ៍​នៃ​ការកើនឡើង​ការគាបសង្កត់​លើ​ជនជាតិដើម​ភាគតិច​ខ្មែរក្រោម​នៅ​ប្រទេស​វៀតណាម រួមទាំង​អ្នកការពារ​សិទ្ធិមនុស្ស ព្រះសង្ឃ និង​អ្នកតស៊ូ​មតិ​សិទ្ធិ​វប្បធម៌​។ ក្នុងនោះ យ៉ាងហោច​ព្រះសង្ឃ​ខ្មែរក្រោម សកម្មជន​សហគមន៍ និង​អ្នកការពារ​សិទ្ធិមនុស្ស​ចំនួន​១៧​អង្គ​/​នាក់ ត្រូវបាន​ចាប់ខ្លួន​។​

​អ្នកជំនាញ បាន​និយាយថា​៖ «​យើង​ជំ​រុញឱ្យ​រដ្ឋាភិបាល​វៀត​ណា​ម​ទទួលស្គាល់ និង​ការពារ​សិទ្ធិ​ជនជាតិដើម​ភាគតិច ជនជាតិភាគតិច​សាសនា និង​អ្នកការពារ​សិទ្ធិ​ទាំងនេះ ស្របតាម​ស្តង់ដា​សិទ្ធិមនុស្ស​អន្តរជាតិ​»៕

Leave a Reply

Your email address will not be published.