អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន​សកម្មជន​ខ្មែរក្រោម​វ័យ ៧២​ឆ្នាំ ម្នាក់ទៀត​

អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន​សកម្មជន​ខ្មែរក្រោម​វ័យ ៧២​ឆ្នាំ ម្នាក់ទៀត​

​អាជ្ញាធរ​វៀតណាម បាន​ចាប់ខ្លួន​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម លោកស្រី ចូ​វ ធី ទៀង (Châu Thị Thiện) អាយុ ៧២ ឆ្នាំ នៅ​ទីក្រុង​ព្រែក​ឫស្សី (Cần Thơ) កាលពី​ថ្ងៃទី ១៩ ខែមិថុនា ដោយ​មិនទាន់​បញ្ជាក់​ពីបទ​ចោទប្រកាន់​ជា​ផ្លូវការ​ណាមួយ​នៅឡើយ ។ ករណីនេះ បាន​បង្ក​ការព្រួយបារម្ភ​ជាថ្មី​ពី​សំណាក់​អង្គការ សង្គម​ស៊ីវិល​ខ្មែរ​កម្ពុជា​ក្រោម និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​តាមដាន​ស្ថានភាព​សិទ្ធិមនុស្ស នៅ​ដែនដី​កម្ពុជា​ក្រោម ។​

​អង្គការសិទ្ធិមនុស្ស​ខ្មែរ​កម្ពុជា​ក្រោម និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចាត់ទុក​ការចាប់ខ្លួន​នេះ ថា ជា​ផ្នែក​មួយ​នៃ​ការបន្ត​បង្ក្រាប​លើ​សកម្មជន ដែល​ធ្វើ​ការងារ​ផ្នែក​សិទ្ធិមនុស្ស សេរីភាព​សាសនា និង​ការផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ការរំលោភ​សិទ្ធិ​ជនជាតិដើម​ខ្មែរក្រោម ។ អង្គការ​ទាំងនេះ អះអាងថា អាជ្ញាធរ​វៀតណាម​បាន​ប្រើប្រាស់​មាត្រា ៣៣១ នៃ​ក្រមព្រហ្មទណ្ឌ ដើម្បី​ចោទប្រកាន់ និង​ឃុំខ្លួន​សកម្មជន​ខ្មែរក្រោម​ជា​បន្តបន្ទាប់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ។​

​លោកស្រី ចូ​វ ធី ទៀង គឺជា​សកម្មជន​ខ្មែរក្រោម​ទី ១៩ ដែល​ត្រូវបាន​អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន​ចាប់តាំងពី​ដើមឆ្នាំ ២០២៣ មក ។ អ្នកតាមដាន​សិទ្ធិមនុស្ស​នៃ​អង្គការ សង្គម​ស៊ីវិល​ខ្មែរ​កម្ពុជា​ក្រោម និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម យល់ថា ករណី​របស់​លោកស្រី ចូ​វ ធី ទៀង អាច​ប្រឈម​នឹង​បទ​ចោទ ដូច​សកម្មជន​ខ្មែរក្រោម​ដទៃទៀត ដែល​ត្រូវបាន​ចោទ​ពីបទ «​កេងចំណេញ​លើ​សិទ្ធិសេរីភាព និង​លទ្ធិប្រជាធិបតេយ្យ បំពាន​លើ​ផលប្រយោជន៍​រដ្ឋ​» ។​

​គិត​មកទល់ពេលនេះ សកម្មជន​ខ្មែរក្រោម និង​ព្រះសង្ឃ​ចំនួន ១១​អង្គ និង​រូប កំពុង​ជាប់ឃុំ រួមមាន លោក តោ ហ្វា​ង ចឿ​ង​, លោក ថាច់ កឿង​, លោក យ័​ញ មិញ ក្វាង​, ព្រះតេជព្រះគុណ ថាច់ ចន្ទ​តារា​, លោក គឹម ឃីម​, ព្រះតេជព្រះគុណ យឿ​ង ខាយ​, ព្រះតេជព្រះគុណ គឹម សំ​រិន្ទ​, លោក ថាច់ ង៉ា​, លោក ថាច់ ស្វឹ​ង​ដុង​, លោកស្រី ថាច់ ធី វ៉ា​រី និង​លោក ថាច់ ចាន់​ត្រា ។ ចំណែក​សកម្មជន និង​ព្រះសង្ឃ ៧ អង្គ និង​រូប​ផ្សេងទៀត ត្រូវបាន​ដោះលែង​វិញ បន្ទាប់ពី​ជាប់ឃុំ​ក្រោម​បទ​ចោទ​ដូចគ្នា ។​

​ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​ខ្មែរ​កម្ពុជា​ក្រោម ចាត់ទុកថា ការចាប់ខ្លួន​សកម្មជន​ជា​បន្តបន្ទាប់​នេះ ឆ្លុះបញ្ចាំង​ពី​ការ​រឹតត្បិត​កាន់តែខ្លាំង​លើ​សិទ្ធិ និង​សេរី​ភាពជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ខ្មែរក្រោម ខណៈ​សហគមន៍​អន្តរជាតិ​កំពុង​បន្ត​ឃ្លាំមើល និង​បង្ហាញ​ក្តីបារម្ភ​ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស នៅ​កម្ពុជា​ក្រោម ៕​

Leave a Reply

Your email address will not be published.