ប៉ូលិសខេត្ត​លង់​ហោរ (​វិញ​ឡុង​) អានដីកាចាប់ឃុំខ្លួនបណ្តោះអាសន្ន លោក ថាច់ ចាន់ត្រា ។ រូបៈ CONGAN.VINHLONG.GOV.VN

អាជ្ញាធរ​វៀតណាម នៅ​ខេត្ត​លង់​ហោរ (​វិញ​ឡុង​) ដែល​ពីមុន​ជា​ខេត្ត​ព្រះ​ត្រពាំង បាន​ចាប់ខ្លួន​សកម្មជន​ខ្មែរក្រោម​ម្នាក់ទៀត គឺ​លោក ថាច់ ច​ន្ត្រា (Thạch Chanh Tra) ក្រោម​បទ​ចោទ «​កេងចំណេញ​លើ​សិទ្ធិសេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​» តាម​មាត្រា ៣៣១ នៃ​ក្រមព្រហ្មទណ្ឌ​វៀតណាម ។​

​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​សមត្ថកិច្ច​នគរបាល​ខេត្ត​លង់​ហោរ ចេញផ្សាយ​នៅ​ថ្ងៃទី ២៩ ខែមេសា អាជ្ញាធរ​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន​លោក ថាច់ ច​ន្ត្រា អាយុ ៥៣ ឆ្នាំ រស់នៅ​ភូមិ​ទ្រ​ព្រះបាទ ខេត្ត​ព្រះ​ត្រពាំង (​លង់​ហោរ​) ដើម្បី​បើក​ការស៊ើបអង្កេត ។​

​អាជ្ញាធរ​វៀតណាម អះអាងថា លោក ថាច់ ច​ន្ត្រា បាន​ប្រើប្រាស់​បណ្ដាញ​សង្គម ដើម្បី​ផ្សព្វផ្សាយ និង​ចែករំលែក​ព័ត៌មាន​ដែល​ពួកគេ​ចាត់ទុកថា មិន​ពិត ព្រមទាំង​ចូលរួម​ពិភាក្សា​អំពី​បញ្ហានយោបាយ និង​សាសនា ដែល​រដ្ឋាភិបាល​វៀតណាម​ចាត់ទុកថា ជាការ​បង្ខូច​គោលនយោបាយ​រដ្ឋ និង​បង្ក​ការបែកបាក់​សាមគ្គីភាព​ជាតិ ។​

​កន្លងមក អាជ្ញាធរ​វៀតណាម ធ្លាប់​ចាប់ខ្លួន និង​ផ្ដន្ទាទោស​សកម្មជន​ខ្មែរក្រោម និង​ព្រះសង្ឃ​ខ្មែរក្រោម​ជាច្រើន​នាក់ ក្រោម​បទ​ចោទ​ប្រហាក់ប្រហែលគ្នា ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​សិទ្ធិសេរីភាព​បញ្ចេញមតិ សិទ្ធិ​សាសនា និង​ការទាមទារ​សិទ្ធិ​ជនជាតិដើម ។​

​ក្នុងនោះ អាជ្ញាធរ​វៀតណាម បាន​ចាប់​ផ្សឹក និង​ដាក់ពន្ធនាគារ​ព្រះសង្ឃ​ខ្មែរក្រោម​ល្បីឈ្មោះ​ជាច្រើន​អង្គ ដូចជា ព្រះតេជព្រះគុណ ថាច់ ចន្ទ​តារា ព្រះចៅអធិការ​វត្ត​ប្រជុំ​ពល​មង្គលបុរី ហៅ​វត្ត​ទ្រនំ​សេក និង​ព្រះតេជព្រះគុណ យឿ​ង ខាយ ដែលជា​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម​ដ៏​សកម្ម ជាដើម​។ រីឯ​សកម្មជន​ខ្មែរក្រោម​មួយចំនួន​ផ្សេងទៀត ក៏​ត្រូវបាន​កាត់ទោស​ដា​ក់​ពន្ធនាគារ ពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​លើ​បណ្ដាញ​សង្គម ឬ​ការតវ៉ា​ទាមទារ​សិទ្ធិសេរីភាព​សាសនា និង​សិទ្ធិ​ដីធ្លី ។​

​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKF) តែង​រិះគន់​ជា​បន្តបន្ទាប់​ថា អាជ្ញាធរ​វៀតណាម ប្រើប្រាស់​ច្បាប់​សន្តិសុខ និង​បទ​ចោទ​ពាក់ព័ន្ធ​នឹង «​សន្តិសុខ​ជាតិ​» ឬ «​រំលោភ​ផលប្រយោជន៍​រដ្ឋ​» ដើម្បី​បង្ក្រាប​សំឡេង​រិះគន់ និង​សកម្មភាព​របស់​ជនជាតិ​ដើម​ខ្មែរក្រោម ។​

​ដោយឡែក រដ្ឋាភិបាល​វៀតណាម តែង​បដិសេធ​ការចោទប្រកាន់​ទាំងនេះ និង​អះអាងថា ខ្លួន​គោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​សាសនា​របស់​ប្រជាពលរដ្ឋ​គ្រប់​ជនជាតិ ស្របតាម​ច្បាប់​វៀតណាម ៕​

Leave a Reply

Your email address will not be published.