នៅថ្ងៃទី៧ ឧសភា ពលរដ្ឋខ្មែរក្រៅប្រទេសបានធ្វើបាតុកម្មនៅមុខទីស្នាក់ការរបស់អង្គការសហប្រជាជាតិក្នុងក្រុងហ្សឺណែវ ប្រទេសស្វ៊ីសដើម្បីទាមទារឱ្យវៀតណាមដោះលែងពលរដ្ឋខ្មែរក្រោម ១៣អង្គ/នាក់ដែលកំពុងជាប់ឃុំឃាំងនៅក្នុងពន្ធនាគារវៀតណាម។ បាតុកម្មនេះធ្វើឡើងចំពេលដែលតំណាងវៀតណាមចូលរួមកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិស្តីពីការពិនិត្យ និងតាមដានឡើងវិញជាសាកលតាមកាលកំណត់ជុំទី៤។
ពលរដ្ឋខ្មែររស់នៅក្រៅប្រទេសមកពីបារាំង អ៊ីតាលី ស្វីស ហូឡង់ និងបណ្តាប្រទេសនៅអ៊ឺរ៉ុបផ្សេងទៀតបាននាំគ្នាធ្វើបាតុកម្មនៅខាងមុខទីស្នាក់ការរបស់អង្គការសហប្រជាជាតិក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ តាមសារព័ត៌មានសំឡេងកម្ពុជាក្រោម (VOKK) ដែលបានចុះយកព័ត៌មានផ្ទាល់ មានពលរដ្ឋប្រមាណជាង ១០០អង្គ/នាក់បានចូលរួមធ្វើបាតុកម្មនេះ ដើម្បីទាមទារឱ្យរដ្ឋាភិបាលវៀតណាមដោះលែងពលរដ្ឋខ្មែរក្រោម ដែលកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារវៀតណាមចំនួន ១៣អង្គ/នាក់។ បាតុកម្មរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះធ្វើឡើង ចំពេលដែលតំណាងប្រទេសវៀតណាមចូលរួមនៅក្នុងកិច្ចប្រជុំមួយរបស់អង្គការសហប្រជាជាតិស្តីពីការពិនិត្យ និងតាមដានឡើងវិញជាសាកលតាមកាលកំណត់ជុំទី៤។
នៅក្នុងកិច្ចប្រជុំមួយនេះដែរ វៀតណាមក៏ត្រូវឆ្លើយបំភ្លឺ ចំពោះអង្គការសហប្រជាជាតិអំពីការសន្យារបស់ខ្លួន ក្នុងការអនុវត្តអនុសាសន៍ ដែលដាក់ជូនដោយប្រទេសជាសមាជិកអង្គការសហប្រជាជាតិ នាកិច្ចប្រជុំត្រួតពិនិត្យជុំទី៣ កាលពីឆ្នាំ ២០១៩។ សម្រាប់ក្រុមបាតុករ ការចូលរួមធ្វើបាតុកម្មនៅខាងមុខទីស្នាក់ការអង្គការសហប្រជាជាតិពេលនេះ ជាការបង្ហាញឱ្យសហគមន៍អន្តរជាតិបានឃើញថា សេចក្តីថ្លែងការណ៍ និងការធ្វើរបាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្សរបស់រដ្ឋាភិបាលវៀតណាម ជារឿងមិនពិត និងជាការភូតភរកុហកសហគមន៍អន្តរជាតិ។
ក្រុមបាតុករខ្មែរនៅក្រៅប្រទេសចាត់ទុកការចាប់ឃុំពលរដ្ឋខ្មែរទាំង ១៣អង្គ/នាក់របស់រដ្ឋវៀតណាម ក្នុងរយៈពេលជាង៦ខែកន្លងទៅជាអំពើអយុត្តិធម៌ ជិះជាន់ ឈ្លានពាន និងជាការបំបិទសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរក្រោមនៅវៀតណាម។ ក្នុងន័យនេះ ក្រុមបាតុករទាមទារឲ្យរដ្ឋវៀតណាមដោះលែងពលរដ្ឋខ្មែរក្រោម ជាប់ឃុំទាំងអស់ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ។ គួររម្លឹកថា ពលរដ្ឋខ្មែរក្រោមទាំង ១៣អង្គ/នាក់ត្រូវបានអាជ្ញាធរវៀតណាម សម្រេចកាត់ទោស និងចាប់ឃុំក្នុងបទរំលោភបំពានច្បាប់រដ្ឋវៀតណាម។
ដើម្បីបន្តទាមទារដាក់សម្ពាធឱ្យវៀតណាម ដោះលែងពលរដ្ឋខ្មែរក្រោមទាំង១៣នាក់នេះដែរ សហព័ន្ធខ្មែរកម្ពុជាក្រោមបានប្រកាសពីគម្រោងដឹកនាំបន្តធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម ក្នុងប្រទេសផ្សេងទៀត ដូចជានៅទីក្រុងប៉ារីស ប្រទេសបារាំងនាថ្ងៃទី១១ ឧសភា និងនៅទីក្រុងអូតាវ៉ា ប្រទេសកាណាដា៕

Leave a Reply