តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នាំយក​ស្បៀងអាហារ​ចែកជូន​ដល់​ជនភៀសសឹក​នៅ​ស្រុក​វាលវែង ខេត្តពោធិ៍សាត់​

តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម នាំយកស្បៀងអាហារចែកជូនដល់ជនភៀសសឹកនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៦។ រូបៈ ស៊ឺន ចែងចើន

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​តំបន់​ប្រទេស​កម្ពុជា នាំយក​អំណោយ​ជា​សម្ភារ​គ្រឿង​ឧបភោគបរិភោគ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក សម្រាប់​ផ្តល់ជូន​ប្រជាពលរដ្ឋ​ភៀស​សឹក ដែល​មក​ស្នាក់នៅ​មណ្ឌល​សុវត្ថិភាព ក្រោយ​ការឈ្លានពាន​របស់​យោធា​ថៃ ចាប់តាំងពី​ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៥ ។​

​ប្រធាន សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​តំបន់​ប្រទេស​កម្ពុជា លោក តាំង សារៈ នៅ​ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៦ បាន​ដឹកនាំ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម រួមមាន លោក សឺ​ន យឿ​ង ប្រធាន​លេខាធិការដ្ឋាន នៃ អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​ប្រធាន​ប្រតិបត្តិ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ តំណាង​ព្រះសង្ឃ​វត្ត​សាមគ្គី​រង្សី ហៅ​វត្ត​ខ្មែរ​កម្ពុជា​ក្រោម តំណាង​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម និង​តំណាង​ព្រះសង្ឃ​ខ្មែរក្រោម កុដិ​លេខ ១៩ វត្ត​នាគ​វ័​ន្ត និមន្ត និង​អញ្ជើញ​ចុះ​សំណេះសំណាល សួរសុខទុក្ខ និង​នាំយក​ស្បៀងអាហារ និង​សម្ភារ​ផ្សេងៗ របស់​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង​ហ្វី​ឡា​ឌែ​ល​ហ្វី​យ៉ា (Philadelphia) នៃ រដ្ឋ​ភែ​ន​ស៊ី​ល​វែ​ន​ញ៉ា (Pennsylvania) សហរដ្ឋអាមេរិក ដើម្បី​ចែកជូន​ប្រជាពលរដ្ឋ​ជា​ជនភៀសសឹក​ចំនួន ១៥០ គ្រួសារ កំពុងស្នាក់នៅ​ក្នុង​ជំរំ​ភៀស​សឹក​ជា​បណ្តោះអាសន្ន ស្ថិតនៅក្នុង​វត្ត​ប្រមោយ ក្នុង​ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ។​

​ក្នុងឱកាស​នោះ លោក តាំង សារៈ បាន​ថ្លែង​ពី​ស្មារតី «​ខ្មែរ​តែមួយ​» ទោះ​ខ្មែរ​កណ្តាល​ស្ថិតក្នុង​ស្ថានភាព​ណាក៏ដោយ ក៏​ខ្មែរក្រោម​មិនដែល​បោះបង់ចោល​ឡើយ​។ លោក​បាន​លើកឡើងថា ដោយ​មើលឃើញ​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​កម្ពុជា​កណ្តាល គឺជា​ការឈឺចាប់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ក្រោម​ដែរនោះ ទើប​ធ្វើឱ្យ​ខ្មែរក្រោម នៅ​គ្រប់ទិសទី នាំគ្នា​រៃអង្គាស​ជំនួយ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​គ្រា​លំបាក​នៅ​ចំពោះមុខ ដែល​ត្រូវបាន​ជម្លៀស​ចេញពី​លំនៅឋាន ដោយសារ​ខេត្ត​នៅជាប់​ព្រំដែន ទទួលរង​ផល​ប៉​ពាល់​ពី​សង្គ្រាម​ឈ្លានពាន​របស់​សៀម​មកលើ​បូរណភាព​ទឹកដី និង​ដែន​អធិបតេយ្យ​កម្ពុជា ។​

​ចំណែក​តំណាង​អាជ្ញាធរ​មូលដ្ឋាន​គឺ​លោក ធាង ឡេង អភិបាល នៃ​គណៈ​អភិបាលស្រុក​វាលវែង បាន​ថ្លែងអំណរគុណ ចំពោះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក្រុមការងារ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម សប្បុរសជន និង​ម្ចាស់ជំនួយ​ទាំងអស់ ដែល​បាន​នាំយក​អំណោយ​ជា​ស្បៀងអាហារ សម្រាប់​ចែកជូន​ពលរដ្ឋ​ភៀស​សឹក ដែល​កំពុង​ខ្វះខាត​នាពេលនេះ​។​

​អំណោយ ដែល​បាន​ប្រគល់ជូន​ជនភៀសសឹក​សរុប​ចំនួន ១៥០ គ្រួសារ ដែល​ក្នុងនោះ​មួយ​គ្រួសារ​ទទួលបាន អង្ករ​ចំនួន ១០ គីឡូក្រាម​, មី​មួយ​កេស (៣០ កញ្ចប់​), ត្រីខកំប៉ុង ១ យួរ (៦ កំប៉ុង​), ទឹកត្រី ១ យួរ ( ៦ ដប​) និង​ទឹកស៊ីអ៊ីវ ១ យួរ ( ៦ ដប​) ។​

​គួរ​រំឭក​ផងដែរ​ថា នេះ​ជា​លើក​ទី​ប្រាំ​ហើយ ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចុះ​ចែក​ជំនួយ​ដល់​ពលរដ្ឋ​ជនភៀសសឹក ដែល​រង​ផលប៉ះពាល់​នៃ​សង្គ្រាម​ឈ្លានពាន​របស់​សៀម​មកលើ​ប្រទេស​កម្ពុជា ទាំងពីរ​លើក​នោះ រួមមាន​ខេត្តសៀមរាប ខេត្តឧត្ដរមានជ័យ ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ និង​ខេត្តពោធិ៍សាត់ ជាដើម​៕​

Leave a Reply

Your email address will not be published.