សមាគមខ្មែរកម្ពុជាក្រោម ស្នើឲ្យវៀតណាមបើកលំហសិទ្ធិសេរីភាពឱ្យពលរដ្ឋខ្មែរក្រោម នៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៦ សមាគមខ្មែរកម្ពុជាក្រោមបានដាក់ញត្តិមួយទៅលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម។ ញត្តិនេះត្រូវបានសមាគមខ្មែរកម្ពុជាក្រោម ដាក់តាមរយៈស្ថានទូតវៀតណាមប្រចាំកម្ពុជា និងធ្វើឡើង មុនលោក តូ ឡឹម ផ្តើមទស្សនកិច្ចនៅកម្ពុជានាចុងសប្តាហ៍នេះ។ នៅក្នុងញត្តិ សមាគមខ្មែរកម្ពុជាក្រោម បានទាមទារឱ្យរដ្ឋាភិបាលវៀតណាម ទទួលស្គាល់ពលរដ្ឋខ្មែរក្រោមជាជនជាតិដើមពេញសិទ្ធិ ផ្តល់សិទ្ធិដល់ជនជាប់ចោទជាពលរដ្ឋខ្មែរក្រោម ឲ្យមានមេធាវីដើម្បីការពារក្តី និងទទូចឲ្យធ្វើវិសោធនកម្មច្បាប់ ដែលគំរាមកំហែងដល់សិទ្ធិរស់នៅរបស់ពលរដ្ឋខ្មែរក្រោម។
នៅប៉ុន្មានថ្ងៃមុនដំណើរទស្សនកិច្ចរបស់លោក តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនៅកម្ពុជា សមាគមខ្មែរកម្ពុជាក្រោម បានទទូចតាមរយៈញត្តិរបស់ខ្លួនឱ្យរដ្ឋាភិបាលវៀតណាម អនុវត្តច្បាប់ឲ្យបានត្រឹមត្រូវចំពោះជនជាប់ចោទជាពលរដ្ឋខ្មែរក្រោម ពោលត្រូវផ្តល់សិទ្ធិឱ្យពួកគេមានមេធាវីដើម្បីការពារក្តី។
ទន្ទឹមគ្នានេះ និងបើតាមញត្តិដដែល សមាគមខ្មែរកម្ពុជាក្រោម ក៏បានស្នើយ៉ាងទទូចឱ្យរដ្ឋាភិបាលវៀតណាមផ្តល់សិទ្ធិឱ្យគណៈពុទ្ធសាសនាថេរវាទខ្មែរក្រោម មានសមាគមមួយដាច់ដោយឡែក ដើម្បីផ្តល់ភាពងាយស្រួលដល់ការប្រណិប័តន៍ធម៌វិន័យស្របទៅតាមគោលការណ៍ និងពុទ្ធប្បញ្ញត្តិរបស់សាសនា។
សមាគមខ្មែរកម្ពុជាក្រោម ក៏បានស្នើផងដែរឲ្យរដ្ឋសភាវៀតណាម ធ្វើវិសោធនកម្មច្បាប់លើមាត្រា ៣៣១ នៃក្រមព្រហ្មទណ្ឌវៀតណាមឱ្យស្របតាមរដ្ឋធម្មនុញ្ញ សេចក្ដីប្រកាស និងកតិកាសញ្ញានានាស្ដីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដែលវៀតណាម ជាប្រទេសហត្ថលេខី។ អ្វីដែលសមាគមខ្មែរកម្ពុជាក្រោមចង់ឲ្យវៀតណាមធ្វើ គឺការទទួលស្គាល់ពលរដ្ឋខ្មែរក្រោមជាផ្លូវការថាជាជនជាតិដើមពេញសិទ្ធិ។
សូមជម្រាបថា លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមនឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នាថ្ងៃសុក្រ ទី ៦ ខែកុម្ភៈ ឆ្នាំ២០២៦ សប្តាហ៍នេះ។
ការទាមទាររបស់សមាគមខ្មែរកម្ពុជាក្រោមពេលនេះ បន្ទាប់ពីសមាគមបានសង្កេតឃើញថា សិទ្ធិរបស់ពលរដ្ឋខ្មែរក្រោមមិនត្រូវបានរដ្ឋាភិបាលវៀតណាមគោរព និងផ្តល់តម្លៃពេញលេញទេ។ អ្វីជាការកត់សម្គាល់ នេះមិនមែនជាលើកទីមួយទេ ដែលសមាគមខ្មែរកម្ពុជាក្រោម ទទូច និងទាមទារឱ្យរដ្ឋាភិបាលវៀតណាមគោរពសិទ្ធិ និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរកម្ពុជាក្រោម។
កាលពីខែតុលា ឆ្នាំ២០២៥ កន្លងទៅ សមាគមខ្មែរកម្ពុជាក្រោមបានដាក់ញត្តិទៅកាន់ប្រទេសសមាជិកអាស៊ាន ដើម្បីស្នើសុំកិច្ចអន្តរាគមន៍លើករណីអាជ្ញាធរវៀតណាមចាប់ព្រះសង្ឃ និងសកម្មជនខ្មែរក្រោមចំនួន ១៦អង្គ/ នាក់ដាក់ពន្ធនាគារ។ នៅក្នុងញត្តិកាលណោះ សមាគមខ្មែរកម្ពុជាក្រោមបានសង្កត់ធ្ងន់ថា អាជ្ញាធរវៀតណាមបានរំលោភយ៉ាងធ្ងន់ធ្ងរដល់សេរីភាពក្នុងការបញ្ចេញមតិ សេរីភាពសាសនា ព្រមទាំងសេរីភាពនៃការប្រើប្រាស់ភាសាដើមរបស់ពលរដ្ឋខ្មែរក្រោម៕

Leave a Reply