វៀតណាម​ចាប់ខ្លួន​សកម្មជន​ស្ត្រី​ខ្មែរក្រោម ធ្វើឱ្យ​កូនប្រុស​ដង្ហោយ​រក​យុត្តិធម៌​

អ្នកស្រី ចូវ ធី ធៀន(Châu Thị Thiện) សកម្មជនខ្មែរកម្ពុជាក្រោម។

វៀតណាម​ចាប់ខ្លួន​សកម្មជន​ស្ត្រី​ខ្មែរក្រោម ធ្វើឱ្យ​កូនប្រុស​ដង្ហោយ​រក​យុត្តិធម៌​។ កូនប្រុស​របស់​អ្នកស្រី ចូ​វ ធី ធៀន (CHÂU THỊ THIỆN) សកម្មជន​ខ្មែរ​កម្ពុជា​ក្រោម ស្នើសុំ​អន្តរាគមន៍​ឱ្យ​អាជ្ញាធរ​ប្រទេស​វៀតណាម​ដោះលែង​ម្ដាយ​គាត់​ពី​ពន្ធនាគារ​វិញ ព្រោះ​គាត់​យល់ថា​ការចាប់ខ្លួន​នេះ​ជា​រឿង​អយុត្តិធម៌​។​

​ការស្នើសុំ​នេះ​ធ្វើឡើង​បន្ទាប់ពី​សមត្ថកិច្ច​ប្រទេស​វៀតណាម​បាន​ចាប់ខ្លួន​សកម្មជន​ខ្មែរ​កម្ពុជា​ក្រោម អ្នកស្រី ចូ​វ ធី ធៀន (CHÂU THỊ THIỆN) វ័យ ៧២ ឆ្នាំ កាលពី​ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៦​។​

​ថ្លែងប្រាប់​ប្រជា​កាសែត លោក ចូ​វ យាវ ដែលជា​កូនប្រុស​របស់​អ្នកស្រី ចូ​វ ធី​ធៀន យល់ថា ការដែល​សមត្ថកិច្ច​ចាប់ខ្លួន​ម្ដាយ​គាត់​ដាក់ពន្ធនាគារ​ជា​រឿង​អយុត្តិធម៌ ព្រោះ​ម្ដាយ​លោក​មិនបាន​ប្រព្រឹត្ត​ខុស​នោះទេ​។ លោក​ប្រាប់ថា អាជ្ញាធរ​ប្រទេស​វៀតណាម​មិន​អនុញ្ញាតឱ្យ​លោក​ជួ​ជួប​ម្ដាយ​លោក​ទេ​បន្ទាប់ពី​ការចាប់ខ្លួន ការណ៍​នេះ​ធ្វើឱ្យ​លោក​បារម្ភ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ផ្សេងៗ​ពី​សំណាក់​អាជ្ញាធរ​។​

«​យល់ឃើញថា​អយុត្តិធម៌ ម្ដាយ​ខ្ញុំ​គាត់​គ្មាន​កំហុស​អី​ទាំងអស់ មក​ចាប់​យកទៅដាក់​ឃុំខ្លួន​គាត់​អ៊ីចឹង​ឃើញ​អយុត្តិធម៌​[…] សុំ​ស្នើឱ្យ​ម្ដាយ​ខ្ញុំ​មាន​សុខ​ភាពល្អ កុំ​ធ្វើបាប​ធ្វើទុក្ខបុកម្នេញ​គាត់​អី ហើយ​សូម​នគរបាល​យួន​ជួយ​ដោះលែង​គាត់​ឱ្យបាន​ពេញលេញ​មកវិញ​»​។​

​តាមរយៈ​គេហទំព័រ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចុះផ្សាយ​នៅ​ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ បាន​ដកស្រង់​សេចក្តីជូនដំណឹង​របស់​ទីភ្នាក់ងារ​ស៊ើបអង្កេត​សន្តិសុខ​នៃ​ប៉ូលីស​ក្រុង CAN THO ថា សមត្ថកិច្ច​ប្រទេស​វៀតណាម​បាន​ចាប់ខ្លួន​សកម្មជន​កម្ពុជា​ក្រោម អ្នកស្រី ចូ​វ ធី ធៀន (CHÂU THỊ THIỆN) និង​ឃុំខ្លួន​គាត់​បណ្ដោះអាសន្ន តែ​មិនបាន​បញ្ជាក់​ពីបទ​ចោទ​ឡើយ​។ ក៏ប៉ុន្តែ​បន្ទាប់ពី​អាជ្ញាធរ​បាន​ឆែកឆេរ​ផ្ទះ​របស់​អ្នកស្រី ចូ​វ ធី ធៀន រួច សមត្ថកិច្ច​បានចេញ​កំណត់ត្រា​ដាច់ដោយឡែក​មួយទៀត ដោយបាន​បញ្ជាក់ថា សកម្មជន​រូបនេះ​ត្រូវបាន​ចោទប្រកាន់​ពីបទ «​រំលោភ​លើ​សេរីភាព​ប្រជាធិបតេយ្យ ដើម្បី​រំលោភ​លើ​ផលប្រយោជន៍​របស់​រដ្ឋ សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​អង្គការ និង​បុគ្គល​» តាម​មាត្រា ៣៣១ នៃ​ក្រមព្រហ្មទណ្ឌ​វៀតណាម​។​

​ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺ​ន ជុំ​ជួន ប្រាប់​អ្នកកាសែត​ថា គិត​ចាប់ពី​ឆ្នាំ ២០២៣ ដល់​ខែមិថុនា ឆ្នាំ ២០២៦ នេះ សមត្ថកិច្ច​ប្រទេស​វៀតណាម​បាន​ចាប់ខ្លួន​សកម្មជន​ខ្មែរ​កម្ពុជា​ក្រោម​ជា​បន្តបន្ទាប់​ចំនួន ១៣ នាក់ និង​ព្រះសង្ឃ ៦ អង្គ ក្នុង​នោះបាន​ដោះលែង​សកម្មជន ៤ នាក់ និង​ព្រះសង្ឃ ៣ អង្គ​វិញ ដោយសារ​ពួកគេ​ខ្លះ​អនុវត្ត​ទោស​ចប់ និង​ខ្លះទៀត​ត្រូវបាន​លើកលែងទោស​។​

​«​យើង​សង្កេតឃើញ​ទៅលើ​សកម្មភាព​របស់​ពួកគាត់ ទាំង​ព្រះសង្ឃ​ទាំង​គ្រហស្ថ ដែល​យើង​ហៅថា​ជា​សកម្មជន​ក៏បាន គឺ​ការធ្វើការ​របស់​ពួកគាត់​គឺ​ដោយ​អនុលោម​ទៅតាម​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ជាពិសេស​អនុលោម​ទៅតាម​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ នយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និង​អនុលោម​ទៅតាម​សេចក្ដីប្រកាស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិដើម​[…] ផ្ទុយទៅវិញ អាជ្ញាធរ​វៀតណាម​ទេ​ជា​អ្នក​បំពាន​ទៅលើ​សិទ្ធិ​របស់​ពួកគាត់​»​។​

​ករណីនេះ លោក សឺ​ន ជុំ​ជួន ស្នើសុំ​រដ្ឋាភិបាល​ប្រទេស​វៀតណាម​អនុវត្តតាម​គោលការណ៍​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ឱ្យបាន​ពេញលេញ ក្នុងនាម​ប្រទេស​នេះ​ជា​សមាជិក ព្រមទាំង​ស្នើសុំ​ឱ្យ​ប្រទេស​ក្បែរ​ខាង​មួយ​នេះ ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំងឡាយណា​ដែល​ប៉ះពាល់​ដល់​សិទ្ធិមនុស្ស​។​

«​ជាពិសេស​ច្បាប់​ដែល​ចូល​ជា​ធរមាន​របស់​វៀតណាម​ហ្នឹង គឺមាន​លក្ខណៈ​មិនទាន់មាន​សុក្រឹតភាព​ជាមួយនឹង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ទេ ច្បាប់​ក្នុងស្រុក​របស់​វៀតណាម​។ ដូច្នេះ វៀតណាម​គួរតែ​ពិចារណា​ធ្វើ​វិសោធនកម្ម​ទៅលើ​ច្បាប់​ទាំងឡាយណា​ដែល​វា​ប៉ះពាល់​ទៅដល់​គោលការណ៍​សិទ្ធិមនុស្ស​»​។

នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែលមាន​ការទាមទារ​ឱ្យ​ប្រទេស​វៀតណាម​គោរព​សិទ្ធិមនុស្ស​។ កាលពី​ខែកុម្ភៈ ឆ្នាំ ២០២៦ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ធ្លាប់​បានដាក់​ញត្តិ​ទៅ​ស្ថានទូត​វៀតណាម ប្រចាំ​ទីក្រុង​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​វៀតណាម បញ្ឈប់​រាល់​ការរំលោភ​សិទ្ធិមនុស្ស សិទ្ធិ​ជនជាតិដើម​ខ្មែរក្រោម ព្រមទាំង​ដោះលែង​ព្រះសង្ឃ និង​សកម្មជន​ខ្មែរក្រោម​ទាំងអស់​ដែល​កំពុង​ជាប់ឃុំ​៕

Leave a Reply

Your email address will not be published.