សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) ថ្កោលទោសអាជ្ញាធរវៀតណាម ជុំវិញការចាប់ខ្លួន និងឃុំខ្លួនស្ត្រីខ្មែរក្រោមវ័យ ៧២ ឆ្នាំ លោកស្រី ចូវ ធី ទៀង (Châu Thị Thiện) នៅទីក្រុងព្រែកឫស្សី ដោយចាត់ទុកថា ជាការរំលោភសិទ្ធិមនុស្ស និងនីតិវិធីច្បាប់យ៉ាងធ្ងន់ធ្ងរ ។
ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃទី ២២ ខែមិថុនា សហព័ន្ធខ្មែរកម្ពុជាក្រោម ឱ្យដឹងថា អាជ្ញាធរវៀតណាមបានកោះហៅលោកស្រី ចូវ ធី ទៀង ទៅសួរចម្លើយ កាលពីថ្ងៃទី ១៩ ខែមិថុនា មុននឹងចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្នភ្លាមៗ ។ សហព័ន្ធខ្មែរកម្ពុជាក្រោម អះអាងថា អាជ្ញាធរមិនបានបង្ហាញដីកាតុលាការ ឬបញ្ជាក់ពីបទចោទប្រកាន់ឱ្យបានច្បាស់លាស់ នៅពេលចាប់ខ្លួននោះឡើយ ។
សហព័ន្ធខ្មែរកម្ពុជាក្រោម បញ្ជាក់ថា ក្រោយការចាប់ខ្លួន អាជ្ញាធរវៀតណាម បានចុះឆែកឆេរលំនៅឋានរបស់លោកស្រី និងរឹបអូសទូរស័ព្ទដៃ ព្រមទាំងសម្ភារៈមួយចំនួន ដែលពាក់ព័ន្ធនឹងអត្តសញ្ញាណជនជាតិដើមខ្មែរក្រោម ដូចជា សៀវភៅស្តីពី «សិទ្ធិជនជាតិដើម» សេចក្ដីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ទង់ជាតិកម្ពុជាក្រោម និងអាវយឺតបង្ហាញអត្តសញ្ញាណខ្មែរក្រោម ។ សហព័ន្ធខ្មែរកម្ពុជាក្រោម យល់ថា ករណីនេះបង្ហាញពីការកំណត់គោលដៅលើការបញ្ចេញមតិដោយសន្តិវិធី និងការថែរក្សាអត្តសញ្ញាណរបស់ជនជាតិដើមខ្មែរក្រោម ។
សេចក្តីថ្លែងការណ៍ដដែលឱ្យដឹងទៀតថា ក្រោយមកអាជ្ញាធរវៀតណាម បានភ្ជាប់ករណីនេះទៅនឹងបទចោទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ» តាមមាត្រា ៣៣១ នៃក្រមព្រហ្មទណ្ឌវៀតណាម ដែលក្រុមសិទ្ធិមនុស្សអន្តរជាតិជាច្រើនធ្លាប់រិះគន់ថា ត្រូវបានប្រើប្រាស់ដើម្បីបង្ក្រាបអ្នករិះគន់ និងសកម្មជនសិទ្ធិមនុស្ស ។
សហព័ន្ធខ្មែរកម្ពុជាក្រោម អំពាវនាវឱ្យរដ្ឋាភិបាលវៀតណាម ដោះលែងលោកស្រី ចូវ ធី ទៀង ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ប្រសិនបើការឃុំខ្លួនរបស់លោកស្រីពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិជាមូលដ្ឋានដោយសន្តិវិធី ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏ជំរុញឱ្យអង្គការសហប្រជាជាតិ អង្គការសិទ្ធិមនុស្ស និងសហគមន៍អន្តរជាតិ តាមដានករណីនេះ និងដាក់សម្ពាធលើវៀតណាម ឱ្យគោរពសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើមផងដែរ ៕

Leave a Reply