មនុស្ស​ជាង ៣០០ នាក់​រំលឹក​ខួប ​៧៦ ឆ្នាំ​បារាំង​ផ្ទេរ​កម្ពុជា​ក្រោម​ឱ្យវៀតណាម​គ្រប់គ្រង​ខុសច្បាប់

ពលរដ្ឋ​ខ្មែរ និងខ្មែរក្រោម​រស់​នៅ​រាជធានី​ភ្នំពេញ ចូលរួម​រំលឹក​ខួប ​៧៦ ឆ្នាំ​ បារាំង​ផ្ទេរ​កម្ពុជា​ក្រោម​ឱ្យវៀតណាម​គ្រប់គ្រង​ខុសច្បាប់។ រូប៖ ស៊ឺន ចែងចើន

មនុស្ស​ជាង ៣០០ នាក់ ​បាន​ចួប​ជុំគ្នា​នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិឌ្ឍន៍​ ក្នុង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី ០៤ មិថុនា ដើម្បី​​រំលឹក​ខួប ៧៦ ឆ្នាំ ដែល​បារាំង​ផ្ទេរ​កម្ពុជា​ក្រោម​ឱ្យវៀតណាម​គ្រប់គ្រង​ដោយ​ខុសច្បាប់ ។

​ពិធី​នេះ​ផ្ដោត​​បង្ហាញ​សារ​​ប្រាប់​ពិភព​លោក​ថា បារាំង​បាន​ផ្ទេរ​ដែនដី​កម្ពុជា​ក្រោម​ឱ្យ​វៀតណាម​ដាក់​អាណានិគម​រំលោភ​សិទ្ធិ​មនុស្ស​គ្រប់​រូបភាព​ជា​បន្ត​បន្ទាប់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។

អ្នក​ចូលរួម​ពិធី​នេះ​ ភាគច្រើន​ជា​ពលរដ្ឋ​ខ្មែរ​រស់​នៅ​រាជធានី​ភ្នំពេញ ក្រុម​យុវជន​ អង្គការ​សង្គម​ស៊ីវិល ព្រម​ទាំង​គណបក្ស​នយោបាយ​ចំនួន ០៤ រួមមាន​គណបក្ស​ឆន្ទៈ​ខ្មែរ​, គណបក្ស​ជំនាន់​ថ្មី, គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​កម្លាំង​ជាតិ ។

អនុ​ប្រធាន​​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិឌ្ឍន៍ លោក ស៊ឺន ជុំជួន ថ្លែង​ថា​ ដែនដី​កម្ពុជា​ក្រោម​គ្រប់គ្រង​ដោយ​វៀតណាម​ តើ​រដ្ឋាភិបាល​វៀតណាម​មាន​ការគោរព​សិទ្ធិ​មនុស្ស​ឬ​នៅ? លោក​ថា ចាប់តាំង​ពី​ឆ្នាំ ២០១៤ មក​ទល់​ពេល​នេះ ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​វៀតណាម នៅតែ​មាន​ការកើន​ឡើង ។

លោក​អំពាវនាវ​ឱ្យ​អ្នក​សិក្សា​ស្រាវជ្រាវ អង្គការ​សង្គម​ស៊ីវិល​ ស្ថានទូត​ប្រទេស​មហា​អំណាច​ និង អង្គការ​សហ​ប្រជាជាតិ ព្រម​ទាំង​ភាគី​ពាក់ព័ន្ធ ធ្វើការ​សិក្សា​ស្រាវជ្រាវ​ ពី​ទង្វើ​របស់​វៀតណាម ដែល​រំលោភ​សិទ្ធិ​ពលរដ្ឋ​ខ្មែរក្រោម​ ហើយ​ទាមទារ​ឱ្យ​វៀតណាម​ត្រូវ​គោរព​គោលការណ៍​សិទ្ធិ​មនុស្ស ហើយ​កែប្រែ​ប្រព័ន្ធ​ច្បាប់​របស់​វៀតណាម ​ដែល​មាន​លក្ខណៈ​រឹតត្បិត​សេរីភាព​ខ្មែរ​ក្រោម ។

លោក ស៊ឺន ជុំជួន៖ «គោល​បំណង​សំខាន់ៗ ​៥ ​ចំណុច ចំណុច​ទីមួយ ​ទិវា​ចង់​ចាំ​ដែល​បារាំង​បាន​ធ្វើ​អាណា​និគម​ដែនដី​កម្ពុជាក្រោម យើង​ចង់​បង្ហាញ​ឱ្យ​សាធារណៈ​ជន​ជាតិ និង​អន្តរជាតិ​ជ្រាប ។ ចំណុច​ទីពីរ​ យើង​ចង់​បង្ហាញ​កត្តា​ប្រវត្តិសាស្ត្រ​ដែល​មាន​ជាប់​ទាក់ទង​អ្វី​ ដែល​ជាចំណុច​សំខាន់​ផ្សា​ភ្ជាប់​រវាង​សង​កម្ពុជា និង​កម្ពុជា​ក្រោម ។ ទីបី ក្រោយ​ពី​បារាំង​ប្រគល់​អាណានិគម​ឱ្យ​វៀតណាម តើ​បងប្អូន​ខ្មែរ​ក្រោម មាន​បញ្ហា​ប្រឈម​អ្វី​ខ្លះ​ ដែល​វៀតណាម​ដាក់​អាណានិគម​ដែនដី​ខ្មែរ​ក្រោម» ។

បារាំង​ផ្ទេរ​ដែនដី​កូស័ងស៊ីន (កម្ពុជាក្រោម) ឱ្យ​វៀតណាម​នោះ គ្រប់​គ្រង​នៅ​ថ្ងៃ​ទី​ ៤ ខែ​មិថុនា​ ឆ្នាំ ១៩៤៩ មក​ទល់​ពេល​នេះ ​មាន​រយៈ​ពេល ៧៦ ឆ្នាំ​មក​ហើយ ។

ក្នុង​ពេល​កម្ពុជា​ក្រោម​ ក្រោម​ការ​គ្រប់គ្រង​ដោយ​អាណា​និគម​បារាំង (១៨៦២-១៩៤៩) បា​រាំង​បាន​ហៅ កម្ពុជា​ក្រោម​ ថា «កូស័ងស៊ីន» ។ ក្រោយ​ពី​វៀតណាម​គ្រប់គ្រង​ដែនដី​កម្ពុជា​ក្រោម​ វៀតណាម​បាន​ព្យាយាម​ប្រើ​យុទ្ធ​សាស្ដ្រ​ច្របាច់​បញ្ចូល​ទឹកដី​កូស័ង​ស៊ីន (កម្ពុជាក្រោម) ឱ្យ​ទៅ​ជា​ប្រទេស​វៀតណាម​តែ​មួយ ហើយ​យុទ្ធ​សាស្ដ្រ​នេះ ​បាន​សម្រេច​ជោគ​ជ័យ​នៅ​ថ្ងៃ​ទី ​៣០ ខែ​មេសា ឆ្នាំ១៩៧៥ ។ បច្ចុប្បន្ន វៀតណាម​ហៅ​ខ្មែរ​កម្ពុជា​ក្រោម​ថា «ខ្មែរ​ណាមបូ» ។

ប្រធាន​គណបក្ស​ជំនាន់​ថ្មី ដែល​ចូលរួម​កម្ម​វិធី​នេះ លោក មាជ សុវណ្ណារ៉ា បាន​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី ០៤ មិថុនា ​ថា លោក​សំណូមពរ​ដល់រដ្ឋបាល​ក្រុង​ហាណូយ​ ​មេត្តា​កុំ​ជាន់​ឈ្លី​សិទ្ធិ​សេរីភាព​បងប្អូន​ខ្មែរ​ក្រោម ដែល​ប្រតិបត្តិ​ជំនឿ​សាសនា ប្រពៃណី វប្បធម៌ ដែល​ជា​អត្ត​សញ្ញាណ​ជាតិ​ខ្មែរ​កម្ពុជា​ក្រោម ។

លោក ម៉ាជ សុវណ្ណារ៉ា៖ « ស្នើ​សុំ​ទៅ​រដ្ឋាភិបាល​វៀតណាម​ ឱ្យ​ជួយ​មើល​ថែរក្សា​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម ដូច​ដែល​មេ​ដឹក​នាំ​កំពូលៗ​របស់​វៀតណាម​ តែងតែ​ស្នើ​ដល់​មេ​ដឹកនាំ​កម្ពុជា​ជា​រឿយៗ ឱ្យ​យក​ចិត្ត​ទុកដាក់ លើ​ជន​ជាតិ​ខ្លួន ដែល​កំពុង​រស់​នៅ​លើ​ទឹកដី​កម្ពុជា​ មិន​ថា​បញ្ហា​សន្តិសុខ ​សុវត្ថិភាព និង​សិទ្ធិ​សេរីភាព ទៅ​នឹង​ផល​របរ​រក​ស៊ី​ប្រចាំ​ថ្ងៃ​ ដោយ​គ្មាន​ការ​រើសអើង​ជាតិ​សាសន៍ ឬ​ហិង្សា​ណា​ឡើយ» ។

យុវជន​ដែល​ចូលរួម​កម្ម​វិធី​នេះ លោក រំចង់ សំណាង ថ្លែង​មូល​ហេតុ​ដែល​លោក​ចូលរួម​ពិធី​នេះ ដើម្បី​រំលឹក​វីរភាព ឧកញ៉ា សឺន គុយ ដែល​ពលី​ជីវិត​ទាមទារ​ដែនដី​កម្ពុជា​ក្រោម។ លោក​ថា កម្ម​វិធី​នេះ​មាន​សារៈ​សំខាន់​ណាស់ ​ផ្តល់​ឱកាស​ឱ្យ​យុវជន​ស្វែង​យល់ និង​សិក្សា ដាស់​ស្មារតី​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស កុំ​ភ្លេច​ដែនដី​កម្ពុជាក្រោម និង​ពលរដ្ឋ​ខ្មែរ​ក្រោម​សាច់​ឈាម​របស់​យើង ។

លោក រំចង់ សំណាង៖ « ខ្ញុំផ្តាំ​ផ្ញើដល់​បង​ប្អូន​ខ្មែរ ក្នុង ​និង​ក្រៅ​ប្រទេស ជា​ពិសេស​យុវជន​ ធ្វើ​យ៉ាង​ណា​កុំ​ភ្លេច​ខ្លួន​ថា យើង​ជា​ខ្មែរ យើង​រក្សា​ឱ្យ​បាន​អត្តសញ្ញាណ​ជាតិ អក្សរ​ខ្មែរ​ និង​វប្បធម៌​ខ្មែរ។ យុវជន​ចូលរួម​ទាំង​អស់​គ្នា​ប្រើប្រាស់​អក្សរ​ខ្មែរ និង​វប្បធម៌ ជាដើម» ។

ដែនដី​កម្ពុជា​ក្រោម​ស្ថិត​នៅ​ប៉ែក​ខាង​កើត ឆៀង​ខាង​ត្បូង នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ។ ក្នុង​រជ្ជ​កាល ព្រះ​បាទ​ជ័យ​ជេដ្ឋាទី ២ អំឡុងឆ្នាំ ១៦១៨ – ១៦២៨ ព្រះអង្គ​មាន​មហេសី​អាណ្ណាមនាម ង្វៀន ភុក ង៉ុក វ៉ាន ត្រូវ​ជា​បុត្រី​របស់​ព្រះចៅ ង្វៀន ភុក​ ង្វៀន ។

អំឡុង​ពេល​នោះ​ ស្ដេច​អាណ្ណាម​បាន​សុំ​ខ្ចី​ដី​ខ្មែរ​ក្រោម​មួយ​ផ្នែក នៅ​ក្នុង​តំបន់​បារាជ ដូន​ណៃ កំពង់​ក្របី និង​ព្រៃនគរ​ក្នុង​រយៈ​ពេល ៥ ឆ្នាំ​ដើម្បី​ហ្វឹកហាត់​កងទ័ព ទីតាំង​ពាណិជ្ជកម្មព្រមទាំងបង្កើត​ទីស្នាក់ការ​គយ ។ ក៏​ប៉ុន្តែ​ក្រោយ​ពេល​ព្រះ​បាទ​ជ័យ​ជេដ្ឋាទី ២ សោយទិវង្គត ក្នុងឆ្នាំ ១៦២៨ លំហូរ​និគម​ជន​ជនជាតិ​អាណ្ណាម (យួន)​ បាន​​​ដឹក​​ជញ្ជូន​កូន​ចៅ​មក​កាន់​តែ​​​ច្រើន​​​​​ឡើងៗ ​​មក​ក្នុងទឹក​ដី​កម្ពុជា​។ រីឯ​ស្ដេច​អណ្ណាម​​​​​ក៏​មិន​បាន​សង​ទឹក​ដី​ខ្មែរ ​ដែល​បាន​ខ្ចី​នោះ​មក​ឱ្យ​ខ្មែរ​វិញ​ឡើយ​ រហូត​មក​ទល់​ពេល​នេះ ។

ឯកសារ​ខ្លះ​សរសេរ​ថា រាជវង្ស​ខ្មែរ​សឹងតែ​គ្រប់​រជ្ជកាល​តែងតែ​ទាមទារ​សិទ្ធិ​​ជា​ម្ចាស់​លើ​ដែនដី​កម្ពុជា​ក្រោម ប៉ុន្តែ​ភាគី​វៀតណាម​យក​លេស​ស្នើ​សុំពន្យារ​ពេល​សង​ជា​បន្ត​បន្ទាប់ ។

រីឯ​លោក​ឧកញ៉ា សឺន គុយ បាន​ប្រយុទ្ធ​តតាំង​នឹង​យួន​ក្នុង​រជ្ជកាល​ស្ដេច​យួន​ ២ ​អង្គ​គឺ ស្ដេច ម៉ិញ ម៉ាង (Minh Mang) និង ទេវ​ ទ្រី (Thieu Tri) ។ កាល​នោះ​លោក​​ពលី​ជីវិត ដោយ​សុខចិត្ត​ប្រគល់​ខ្លួន​ឱ្យ​វៀត​ណាម កាន់​ក្បាល​សម្លាប់ ដើម្បី​ប្តូរ​ឱ្យ​យួន​រក្សា​ដែនដី ប្រជា​រាស្ដ្រ ព្រះពុទ្ធសាសនា និងវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី​ខ្មែរ ឱ្យ​គង់​វង្ស​មក​ដល់​សព្វ​ថ្ងៃ​នេះ ៕

Leave a Reply

Your email address will not be published.