សហព័ន្ធខ្មែរ​កម្ពុជា​ក្រោម ​នឹង​ប្តឹង​វៀតណាម​មិន​ឲ្យ​ដាក់​បេក្ខភាព​ ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ អ.ស.ប

អ្នកនាង គឹម ពុទ្ធានី (កណ្ដាល) ​តំណាង​សហព័ន្ធ​ខ្មែរកម្ពុជាក្រោម ថ្លែងការណ៍​នៅក្នុង​កិច្ចប្រជុំ​របស់ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ស្ដីពី​ការ​ជំរុញ​ការ​ចូលរួម​របស់​ជនជាតិ​ដើម កាល​ពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ២០២៤។ រូប៖ WEBTV.UN.ORG

អង្គការ​ការពារ​សិទ្ធិមនុស្ស​ខ្មែរ​កម្ពុជាក្រោម ​គ្រោង​នឹង​ដាក់​ពាក្យ​ទៅកាន់​អង្គការសហប្រជាជាតិ​ ដើម្បី​តវ៉ា​មិន​ឲ្យ​វៀតណាម​ឈរ​ ឈ្មោះ​ជា​បេក្ខភាព​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ របស់​អង្គការ​សហប្រជាជាតិ ដោយសារ​តែ​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម​ បន្ត​ធ្វើ​ទុក្ខបុកម្នេញ​ជនជាតិ​ដើម​ខ្មែរក្រោម។

ស្របពេល​ដែល​វៀតណាម​ ប្រកាស​ចង់​ដាក់​ពាក្យ​បន្ត​ជា​សមាជិក​ប្រឹក្សា​សិទ្ធិ​មនុស្ស ​អង្គការសហប្រជាជាតិ​សម្រាប់​អាណត្តិ​ពីរ​ឆ្នាំ​ពី​ឆ្នាំ២០២៦ ដល់ឆ្នាំ ២០២៨នោះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ប្រកាស​នឹង​ប្តឹង​តវ៉ា​ទៅ​សហគមន៍​អន្តរជាតិ​ ដើម្បី​កុំ​ឲ្យ​គាំទ្រ​វៀតណាម​ បន្ត​ជា​សមាជិក​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ សហប្រជាជាតិ​បន្ត​ទៀត។ បច្ចុប្បន្ន វៀតណាម​បាន​ក្លាយ​ជា​សមាជិក​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ​ចាប់​ពី​ឆ្នាំ​ ២០១៤ ហើយ​នឹង​ផុត​អាណត្តិ​នៅ​ឆ្នាំ ២០២៥នេះ។

  • វៀតណាមបន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​ព្រះ​សង្ឃ​និង​សកម្មជន​សិទ្ធិ​កម្ពុជា​ក្រោម

នាយក​គណៈកម្មការ​ព័ត៌មាន​ នៃ​ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ សឹង យ៉ឹងរតនា ​មាន​ថេរដីកា​ថា ទោះបី​វៀតណា ម​ក្នុង​ឋានៈ​ជា​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ប៉ុន្តែ រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម​មួយ​នេះ ​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​ព្រះ​សង្ឃ​ និង​សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​​ក្រោម។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​គ្រោង​នឹង​ដាក់​ញត្តិ​ទៅ​សហគមន៍​អឺរ៉ុប​ និង​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ កុំ​ឲ្យ​បោះឆ្នោត​ឲ្យ​ប្រទេស​វៀតណាម​ ឈរ​ឈ្មោះ​ជា​ប្រធាន​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ ពីព្រោះ​ប្រទេស​វៀតណាម​ មិន​គោរព​សិទ្ធិ​មនុស្ស​ខ្មែរ​កម្ពុជា​ក្រោម។ — ព្រះតេជព្រះគុណ សឹង យ៉ឹងរតនា នាយក​គណៈកម្មការ​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម

​​​​​​​​​​​​​​​​​កាល​ពី​សប្តាហ៍​មុន​​ សហភាព​អឺរ៉ុប​ក្នុង​កិច្ច​ប្រជុំ​​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ បាន​រិះគន់​វៀតណាម ​​ប្រឆាំង​នឹង​​ការ​ចាប់​ខ្លួន​របស់​អ្នក​ធ្វើ​យុទ្ធនាការ​សិទ្ធិ​មនុស្ស ​សិទ្ធិ​ការងារ​ និង​អ្នកជំនាញ​បរិស្ថាន។ តំណាង​សហភាព​អឺរ៉ុប​ប្រាប់​កិច្ចប្រជុំ​លើក​ទី៥៨ នៃក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ នៅ​ទីក្រុង​ហ្សឺណែវ​ ថា ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ ​គួរ​តែ​ដោះលែង​ប្រជាជន ​ដែល​អាជ្ញាធរ​វៀតណាម ​បាន​ហាម​ឃាត់​មិន​ឲ្យ​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគាត់។

  • ខ្មែរក្រោយជាង១០នាក់​ត្រូវវៀតណាម​ចាប់ខ្លួន

បច្ចុប្បន្ន​វៀតណាម​ បាន​ចាប់​ព្រះសង្ឃ​ខ្មែរក្រោម ៥អង្គ និង​សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម ​៨នាក់ ​ដោយសារ​តែ​ព្រះសង្ឃ​ទាមទារ​សិទ្ធិ​សាសនា ខណៈ​សកម្មជន​ខ្មែរ​ក្រោម​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម។​​​​

ឯកអគ្គរដ្ឋទូត អ្នកស្រី ឡ៉ត ខ្នូតសិន (Lotte Knudsen) ប្រធាន​គណៈ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​អង្គការ​សហប្រជាជាតិ​ មានប្រសាសន៍​ថា អឺរ៉ុប​ព្រួយ​បារម្ភ​ចំពោះ​ការ​ចាប់​ខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​ក៏​ដូច​ជា​សិទ្ធិ​ការងារ​ អ្នកជំនាញ​បរិស្ថាន​នៅ​ក្នុង​ប្រទេស​វៀតណាម ​ដែល​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ ការ​ជួប​ប្រជុំ និង​សមាគម”។

យើង​អំពាវនាវ​ឱ្យ​វៀតណាម​ធានា​ថា សិទ្ធិមនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន​ត្រូវ​បាន​គេ​ការពារ ដូច្នេះ​សង្គម​ស៊ីវិល​អាច​ចូល​រួម​ដោយ​សេរី​ក្នុង​គ្រប់​ទិដ្ឋភាព​នៃ​ការ​អភិវឌ្ឍ ដោយ​មិន​មាន​ការ​យាយី ​ការ​បំភិតបំភ័យ ​និង​ការសងសឹក ហើយ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​អស់​ដែល​បាន​បង្ហាញ​ទស្សនៈ​របស់​ពួក​គេ​ដោយ​សន្តិវិធី។ —  ឯកអគ្គរដ្ឋទូត អ្នកស្រី ឡ៉ត ខ្នូតសិន ប្រធាន​គណៈ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​អង្គការ​សហប្រជាជាតិ

កាល​ពី​ឆ្នាំ​ ២០១៩​ អឺរ៉ុប និង​វៀតណាម​ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​EU-Vietnam។ កិច្ច​ព្រម​ព្រៀង​នេះ​ បាន​ជួយ​វៀតណាម ​ឱ្យ​ក្លាយ​ជា​ប្រទេស​នាំ​ចេញ​ធំ​បំផុត ​នៅ​អាស៊ី​អាគ្នេយ៍​ទៅ​អឺរ៉ុប។

កាល​ពី​ឆ្នាំ​២០២៤ ​វៀតណាម​បាន​ធ្វើ​ពាណិជ្ជកម្ម​ជា​មួយ ​២៧ ប្រទេស​ជា​សមាជិក​អឺរ៉ុប​មាន​ទំហំ​ទឹក​ប្រាក់​ដល់​ ៣៥ ពាន់​លាន​ដុល្លារ​។

ទោះបីជា​យ៉ាងណា​កិច្ចព្រមព្រៀង​វៀតណាម និង​អឺរ៉ុប​តម្រូវ​ឲ្យ​វៀតណាម​​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ការពារ​សិទ្ធិ​កម្មករ ​និង​សិទ្ធិ​ដីធ្លី និង​ការពារ​បរិស្ថាន។ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ក្រុម​សិទ្ធិ​មនុស្ស​ចំនួន​បួន​នៅ​អឺរ៉ុប និង​សហរដ្ឋអាមេរិក​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ ​នាយកដ្ឋាន​ពាណិជ្ជកម្ម​របស់​គណៈកម្មការ​អឺរ៉ុប ដោយ​ចោទ​ប្រកាន់​វៀតណាម​ថា​បាន​រំលោភ​លើ​ការ​សន្យា​ទាំង​នោះ។

ជុំវិញ​រឿង​នេះ​ នាយក​គណៈកម្មការ​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ សឹង យ៉ឹងរតនា សង្ឃឹមថា សហភាព​អឺរ៉ុប​ នឹង​មាន​ឥទ្ធិពល​លើ​វៀតណាម ​ដោយសារ​តែ​វៀតណាម ​ត្រូវ​ការ​ប្រទេស​លោក​ខាង​លិច ជា​ពាណិជ្ជកម្ម​ជាមួយ។

និយាយ​រួម​ទៅ​សភា​អឺរ៉ុប ​គេ​បាន​អំពាវនាវ​ទៅ​រដ្ឋាភិបាល​វៀតណាម ​ត្រូវ​តែ​គោរព​សិទ្ធិ​ចំពោះ​ពលរដ្ឋ​នៅ​វៀតណាម ​ក្នុង​នោះ​ក៏​មាន​ពលរដ្ឋ​ខ្មែរ​ក្រោម​ជា​ដើម។​ យើង​សង្ឃឹម​ថា រដ្ឋាភិបាល​វៀតណាម​ មិន​អាច​កុហក​​អន្តរជាតិ​ម្តង​ហើយ​ម្តង​ទៀត​បាន​ទេ​។​​​​​​​​​ —  ព្រះតេជព្រះគុណ សឹង យ៉ឹង រតនា នាយក​គណៈកម្មការ​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម

បច្ចុប្បន្ន​​ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ កំពុង​ធ្វើ​យុទ្ធនាការ​អន្តរជាតិ ​ដើម្បី​កៀងគរ​ការ​គាំទ្រ​ពី​អន្តរជាតិ​ ដើម្បី​ទាមទារ​ឲ្យ​វៀតណាម​ដោះលែង​ព្រះសង្ឃ​ ៥អង្គ និង​សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម​ ៨នាក់​ ដែល​កំពុង​ជាប់​ពន្ធនាគារ​ ក្នុង​នោះ ព្រះភិក្ខុ​ ថាច់ ច័ន្ទតារា​ ព្រះចៅ​អធិការ​វត្ត​មណ្ឌលបុរីទ្រនំ​សេក​ ត្រូវ​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ​ ៦​ឆ្នាំ៕

Leave a Reply

Your email address will not be published.