តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKF) នៅក្នុងសាលសន្និសីទនៃអង្គការសហប្រជាជាតិ (UN Headquarters, New York) កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៦ ។

តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKF) ដែល​ភាគច្រើន​ជា​យុវជន កំពុង​បន្ត​ចូលរួម​វេទិកា​អចិន្ត្រៃយ៍​អង្គការសហប្រជាជាតិ ស្ដីពី​បញ្ហា​ជនជាតិដើម (UNPFII) នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក នឹង​បន្តសកម្មភាព​រយៈពេល​មួយ​សប្តាហ៍​បន្ថែមទៀត បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​ក្នុង​សប្តាហ៍​ដំបូង ។​

​ក្នុង​សប្តាហ៍​ទី ១ តំណាង​ខ្មែរក្រោម បាន​ឡើង​ថ្លែងការណ៍​ចំនួន​បី​ដង នៅក្នុង​វេទិកា​នេះ ដោយ​លើកឡើង​អំពី​ស្ថានភាព​សិទ្ធិមនុស្ស និង​បញ្ហា​ប្រឈម​នានា ដែល​ប្រជាជាតិ​ខ្មែរក្រោម កំពុង​ជួបប្រទះ​នៅ​កម្ពុជា​ក្រោម ។ ក្នុង​សេចក្តីថ្លែងការណ៍​ទាំងនោះ ពួកគេ​បាន​លាតត្រដាង​អំពី​ការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ និង​សេរីភាព​សាសនា ការត្រួតពិនិត្យ​លើ​សកម្មភាព​សង្គម និង​សាសនា ជា​ករណី​ចាប់ខ្លួន និង​ផ្តន្ទាទោស​សកម្មជន និង​ព្រះសង្ឃ​ខ្មែរក្រោម ដែល​ពាក់ព័ន្ធ​នឹង​ការទាមទារ​សិទ្ធិ​ជនជាតិដើម ។​

​បន្ថែម​ពីនេះ ពួកគេ​ក៏បាន​លើកឡើង​អំពី​ការ​រឹតត្បិត​លើ​អត្តសញ្ញាណ​វប្បធម៌ និង​ភាសា ព្រមទាំង​ការលំបាក​ក្នុងការ​អនុវត្ត​សិទ្ធិ​ជនជាតិដើម ស្របតាម​សេចក្តីប្រកាស របស់​អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិ​ជនជាតិដើម ។ តំណាង​ខ្មែរក្រោម បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ និង​យន្តការ​អង្គការសហប្រជាជាតិ បន្ត​តាមដាន និង​ជំ​រុញឱ្យ​រដ្ឋាភិបាល​វៀត​ណា​ម គោរព​សិទ្ធិ​មូលដ្ឋាន​របស់​របស់​ប្រជាជាតិ​ខ្មែរក្រោម ។​

​សម្រាប់​សប្តាហ៍​ទី​២ ក្រុមយុវជន​ហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម គ្រោង​នឹង​បន្ត​លើកឡើង​បញ្ហា​ដូចគ្នា និង​ពង្រីក​ការចូលរួម​ជាមួយ​តំណាង​ជនជាតិដើម​ពី​ប្រទេស និ​ថ​តំបន់​ផ្សេងៗ ដើម្បី​បង្កើន​ការយល់ដឹង និង​ស្វែងរក​ការគាំទ្រ​ពី​អន្តរជាតិ ។​

​ការចូលរួម​របស់​តំណាង​ខ្មែរក្រោម ក្នុង​វេទិកា​នេះ ត្រូវបាន​មើលឃើញថា ជា​វេទិកា​សំខាន់​សម្រាប់​លើក​សំឡេង​របស់​ពលរដ្ឋ​ខ្មែរក្រោម​ទៅកាន់​សហគមន៍​អន្តរជាតិ ។ ទន្ទឹមនឹងនេះ ពួកគេ​ក៏បាន​អំពាវនាវ​ឱ្យមាន​ការគាំទ្រ​ពី​សប្បុរសជន ដើម្បី​ជួយ​ផ្គត់ផ្គង់​ធនធាន សម្រាប់​បន្ត​បេសកកម្ម​នៅលើ​វេទិកា​អន្តរជាតិ ៕

សម្រាប់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ តាមរយៈ​ការបរិច្ចាគ​ផ្ទាល់ខ្លួន សូម​សប្បុរសជន ចុច​តាម​តំណ​ភ្ជាប់​ខាងក្រោម​៖

👉 https://donorbox.org/support-kkf-youths-at-unpfii-2026-904537

Leave a Reply

Your email address will not be published.