សកម្មជន​ស្ត្រី​ខ្មែរក្រោម​ លោកស្រី ថាច់ ធី វ៉ារី ។ រូបៈ ហ្វេសប៊ុក / ថាច់ ធី វ៉ារី

​តុលាការ​វៀតណាម នៅ​ខេត្ត​លង់​ហោរ (​វិញ​ឡុង​) នៅ​ព្រឹក​ថ្ងៃទី ២២ ខែមេសា បាន​កាត់ទោស​សកម្មជន​ស្ត្រី​ខ្មែរក្រោម​ម្នាក់ គឺ​លោកស្រី ថាច់ ធី វ៉ា​រី អាយុ ៥៥ ឆ្នាំ ឱ្យ​ជាប់ពន្ធនាគារ ៣ ឆ្នាំ ៦ ខែ ពីបទ «​កេងចំណេញ​លើ​សិទ្ធិសេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​» តាម​មាត្រា ៣៣១ នៃ ក្រមព្រហ្មទណ្ឌ​វៀតណាម ។​

​អាជ្ញាធរ​វៀតណាម​អះអាងថា ចាប់ពី​ឆ្នាំ ២០២១ មក អ្នកស្រី​បាន​ប្រើ​គណនី​ហ្វេ​ស​ប៊ុ​ក ដើម្បី​បង្ហោះ និង​ចែករំលែក​ព័ត៌មាន​ដែល​ពួកគេ​ចាត់ទុកថា មិន​ពិត និង​ប៉ះពាល់​ដល់​អាជ្ញាធរ និង​ស្ថាប័នរដ្ឋ ។​

​មុនពេល​ត្រូវ​ចាប់ខ្លួន លោកស្រី ថាច់ ធី វ៉ា​រី តែង​ប្រើ​បណ្តាញ​សង្គម ដើម្បី​ផ្សព្វផ្សាយ​អំពី​សិទ្ធិមនុស្ស និង​សិទ្ធិ​ជនជាតិដើម​ខ្មែរក្រោម ព្រមទាំង​បង្ហាញ​អត្តសញ្ញាណ​ខ្មែរក្រោម​តាមរយៈ​សកម្មភាព​សង្គម និង​ព្រឹត្តិការណ៍​សាធារណៈ​មួយចំនួន ដូចជា ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ទិវា​សិទ្ធិនារី និង​សេចក្ដីប្រកាស​របស់​អង្គការសហប្រជាជាតិ ស្ដីពី​សិទ្ធិ​ជនជាតិដើម ជាដើម ។​

​ករណីនេះ កើតឡើង ខណៈ​សកម្មជន​ខ្មែរក្រោម​ជាច្រើន ត្រូវបាន​អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន និង​ផ្តន្ទាទោស​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​នឹង​សកម្មភាព​បញ្ចេញមតិ និង​ការទាមទារ​សិទ្ធិ ។ អង្គការសិទ្ធិមនុស្ស​មួយចំនួន​យល់ថា ជាការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ ខណៈ​រដ្ឋាភិបាល​វៀតណាម​បដិសេធ​ការចោទប្រកាន់​នេះ

Leave a Reply

Your email address will not be published.