ខ្មែរក្រោមនៅកម្ពុជា ​តវ៉ា​ និង​ដាក់​ញត្តិ​ទាមទារ​ឱ្យ​វៀតណាម​ដោះលែង​ព្រះ​សង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ​១៦​ អង្គ/នាក់​

ខ្មែរក្រោមនៅកម្ពុជា ​តវ៉ា​ និង​ដាក់​ញត្តិ​ទាមទារ​ឱ្យ​វៀតណាម​ដោះលែង​ព្រះ​សង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ​១៦​ អង្គ/នាក់​ កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥។ រូប៖ សារព័ត៌មាន ព្រៃនគរ

ពលរដ្ឋខ្មែរក្រោមជិត ១០០ នាក់ ​នៅ​ថ្ងៃ​ទី ២៩ មេសា បាន​លើក​គ្នា​តវ៉ា​ និង​ដាក់ញត្តិទៅ​ស្ថានទូតវៀតណាម និងស្ថានទូតបណ្ដាប្រទេសប្រជាធិបតេយ្យ នៅ​រាជ​ធានី​ភ្នំពេញ ដើម្បី​ទាមទារ និងអន្តរាគមន៍​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ដោះលែង​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ១៦ ​អង្គ/នាក់ ដែល​អាជ្ញាធរ​វៀតណាម​ក្នុងខេត្តព្រះត្រពាំង បាន​ចាប់​ខ្លួន​ពួកគាត់ កាល​ពី​ថ្ងៃ​ទី ២៧ មីនា​កន្លង​ទៅ ។ ពួកគេ​ចាត់ទុកការ​ចាប់​ខ្លួន​នេះ ​ជារឿង​នយោបាយ​ ដើម្បី​គាប​សង្កត់​សេរីភាព​ពលរដ្ឋ​ខ្មែរ​ក្រោម ។

មនុស្ស​ជិត ១០០នាក់ រួម​មាន​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម បាន​មក​ជួបជុំ​គ្នា​ នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍ រាជ​ធានី​ភ្នំពេញ ដើម្បី​លើក​បដា​តវ៉ា​ តស៊ូ​មតិ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​គោរព​សិទ្ធិ​ជនជាតិ​ដើម សេរីភាព​ខាង​សាសនា​ និង​ការ​អភិរក្ស​វប្បធម៌​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម ។

ពួកគាត់​បាន​ដង្ហែ​ញត្តិ​ទៅ​កាន់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីឱ្យក្រសួងមួយនេះ បញ្ចូនញត្តិរបស់ពួកគាត់ទៅស្ថានទូតសាធារណរដ្ឋ សង្គមនិយមវៀតណាម ស្ថានទូតអូស្ត្រាលី ស្ថានទូតសហរដ្ឋអាមេរិក ស្ថានទូតសហភាពអឺរ៉ុប និងការិយាល័យ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ក្នុង​បំណង​ឱ្យ​ប្រទេស​មហា​អំណាច​ទាំង​នេះ​ ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ។

អគ្គលេខាធិការ​ ​នៃ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍ ​បណ្ដិត សឺ​ន​ ​ជុំ​ជួន​ សង្ឃឹមថា ស្ថានទូត​ប្រទេស​មហា​អំណាច និង​អង្គការ​សហ​ប្រជា​ជាតិ​នឹង​ចាប់​អារម្មណ៍​ពី​បញ្ហា​នេះ​ ហើយ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម​ឱ្យ​ពិចារណា​ដោះលែង​ព្រះសង្ឃ និងពលរដ្ឋ​ខ្មែរ​ក្រោម ១៦ អង្គ/នាក់ ដែល​កំពុង​ជាប់​ឃុំឃាំង​យ៉ាង​អយុត្តិធម៌។ លោក​សង្ឃឹម​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​មិន​នៅ​ស្ងៀម​ឡើយ​បញ្ហា​នេះ​ ស្របពេល​ដែល​រដ្ឋាភិបាល​វៀតណាម​តែងតែ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​យក​ចិត្ត​ទុក​ដាក់ ការពារ​សិទ្ធិពលរដ្ឋ​វៀតណាម​ដែល​កំពុង​រស់​នៅ​ប្រទេស​កម្ពុជា ។

លោក​ប្រកាស​ជំហរ​ថា នឹង​បន្ត​តស៊ូ​មតិ​គ្រប់​រូបភាព ដើម្បី​ស្នើ​សុំ​ឱ្យ​ រដ្ឋាភិបាល​វៀតណាម​បញ្ឈប់​ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​ព្រះ​សង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ។

ខ្លឹមសារ​ញត្តិ ០៤ ទំព័រ របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​អាជ្ញាធរ​វៀតណាម​នៅខេត្តព្រះត្រពាំង បាន​ចាប់​ផ្សឹក និង​ចាប់​ខ្លួន​ព្រះតេជគុណ គឹម សំរិន្ទ ដែល​ជា​ព្រះសង្ឃ​ខ្មែរ​ក្រោម​ជា​ទី​គោរព ព្រម​ទាំង​ចាប់ខ្លួន​សកម្មជន​លេចធ្លោ​ពីរ​រូប​ទៀត​ គឺ​លោក ថាច់ ង៉ា និង ថាច់ ស្វឹង ដុង ។ ព្រះសង្ឃ​ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន ក្រោម​ការ​ចោទ​ប្រកាន់​មិន​ច្បាស់លាស់ និង​មាន​ចរិត​នយោបាយ​ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ» តាមមាត្រា ៣៣១ នៃ​ក្រម​ព្រហ្មទណ្ឌ​វៀតណាម ។ ការ​ចាប់​ខ្លួន​នេះ​ជា​រូបភាព​មួយ ក្នុង​ចំណោម​ការ​គាប​សង្កត់​សេរីភាព​របស់​រដ្ឋាភិបាល​វៀតណាមជាច្រើនទៀត ។

ខ្លឹមសារ​ញត្តិ​បន្ត​ថា​ ការ​ចាប់​ផ្សឹក ការ​ឃុំ​ខ្លួន ការ​បណ្តេញ​ព្រះសង្ឃ​ចេញ​ពី​វត្ត​ និង​ការ​រុះរើ​សំណង់​សាលា​ឆទាន​ខ្មែរ​ក្រោម ជា​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ​រំលោភ​សេរីភាព​បញ្ចេញមតិ​ សេរីភាព​ចួបប្រជុំ​ដោយ​សន្តិវិធី សេរីភាព​ចែក​រំលែក​ព័ត៌មាន និង​សេរីភាព​ជំនឿ​សាសនា​ ដែល​ជាសេរីភាព​មូលដ្ឋាន​របស់​ជនជាតិដើម និង​សិទ្ធិ​មនុស្ស​សកល ។

លើស​ពី​នេះ​ទៀត​សកម្មភាព​គាប​សង្កត់​របស់​វៀតណាម​មក​លើ​ខ្មែរ​ក្រោម​នៅ​ពេល​នេះ គឺ​ជា​ការ​សង​សឹក​របស់​ពួកគេ​លើ​ព្រះសង្ឃ និង​សកម្មជន​ខ្មែរ​ក្រោម ដែល​តស៊ូ​ផ្សព្វផ្សាយ​ និង​លើក​កម្ពស់​គោលការណ៍​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ជនជាតិ​ដើម ។ រដ្ឋាភិបាល​វៀតណាម​ត្រូវ​ទទួល​ខុស​ត្រូវ​ ខណៈ​ខ្លួន​ក៏​ជា​ម្ចាស់​ហត្ថលេខី​នៃ​សេចក្តី​ប្រកាស​ជា​សកល​ស្តី​ពី​សិទ្ធិ​មនុស្ស សេចក្តី​ថ្លែងការណ៍​អង្គការ​សហ​ប្រជាជាតិ​ស្តី​ពី​សិទ្ធិ​ជន​ជាតិ​ដើម និង​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស ។

ខ្លឹមសារ​ញត្តិ​សង្កត់​ធ្ងន់​ថា វៀតណាម​ត្រូវ​ដោះលែង​ព្រះសង្ឃ និង​សកម្មជន​ខ្មែរក្រោម​ទាំង ១៦ ​អង្គ/នាក់ ​ដែល​កំពុង​ជាប់ឃុំ​ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ។ អាជ្ញាធរ​វៀតណាម​ក្នុង​ខេត្ត​ព្រះត្រពាំង ត្រូវ​​អនុញ្ញាត​ និងទទួល​ស្គាល់​ព្រះសង្ឃ​ឡើងវិញ ចំពោះ​ព្រះតេជគុណ គឹម សំរិន។ អាជ្ញាធរ​វៀតណាម​ក្នុង​ខេត្តលង់ហោរត្រូវ​តែ​សាងសង់​សាលា​ឆទាន ​ដែល​បាន​រុះរើ​ឡើង​វិញ ដើម្បី​ឲ្យ​ពុទ្ធសាស​និក​ខ្មែរ​ក្រោម ​អនុវត្ត​ជំនឿ​របស់​ពួកគេ ។

មក​ទល់​ពេល​បច្ចុប្បន្ន​នេះ មាន​ព្រះសង្ឃ ៦ អង្គ និង​សកម្មជន​ខ្មែរ​ក្រោម ១០ នាក់ ត្រូវ​បាន​តុលាការ​វៀតណាម​កាត់ទោស​ដាក់​ពន្ធនាគារ​ជា​ច្រើន​ឆ្នាំ ដោយសារ​តែ​ពួកគេ​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម និង​សាសនា។ ​អាជ្ញាធរ​វៀតណាម​ ចោទ​ប្រកាន់​ពី​បទ​ចោទ​ស្រដៀងៗ​គ្នា គឺ «កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ បំពាន​លើ​ផល​ប្រយោជន៍​របស់​រដ្ឋ និង​សិទ្ធិ​សេរីភាព​ស្រប​ច្បាប់​នៃ​អង្គការ​ចាត់តាំង និង​បុគ្គល» និង​បទ «ការ​ចាប់​ខ្លួន​ឃាត់​ខ្លួន ឬ​ឃុំ​ខ្លួន​មនុស្ស​ដោយ​ខុស​ច្បាប់» តាម​ក្រម​ព្រហ្មទណ្ឌ​វៀតណាម ៕
អត្ថបទដោយ លោក ម៉ែន ចន្ធី

Leave a Reply

Your email address will not be published.