សាលាឧទ្ធរណ៍វៀតណាម សម្រេចតម្កល់សាលក្រមលើបណ្ដឹងសាទុក្ខរបស់សកម្មជនខ្មែរក្រោមពីរនាក់ ឱ្យយបន្តជាប់ពន្ធនាគារ។ ទោះបីជាយ៉ាងណាក្ដី សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកថ្កោលទោសសាលក្រមតុលាការវៀតណាម ហើយលើកឡើងថា សកម្មជនខ្មែរក្រោម ជាសកម្មជនទាមទារសិទ្ធិជនជាតិដើម និងសាសនា។
សាលាឧទ្ធរណ៍វៀតណាមនៅខេត្តព្រះត្រពាំង បានតម្កល់សាលក្រមសាលាដំបូងផ្ដន្ទាទោសសកម្មជនខ្មែរក្រោមពីរនាក់ ឱ្យជាប់ពន្ធនាគារពី ៣ឆ្នាំ ៦ខែ ដល់ ៤ឆ្នាំ ដោយយកលេសថា ពួកគេបាន «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ បំពានលើផលប្រយោជន៍របស់រដ្ឋ និងសិទ្ធិសេរីភាពស្របច្បាប់នៃអង្គការចាត់តាំង និងបុគ្គល»។
សារព័ត៌មានវៀតណាម ឈ្មោះត្រាវិញ (Tra Vinh) ផ្សាយថា សាលាឧទ្ធរណ៍វៀតណាម កាលពីថ្ងៃទី២៣ ឧសភា តម្កល់សាលក្រម ឱ្យសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមពីរនាក់ គឺលោក ថាច់ កឿង ជាប់ពន្ធនាគារ ៤ឆ្នាំ និងលោក តោ ហ្វាងចឿង ៣ឆ្នាំ ៦ខែ ក្រោមការចោទប្រកាន់ពីបទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ បំពានលើផលប្រយោជន៍របស់រដ្ឋ និងសិទ្ធិសេរីភាពស្របច្បាប់នៃអង្គការចាត់តាំង និងបុគ្គល»។
ជុំវិញរឿងនេះ ប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ សឺង យ៉ឹងរតនា មានថេរដីកាថា សហព័ន្ធខ្មែរកម្ពុជាក្រោម បានបដិសេធមិនទទួលយកសាលក្រមតុលាការវៀតណាមនោះទេ ដោយចាត់ទុក្ខថា តុលាការវៀតណាម មិនបានផ្ដល់យុត្តិធម៌ដល់សកម្មជនខ្មែរក្រោមនោះទេ។
សហព័ន្ធខ្មែរកម្ពុជាក្រោមសូមបដិសេធទាំងស្រុង និងថ្កោលទោសតុលាការកុម្មុយនីស្តវៀតណាម ដែលបានកាត់ទោសសកម្មជនខ្មែរកម្ពុជាក្រោមទាំងអយុត្តិធម៌ គ្មានមេធាវី ជាពិសេស ត្រូវដោះលែងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមទាំងអស់ដោយឥតលក្ខខណ្ឌ»។ ព្រះភិក្ខុ សឺង យ៉ឹងរតនា ប្រធាននាយកដ្ឋានព័ត៌មាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម
សកម្មជនខ្មែរក្រោមទាំងពីរនាក់ ត្រូវបានវៀតណាមចាប់ខ្លួន ក្រោយពីពួកគេបានដឹកនាំសកម្មជនខ្មែរក្រោមផ្សេងទៀតឲ្យចេះដឹងពីសិទ្ធិស្វ័យសម្រេចប្រវត្តិសាស្ត្រខ្មែរ ការបង្រៀនអក្សរខ្មែរ និងសិទ្ធិសាសនានៅលើទឹកដីកំណើត។ មកទល់ពេលបច្ចុប្បន្ននេះ មានព្រះសង្ឃ ៥អង្គ និងសកម្មជនខ្មែរក្រោម ៨នាក់ កំពុងជាប់ពន្ធនាគារ ដោយសារតែអាជ្ញាធរវៀតណាមចោទប្រកាន់ពីបទចោទស្រដៀងគ្នា គឺ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ បំពានលើផលប្រយោជន៍របស់រដ្ឋ និងសិទ្ធិសេរីភាពស្របច្បាប់នៃអង្គការចាត់តាំង និងបុគ្គល»។
សហព័ន្ធខ្មែរកម្ពុជាក្រោមបដិសេធការចោទប្រកាន់ទាំងនេះ ដោយចាត់ទុកថា វៀតណាមប្រឌិតរឿងឡើង ដើម្បីធ្វើទុក្ខបុកម្នេញ និងគាបសង្កត់សិទ្ធិជនជាតិដើមខ្មែរក្រោមបន្ថែមទៀត។ បច្ចុប្បន្ន សហព័ន្ធខ្មែរកម្ពុជាក្រោមនៅជុំវិញពិភពលោកកំពុងធ្វើយុទ្ធនាការទាមទារឲ្យអាជ្ញាធរវៀតណាមដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោមជាបន្ទាន់ និងឥតលក្ខខណ្ឌ៕

Leave a Reply