ព្រះសង្ឃ និង​បរិស័ទ​ខ្មែរក្រោម ​ធ្វើ​ពិធី​បង្សុកូល​រំលឹក​ខួប ១​ ខែ ដែល​វៀតណាម​វាយ​កម្ទេច​សាលាឆទាន​​ នៅ​ខេត្តលង់ហោរ

ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ប្រមាណ​១០​អង្គ​/នាក់​ ធ្វើ​ពិធី​បង្សុកូល​រំលឹក​ខួប​១​ខែ ដែល​អាជ្ញាធរ​វៀតណាម​ប្រើ​គ្រឿងចក្រ​ឈូស​កម្ទេច​សាលាឆទាន ​នៅ​ភូមិ​កន្រែង ខេត្ត​លង់ហោរ ដែនដីកម្ពុជាក្រោម កាល​ពី​ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០២៤។ រូប៖ ពលរដ្ឋខ្មែរក្រោមផ្តល់ឱ្យ

ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ខ្មែរក្រោម​ ធ្វើ​ពិធី​បង្សុកូល រំលឹក​ខួប​១​ខែ ដែល​អាជ្ញាធរ​វៀតណាម ខេត្ត​លង់ហោរ វាយកម្ទេច​សាលាឆទាន​នៅ​ភូមិ​កន្រែង។ ពួកគាត់​ថា ការ​ធ្វើ​ពិធី​នេះ ​ដើម្បី​បង្ហាញ​ពី​ការ​ប្រឆាំង​ទៅ​នឹង​ទង្វើ​របស់​អាជ្ញាធរ​វៀតណាម បន្ត​ធ្វើ​ទុក្ខបុកម្នេញ មក​លើ​ពលរដ្ឋ​ខ្មែរក្រោម។

ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ប្រមាណ​១០​អង្គ​-​នាក់ ធ្វើ​ពិធី​បង្សុកូល រំលឹក​ខួប​១​ខែ ដែល​អាជ្ញាធរ​វៀតណាម ប្រើ​គ្រឿងចក្រ​ឈូស​កម្ទេច​សាលាឆទាន នៅ​ខេត្ត​លង់ហោរ​។ សាលាឆទាន​នោះ ផ្ដួចផ្ដើម​គំនិត សាងសង់​ដោយ ព្រះចៅ​អធិការ​វត្ត​ប្រជុំ​ពល​មង្គលបូរី ហៅ​វត្ត​ទ្រនំ​សេក ព្រះតេជព្រះគុណ ថាច់ ចន្ទតារា និង​ពលរដ្ឋ​ខ្មែរក្រោម នៅ​ភូមិ​កន្រែង ប៉ុន្តែ ត្រូវ​បាន​អាជ្ញាធរ វៀតណាម​ឈូស​កម្ទេច​ កាល​ពី​ថ្ងៃទី​១ មេសា។

ពលរដ្ឋ​ខ្មែរក្រោម រស់នៅ​ភូមិ​កន្រែង ឃុំ​កំពង់ស្រុកផ្សាថ្មី ខេត្ត​លង់ហោរ លោក ថាច់ ថាន់ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី២ ខែ​ឧសភា​ថា ពុទ្ធបរិស័ទ ជាង​១០​នាក់ នៅ​ថ្ងៃទី​០១ ខែ​ឧសភា បាន​ចូលរួម ធ្វើ​ពិធី​បង្សុកូល រំលឹក​ខួប​១​ខែ ដែល​អាជ្ញាធរ​វៀតណាម ប្រើ​គ្រឿងចក្រ​ឈូស​កម្ទេច​សាលាឆទាន​។ លោក ថាច់ ថាន់ បញ្ជាក់​ថា ការ​ធ្វើ​ពិធី​នេះ ក៏​មាន​ការ​ឃ្លាំមើល និង​គំរាមកំហែង​តាម​ពាក្យ​សម្ដី ពី​សំណាក់​អាជ្ញាធរ​វៀតណាម​ផង​ដែរ ប៉ុន្តែ ពលរដ្ឋ​ពុំ​ភ័យខ្លាច​នោះ​ឡើយ។

លោក ថាច់ ថាន់៖ «បើទោះបី​វៀតណាម​ព្យាយាម​បំផ្លិចបំផ្លាញ​យ៉ាងណាក៏ដោយ គឺ​ក្រុម​ខ្មែរ ក្រោម​យើងខ្ញុំ​នៅតែ ប្ដូរផ្ដាច់ ដើម្បី ពង្រីក​ឱ្យ​បាន​នូវ​វប្បធម៌​ជាតិ ។ ឥឡូវ​នៅ​កន្លែង សាលាឆទាន​អត់​មាន កន្លែង ក្មេង​សិក្សា អក្សរសាស្ត្រ​ទៀត​ទេ ពីរោះ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​កម្ទេច​ចោល»។ លោក ថាច់ ថាន់ ពលរដ្ឋ​ខ្មែរក្រោម រស់នៅ​ភូមិ​កន្រែង ឃុំ​កំពង់ស្រុកផ្សាថ្មី ក្នុងខេត្ត​លង់ហោរ

លោក​បាន​រលឹក​ថា សាលាឆទាន​នេះ កាល​ពី​មិន​ទាន់​ត្រូវ​បាន​កម្ទេច​ចោល​ពី​សំណាក់​អាជ្ញាធរវៀតណាម ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម តែងតែ​មក​ជួប​គ្នា​ធ្វើ​បុណ្យទាន តាម​បែប​ប្រពៃណី​ខ្មែរ និង​ជា​កន្លែង​បង្រៀន​ភាសា​ខ្មែរ ដល់​កុមារ និង​យុវជន​ខ្មែរ​ក្រោម។ ចំណែក រដ្ឋាភិបាល​វៀតណាម មិន​សប្បាយចិត្ត ទៅ​នឹង​សកម្មភាព​ទាំងនេះ​ទេ ហើយ​តែង​រារាំង​ខ្មែរក្រោម មិន​ឱ្យ​មានឱកាស​រៀន​សូត្រ អំពី​ព្រះពុទ្ធសាសនា ទំនៀមទម្លាប់ និង​ប្រពៃណី​ខ្មែរ។

ពលរដ្ឋ​ខ្មែរក្រោម​ភាគច្រើន ទទូច​ឱ្យ​រដ្ឋាភិបាល​ខ្មែរ គួរតែ គិតគូរ ពី​ទុក្ខ​លំបាក របស់​ពួកគាត់ ហើយ​ជួ​ អន្តរាគមន៍​ដល់​អាជ្ញាធរ​វៀតណាម ឱ្យ​បញ្ឈប់​ការ​រឹតត្បិត ដោយ​ដោះលែង​សកម្មជន​ខ្មែរក្រោម​ឱ្យ​មាន​សេរីភាព និង​បើក​សេរីភាព ឱ្យ​ពលរដ្ឋ​ខ្មែរ ក្រោម​រៀនសូត្រ​អក្សរ​ខ្មែរ និង​រក្សា​ទំនៀមទម្លាប់​ប្រពៃណី ដូចដើម​ឡើងវិញ។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា និង​ប្រធាន​អង្គភាព អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន ប៉ូណា ដើម្បី​ឆ្លើយតប​ពី​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃ​ទី២ មេសា។

សាលាឆទាន​ខ្មែរ​ក្រោម​នៅ​ភូមិ​កន្រែង ត្រូវ​បាន​សាងសង់​នៅ​លើ​ដី​ឯកជន​របស់​ពលរដ្ឋ​ខ្មែរក្រោម​មួយ​គ្រួសារ ដែល​ផ្ដល់​ដី​នេះ​សម្រាប់​ផល​ប្រយោជន៍​រួម។ ចាប់តាំងពី​ពេល​សាងសង់ អាជ្ញាធរ​វៀតណាម បាន​បញ្ជូន​កម្លាំង​មករា​រាំងដំណើរ​ការ​សាងសង់ និង​ព្យាយាម​ដឹក​ព្រះ​ពុទ្ធរូប​ចេញ​ពី​សាលាឆទាន ជាច្រើន​ដង ប៉ុន្តែ​ពុទ្ធបរិស័ទ​ខ្មែរក្រោម​ជម្នះ​សាងសង់​រហូត​បានសម្រេច​ជា​ស្ថាពរ ដោយហេតុថា ក្នុង​តំបន់​នោះ គ្មាន​វត្ត​ខ្មែរក្រោម​នៅ​ជិត​នោះ​ទេ។

ការ​ឈូស​ឆាយ​សាលាឆទាន​នេះ ​ធ្វើឡើង​បន្ទាប់​ពី​អាជ្ញាធរ​វៀតណាម ខេត្ត​លង់ហោរ កាលពី​ថ្ងៃទី ២៦ និង​ថ្ងៃទី​២៨ ខែ​មីនា បាន​ចាប់​ផ្សឹក​ព្រះសង្ឃ គង់នៅ​វត្ត​ប្រជុំ​ពលមង្គលបូរី ឬ​ហៅ​ថា វត្ត​ទ្រនំ​សេក ចំនួន​៥​អង្គ និង​ចាប់​ឃុំ​ខ្លួន​ពលរដ្ឋ​ខ្មែរ​ក្រោម​ចំនួន ៤​នាក់​ក្រោម​បទ​ចោទ​ប្រកាន់ «កេង​ចំណេញ លើ​សិទ្ធិ​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ​» តាម​មាត្រា ៣៣១ និង​ពី​បទ «ការ​ចាប់​ខ្លួន ឃាត់ខ្លួន ឬ​ឃុំខ្លួន​មនុស្ស ដោយ​ខុសច្បាប់​» តាម មាត្រា ១៥៧ នៃ​ក្រម ព្រហ្មទណ្ឌ វៀតណាម។

ប្រធាន​នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី២ ខែ​ឧសភា ថា ការ​ធ្វើ​ទុក្ខបុកម្នេញ​ពលរដ្ឋ​ខ្មែរក្រោម​ពី​សំណាក់​អាជ្ញាធរ វៀតណាម តាមរយៈ កម្ទេច​សាលាឆទាន និង រារាំង​ខ្មែរក្រោម មិន​ឱ្យ​មាន​ឱកាស​រៀន​សូត្រ អំពី​ព្រះពុទ្ធសាសនា ទំនៀមទម្លាប់ និង​ប្រពៃណី​ខ្មែរ ជា​ហូរហែ​នេះ ដោយសារតែ​អាជ្ញាធរ​វៀតណាម មាន​គោលដៅ ព្យាយាម​លុបបំបាត់​ពូជសាសន៍​ខ្មែរក្រោម ដែល​ជា​ជនជាតិ​ដើម​ម្ចាស់​ទឹកដី។

ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា៖ «អាជ្ញាធរ​វៀតណាម​កម្ទេច​សាលាឆទាន​ហ្នឹង គឺជា​ការ​ព្យាយាម​លុបបំបាត់​ពូជសាសន៍ ហើយ​រើសអើង​ពូជសាសន៍​ចំពោះ​ពលរដ្ឋ​ខ្មែរក្រោម ដែល​ជា​ម្ចាស់​ស្រុក​ជនជាតិ​ដើម ជាពិសេស​ធ្វើ​យ៉ាង​ណា​កុំឱ្យ​ខ្មែរក្រោម​យើង​នឹង​ចេះ​នូវ​ការគោរព​ប្រពៃណី​ទំនៀមទម្លាប់​ព្រះពុទ្ធសាសនា​នៅ​ទីនោះ​។ នៅ​ទីនោះ ពួកគាត់​នៅ​ឆ្ងាយ​ពី​វត្ត​ពិបាក​ធ្វើដំណើរ»។ ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម

ក្នុង​រយៈពេល​ជិត​១​ឆ្នាំ​មក​នេះ អាជ្ញាធរ​វៀតណាម​បាន​ចាប់​ឃុំ​ខ្លួន​ព្រះសង្ឃ សកម្មជន និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ដាក់គុក​ចំនួន​១៣ អង្គ​/​នាក់ ដោយសារ​សកម្មភាព​ទាមទារ​សិទ្ធិ​សេរីភាព​ក្នុងនាម​ជា​ជនជាតិ​ដើម​ម្ចាស់​ស្រុក​។ ទោះជា បែប​នេះ​ក្ដី ពលរដ្ឋ ខ្មែរក្រោម នៅ​ភូមិ​កន្រែង ខេត្ត​លង់ហោរ ប្ដេជ្ញាចិត្ត​ថា នឹង​បន្ត​ធ្វើ​ពិធី​រំលឹក​ខួប​សាលាឆទាន​ដែល​អាជ្ញាធរ​វៀតណាម​កម្ទេច​ចោល ក្នុង​១​ខែ ម្ដង ដើម្បី​ទាមទារ ឱ្យ​អាជ្ញាធរ​វៀតណាម​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​ពួកគាត់​បន្ត​ទៅ​ទៀត។

រីឯ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) កាលពី​ថ្ងៃទី​២៩ ខែមីនា បាន​ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​វៀតណាម ចំពោះ​សកម្មភាព​របស់​អាជ្ញាធរ​វៀតណាម ដែល​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ខ្មែរក្រោម ដែល​ជា​ជនជាតិ​ដើម​នៅ​កម្ពុជា​ក្រោម៕

Leave a Reply

Your email address will not be published.