ពលរដ្ឋខ្មែរក្រោម នៅប្រទេសអូស្ត្រាលីដើរដាក់ញត្តិតាមស្ថានទូតប្រទេសប្រជាធិបតេយ្យ ដែលជាម្ចាស់ជំនួយ និងអ្នកទិញផលិតផលវៀតណាម ដើម្បីឱ្យប្រទេសទាំងអស់នេះ អន្តរាគមន៍ដាក់សម្ពាធទៅកាន់រដ្ឋាភិបាលវៀតណាម ឱ្យដោះលែង ព្រះសង្ឃ និងសកម្មជនខ្មែរក្រោមឱ្យមានសេរីភាពឡើងវិញ។
សហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំរដ្ឋវ៉ិកតូរីយ៉ា (KKKFV) ប្រទេសអូស្ត្រាលី (Australia) ដឹកនាំព្រះសង្ឃ និងពលរដ្ឋខ្មែរប្រមាណ៧០ នាក់ នៅថ្ងៃទី២៩ ខែមេសា ដើរដាក់ញត្តិនៅតាមស្ថានទូតប្រទេសប្រជាធិបតេយ្យប្រចាំប្រទេសអូស្ត្រាលីរួមមាន ស្ថានទូតសហរដ្ឋអាមេរិក ស្ថានទូតសហភាពអឺរ៉ុប ស្ថានទូតអាល្លឺម៉ង់ និងរដ្ឋសភាអូស្ត្រាលីផងដែរឱ្យជួយអន្តរាគមន៍ទៅប្រទេសវៀតណាម ដែលបានចាប់ឃុំខ្លួនព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមចំនួន១៣អង្គនាក់។
ពលរដ្ឋខ្មែរក្រោមបានលើកបដា ដែលមានរូបភាពសកម្មជន និងព្រះសង្ឃខ្មែរក្រោមទាំង១៣អង្គនាក់ដូចជា ព្រះចៅអធិការវត្តទ្រនំសេកព្រះភិក្ខុ ថាច់ ចន្ទតារា ព្រះភិក្ខុ យឿង ខាយ លោក តោ ហ្វាងចឿង លោក ថាច់ កឿង និងលោកស្រី ឌិន ធីហ្វិន ជាដើម ដែលត្រូវបានចាប់ផ្សឹក និងឃុំខ្លួនជាបន្តបន្ទាប់នៅក្នុងរយៈពេលពីរឆ្នាំមកនេះ។ ពលរដ្ឋ និងព្រះសង្ឃក៏បានលើកទង់ខ្មែរក្រោម ទង់ជាតិខ្មែរ ទង់ជាតិអូស្ត្រាលី និងទង់ជាតិអង្គការសហប្រជាជាតិអំឡុងដើរហែញត្តិ ដែលសកម្មភាពទាំងនេះត្រូវបានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក (Facebook) របស់អ្នកចូលរួម។
ជយោខ្មែរក្រោមៗ ជយោខ្មែរអមតៗ ជយោអាណាចក្រខ្មែរៗ រដ្ឋអំណាចយួនត្រូវតែដោះលែងសកម្មជនខ្មែរក្រោមៗ។ សំឡេងបាតុកម្ម
ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋវ៉ិកតូរីយ៉ា ប្រទេសអូស្ត្រាលី លោក លឹម ណារ៉ា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៩ ខែមេសា ថា ខ្មែរក្រោមនៅប្រទេសអូស្ត្រាលី នាំគ្នាដាក់ញត្តិតាមបណ្ដាស្ថានទូតប្រទេសប្រជាធិបតេយ្យដោយសារតែអំពើឃោរឃៅ របស់អាជ្ញាធរវៀតណាមដែលបានប្រើហិង្សា គំរាមកំហែង ចាប់ផ្សឹក និងឃុំខ្លួន មកលើព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម។ លោក លឹម ណារ៉ា រំពឹងថា ការដាក់ញត្តិនេះគឺជាសម្ពាធបន្ថែមទៅលើរដ្ឋាភិបាលប្រទេសវៀតណាម ឱ្យងាកមកគោរពសិទ្ធិជនជាតិដើមខ្មែរក្រោម ដោយសារតែបណ្ដាប្រទេសប្រជាធិបតេយ្យទាំងនោះគឺជាម្ចាស់ជំនួយ និងជាទីផ្សារដ៏សំខាន់របស់ប្រទេសវៀតណាម។
លោក លឹម ណារ៉ា អំពាវនាវដល់ពលរដ្ឋខ្មែរជុំវិញពិភពលោក បន្តចូលរួមតស៊ូមតិគ្រប់ទម្រង់ ដើម្បីឱ្យពិភពលោកបានដឹងថា រដ្ឋាភិបាលប្រទេសវៀតណាមរំលោភសិទ្ធិជនជាតិដើមខ្មែរក្រោម កាន់តែខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។
យើងមានការទំនាក់ទំនងខ្មែរនៅក្រៅស្រុក នៅគ្រប់ប្រទេស យើងត្រូវធ្វើម៉េចនៅគ្រប់ប្រទេសទាំងអស់ដាក់ញត្តិនៅគ្រប់ស្ថានទូត ប្រទេសដែលកំពុងរស់នៅ ហើយឱ្យពួកគាត់ខិតខំប្រឹងប្រែងតស៊ូមតិលើឆាកអន្តជាតិឱ្យបានច្រើន យើងធ្វើមិចដាក់គំនាបឱ្យរដ្ឋាភិបាលដោះលែងខ្មែរកម្ពុជាក្រោម ព្រមទាំងព្រះសង្ឃផង។ លោក លឹម ណារ៉ា ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋវ៉ិកតូរីយ៉ា ប្រទេសអូស្ត្រាលី
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបរឿងនេះ ពីស្ថានទូតវៀតណាមប្រចាំប្រទេសអូស្ត្រាលី បានទេ នៅថ្ងៃទី២៩ ខែមេសា។
ទោះជាយ៉ាងណានៅសន្និសីទលើកទី២៣ នៃវេទិកាអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើមកាលពីថ្ងៃទី១៥ មេសា ដល់ ២៦ មេសា នៅបុរីញូវយ៉កសហរដ្ឋអាមេរិក អ្នកតំណាងឱ្យរដ្ឋាភិបាលវៀតណាមបានបដិសេធថា មិនបានធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរកម្ពុជាក្រោម និងចាត់ទុកថា សកម្មភាពរបស់សហព័ន្ធខ្មែរក្រោមកន្លងមកគឺជាការបំបែកបំបាក់សាមគ្គីជាតិរបស់វៀតណាម។
រហូតមកដល់ពេលនេះ មានព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមចំនួន ១៣អង្គ/នាក់ហើយត្រូវបានអាជ្ញាធរវៀតណាមនៅខេត្តព្រះត្រពាំង ខេត្តឃ្លាំង និងខេត្តលង់ហោរ ចាប់ឃុំខ្លួនក្នុងពន្ធនាគារ។ ក្រៅពីនោះអាជ្ញាធរវៀតណាមក៏បានបណ្តេញសកម្មជនសង្ឃខ្មែរក្រោមព្រះភិក្ខុ គឹម សំរិន្ទ ចេញពីវត្ត និងវាយកម្ទេចសាលាឆទានពុទ្ធសាសនាខ្មែរក្រោមនៅភូមិកន្រែង ខេត្តលង់ហោរ រាបដល់ដី។
ពលរដ្ឋខ្មែរនៅកម្ពុជា នៅអឺរ៉ុប នៅសហរដ្ឋអាមេរិក និងបណ្ដាប្រទេសប្រជាធិបតេយ្យផ្សេងទៀត បានធ្វើបាតុកម្មជាបន្តបន្ទាប់ដើម្បីទាមទារឱ្យអាជ្ញាធរវៀតណាម បញ្ឈប់ប្រើប្រាស់ហិង្សា គំរាមកំហែង ផ្សឹកព្រះសង្ឃ និងចាប់សកម្មជនខ្មែរក្រហម។ ខ្មែរក្រោមអះអាងថា ការកាត់ទោស ការចាប់ខ្លួន និងការធ្វើទុក្ខបុកម្នេញមកលើព្រះសង្ឃ និងសកម្មជនខ្មែរក្រោមទាំងអស់នេះ ដោយសារតែអាជ្ញាធរវៀតណាមមិនសប្បាយចិត្ត ចំពោះសកម្មភាពផ្សព្វផ្សាយសៀវភៅប្រវត្តិសាស្ត្រ សិទ្ធិមនុស្ស សិទ្ធិជនជាតិដើម និងការបោះពុម្ពអាវយឺតដែលមានទង់ជាតិខ្មែរក្រោម ចែកចាយទៅឱ្យពលរដ្ឋខ្មែរក្រោម និងការធ្វើរូបសំណាកឧកញ៉ា សឺន គុយ ដាក់តាំងដើម្បីឱ្យពលរដ្ឋខ្មែរក្រោម គោរពបូជាជាដើម៕

Leave a Reply