ក្រសួងការបរទេសអាមេរិក ឱ្យវៀតណាម ដោះលែងពលរដ្ឋខ្មែរក្រោម ដែលជាប់ឃុំទាំងអស់

សកម្មជនខ្មែរក្រោម លោក តោ ហ្វាងចឿង (ឆ្វេង) និងលោក ថាច់ កឿង ។ រូប៖ CAND.COM.VN

នៅ​ថ្ងៃទី​១​មេសា ឆ្នាំ​២០២៤ ក្រសួងការបរទេស​អា​មេ​រិ​ក​បានចេញ​សេចក្តីថ្លែងការណ៍​ដោយ​ស្នើឱ្យ​រដ្ឋាភិបាល​វៀតណាម​ដោះលែង​ពលរដ្ឋ​ខ្មែរក្រោម ​ដែល​ជាប់ឃុំ​ដោយ​អយុត្តិធម៌​ឱ្យមាន​សេរីភាព​ឡើងវិញ​។ បើតាម​ក្រសួងការបរទេស​អាមេរិក វៀតណាម​ត្រូវគោរព​សិទ្ធិ​បុគ្គល​ក្នុងការ​អនុវត្ត​សេរីភាព​នៃ​ការបញ្ចេញមតិ​សមាគម និង​ជំនឿ​សាសនា​។ ការអំពាវនាវ​របស់​អាមេរិក​ដូចនេះ​ធ្វើឡើង ខណៈ​ពលរដ្ឋ​ខ្មែរក្រោម​ចំនួន​១២​អង្គ​/​នាក់​ត្រូវបាន​អាជ្ញាធរ​វៀតណាម​ចាប់​ផ្សឹក និង​ដាក់ពន្ធនាគារ​ជា​បន្តបន្ទាប់​។​

​សហរដ្ឋអាមេរិក​បារម្ភ​យ៉ាងខ្លាំង​លើ​ការកាត់ទោស និង​ការឃុំខ្លួន​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម​ចំពោះ​ការតស៊ូ​មតិ​ដោយ​សន្តិវិធី​របស់​ពួកគេ​ដើម្បី​សិទ្ធិមនុស្ស និង​សេរីភាព​ខាង​សាសនា ឬ​ជំនឿ​នៅក្នុង​ប្រទេស​វៀតណាម​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​អាមេរិក​ចុះ​ថ្ងៃទី​១ ​មេសា ឆ្នាំ​២០២៤​។​

​ជា​ក្តីបារម្ភ​ពីព្រោះ​ក្រសួងការបរទេស​អាមេរិក​មើលឃើញថា ចាប់ពី​ដើមឆ្នាំ​២០២៤ ​នេះ​រដ្ឋាភិបាល​វៀតណាម​បានសម្រេច​កាត់ទោស​ជន​ជាតិ​ដើម​ភាគតិច និង​អ្នកតស៊ូ​មតិ​ដើម្បី​ជំនឿ​សាសនា​ដល់​ទៅ ៥​ករណី​។ ៥​ករណី​នោះ​រួមមាន​ករណី​លោក អ៊ី ក្រែក ប​យ៉ា ដែល​ត្រូវ​វៀតណាម​កាត់ទោស​ឱ្យ​ជាប់ពន្ធ​ធនាគារ​១៣​ឆ្នាំ និង​ករណី​បន្ត​ដាក់ពន្ធនាគារ​ជាច្រើន​ឆ្នាំ​ទៅលើ​លោក ណាយ អ៊ី ប្លា​ង លោក យ័ង មិញ​ក្វាង លោក ថាច់ កឿង និង​លោក តោ ហ្វា​ង ចឿ​ង​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​ដដែល ក្រសួងការបរទេស​អា​មេ​រិ​កបាន​អំពាវនាវ​ឱ្យ​វៀតណាម​គោរព​ឱ្យបាន​ត្រឹមត្រូវ​នូវ​សិទ្ធិ​បុគ្គល និង​ការអនុវត្ត​សេរីភាព​នៃ​ការបញ្ចេញមតិ សមាគម និង​ជំនឿ​សាសនា​។ ទន្ទឹមគ្នានេះ ក្រសួងការបរទេស​អា​មេ​រិ​ក​ក៏បាន​ស្នើឱ្យ​វៀតណាម​ដោះលែង​អ្នក​ដែល​ជាប់ឃុំ​ដោយ​អយុត្តិធម៌​ទាំងអស់​ផងដែរ​។​

​គួរ​ជម្រាបជូន មាន​ពលរដ្ឋ​ខ្មែរក្រោម​សរុប​១២​អង្គ​/​នាក់ ត្រូវបាន​អាជ្ញាធរ​វៀតណាម​សម្រេច​កាត់ទោស និង​ចាប់​ឃុំ​ជា​បន្តបន្ទាប់​។ ក្នុងនោះ​មាន​ព្រះចៅអធិការ​វត្ត​ទ្រនុំ​សេក និង​ព្រះសង្ឃ​៤​អង្គ​ត្រូវបាន​អាជ្ញាធរ​វៀតណាម​ចាប់​ផ្សឹក និង​ឃុំខ្លួន​កាលពី​សប្តាហ៍​មុន​ពីបទ​បាន​រំលោភបំពាន​ច្បាប់​រដ្ឋ​វៀតណាម​។ ជុំវិញ​បញ្ហា​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បានប្រកាស​គ្រោង​ធ្វើបាតុកម្ម​នៅមុខ​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស ​នៅ​ថ្ងៃទី​៧ ​ឧសភា​ខាងមុខ​ដើម្បី​ទាមទារ​ឱ្យ​វៀតណាម​ដោះលែង​ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរក្រោម​ឱ្យមាន​សេរីភាព​ឡើងវិញ​។​

​ដោយឡែក សារព័ត៌មាន​សំឡេង​កម្ពុជា​ក្រោម​បានឱ្យដឹងថា ក្រៅពី​ការចាប់​ឃុំខ្លួន​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម អាជ្ញាធរ​វៀតណាម​នៅ​ថ្ងៃទី​១​មេសា ឆ្នាំ​២០២៤ បាន​ឈូស​កម្ទេច​សាលាឆទាន​នៅ​ខេត្ត​លង់​ហោរ​ដែល​ផ្ដួចផ្ដើម​សាងសង់​ដោយ​ព្រះចៅអធិការ​វត្ត​ទ្រនុំ​សេក និង​សកម្មជន​ខ្មែរក្រោម​ជាប់ឃុំ​ផ្សេងទៀត​៕

Leave a Reply

Your email address will not be published.