អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) លើកឡើងថា សហគមន៍អន្តរជាតិគួរដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាលវៀតណាម ដែលបន្តធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម។ ប្រតិកម្មនេះ ក្រោយអាជ្ញាធរវៀតណាមខេត្តលង់ហោចាប់ផ្សឹកព្រះសង្ឃ និងចាប់ខ្លួនពលរដ្ឋខ្មែរក្រោមនៅវត្តទ្រនំសេក ចំនួន៨ អង្គនាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។
នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូប៉ឺតសុន (Phil Robertson) ប្រាប់វិទ្យុអាស៊ីសេរី តាមសារអេឡិចត្រូនិច នៅថ្ងៃទី២៩ ខែមីនា ថា រដ្ឋាភិបាលវៀតណាម កំពុងប្រើប្រាស់មាត្រា ៣៣១ ជាញញួរផ្លូវច្បាប់ ដើម្បីវាយប្រហារជាប្រព័ន្ធទៅលើសេរីភាពសាសនា និងជំនឿរបស់ប្រជាពលរដ្ឋខ្មែរក្រោម។
លោក ហ្វីល រ៉ូប៉ឺតសុន បន្តថា វាមិនគួរជាបទឧក្រិដ្ឋសម្រាប់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ដោយគ្រាន់តែពួកគាត់ចង់គ្រប់គ្រងវត្តព្រះពុទ្ធសាសនារបស់ខ្លួន ដោយគ្មានការជ្រៀតជ្រែកពីអាជ្ញាធរមូលដ្ឋាន និងរដ្ឋាភិបាលនៃបក្សកុម្មុយនិស្ដវៀតណាម។ លោកចំណាត់ការរបស់អាជ្ញាធរវៀតណាម នៅពេលពេលនេះ គឺបង្ហាញថារដ្ឋាភិបាលវៀតណាម គ្មានការគោរពជនជាតិដើមខ្មែរក្រោម ឬសាសនា គ្មានឆន្ទៈគោរពសិទ្ធិមនុស្ស និងគ្មានការយោគយល់ទៅលើប្រជាពលរដ្ឋខ្មែរក្រោម។
លោក ហ្វីល រ៉ូប៉ឺតសុន សង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមគួរត្រូវបានគេ បណ្ដេញចេញពីសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដោយសារសកម្មភាពរំលោភសិទ្ធិមនុស្ស។ លោក ហ្វីល រ៉ូប៉ឺតសុន ទទូចឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធពាណិជ្ជកម្មលើប្រទេសវៀតណាម ប្រទេសរដ្ឋាភិបាលប្រទេសនេះ រំលោភសិទ្ធិមនុស្សដូចបច្ចុប្បន្ន។
អាជ្ញាធរវៀតណាមខេត្តលង់ហោដែលវៀតណាម ហៅថាខេត្ត វិញ ឡុង (Vinh Long ) កាលពីថ្ងៃទី២៦ និងថ្ងៃទី ២៨ ខែមីនា បានចាប់ផ្សឹកព្រះសង្ឃគង់នៅវត្តប្រជុំពលមង្គលបូរី ឬហៅថាវត្តទ្រនំសេកចំនួន៥អង្គ និងចាប់ឃុំខ្លួនពលរដ្ឋខ្មែរក្រោម ចំនួនបីនាក់ក្រោមបទចោទប្រកាន់ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ» តាមមាត្រា ៣៣១ និង ពីបទ «ការចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួនមនុស្សដោយខុសច្បាប់» តាមមាត្រា ១៥៧ នៃក្រមព្រហ្មទណ្ឌវៀតណាម។
ក្នុងចំណោមព្រះសង្ឃទាំង ៥ អង្គនោះរួមមាន ព្រះចៅអធិការវត្តទ្រនំសេកព្រះភិក្ខុ ថាច់ ចន្ទតារា និងព្រះភិក្ខុ យឿង ខាយ ដែលជាសកម្មជនសង្ឃខ្មែរក្រោម ធ្លាប់បានចូលរួមយ៉ាងសកម្មការពារក្នុងការផ្សព្វផ្សាយសិទ្ធិជនជាតិដើម ដល់ពលរដ្ឋខ្មែរក្រោម និងធ្លាប់ត្រូវបានអាជ្ញាធរវៀតណាម ឃាត់ខ្លួនសួរចម្លើយនៅប៉ុស្តិ៍នគរបាលជាច្រើនដង។
អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោកបណ្ឌិត សឺន ជុំជួន មានប្រសាសន៍ថា ការលើកឡើងរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ គឺដូចគ្នានឹងរបាយការណ៍របស់សមាគមខ្មែរក្រោម ដែលបានដាក់ជូនទៅអង្គការសហប្រជាជាតិ ចំពោះសកម្មភាពរដ្ឋាភិបាលវៀតណាម ដែលបានប្រើប្រាស់មាត្រា៣៣១ ជាលេសដើម្បីបង្ក្រាបលើពលរដ្ឋខ្មែរក្រោម។ លោក បន្តថា ពលរដ្ឋខ្មែរក្រោមនៅទូទាំងពិភពលោកគ្រោងធ្វើបាតុកម្ម និងដង្ហែញត្តិទៅកាន់ស្ថានទូតវៀតណាម ដើម្បីឆ្លើយតប នឹងអំពើរំលោភសិទ្ធិទាំងនេះ។
លោកបណ្ឌិត សឺន ជុំជួន៖ «មានជម្រើសជាច្រើនណាស់ក្នុងការតស៊ូមតិ ដូចជានៅក្រៅប្រទេសនឹងធ្វើការបាតុកម្មក្ដី ហើយនៅកម្ពុជាយើង អាចនឹងមានការធ្វើការដង្ហែដាក់ញត្តិជាដើម ទៅតាមបណ្ដាទូតផ្សេងៗ ដែលពាក់ព័ន្ធនឹងវៀតណាម ជាពិសេសស្ថានទូតវៀតណាម អីជាដើម ហើយយើងនឹងមានការអន្តរាគមន៍អីផ្សេងៗ ទៀត ដើម្បីមានប្រសិទ្ធភាពបន្ថែម ដើម្បីឱ្យវៀតណាម លុបមាត្រាហ្នឹងចោល»។ បណ្ឌិត សឺន ជុំជួន អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍
វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការឆ្លើយតបរឿងនេះ ពីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានទេ នៅថ្ងៃទី២៩ ខែមីនា។
អាជ្ញាធរវៀតណាមនៅខេត្តព្រះត្រពាំង និងខេត្តឃ្លាំង កាលពីឆ្នាំមុន ក៏បានចាប់ខ្លួនសកម្មជនខ្មែរក្រោម ៣នាក់ រួមមានលោក តោ ហ្វាងចឿង លោក ថាច់ កឿង និងលោក យ័ញ មិញក្វាង ក្រោមការចោទប្រកាន់តាមមាត្រា ៣៣១ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសវៀតណាមនេះ ដូចគ្នា។ ក្នុងឆ្នាំ ២០២៣ ដដែល អាជ្ញាធរវៀតណាមបានចាប់ឃុំខ្លួនសកម្មជនខ្មែរក្រោមជាស្ត្រីម្នាក់ទៀត គឺលោកស្រី ឌិន ធីហ្វិន រស់នៅខេត្តឃ្លាំង ក្រោមបទចោទ «មិនអនុវត្តតាមសាលក្រមរបស់តុលាការ» ដែលពាក់ព័ន្ធនឹងបញ្ហាដីធ្លី។ ពួកគេត្រូវបានតុលាការវៀតណាមកាត់ទោសជាប់ពន្ធនាគារចន្លោះពី២ដល់៤ឆ្នាំ កាលពីដើមខែកុម្ភៈ និងថ្ងៃទី២០ មីនា។
គិតមកទល់ពេលនេះ មានព្រះសង្ឃ សកម្មជន និងពលរដ្ឋខ្មែរក្រោមចំនួន ១២ អង្គនាក់ហើយត្រូវបានអាជ្ញាធរវៀតណាមចាប់ដាក់ពន្ធនាគារ។ ចំណែកព្រះសង្ឃខ្មែរក្រោមមួយអង្គទៀតគឺព្រះភិក្ខុ គឹម សំរិន្ទ ដែលជាសកម្មជនសង្ឃ និងជាកសាងរូបសំណាកលោកឧកញ៉ា សឺន គុយ តំកល់ទុកនៅផ្ទះក្នុងខេត្តព្រះត្រពាំង កាលពីថ្ងៃទី២៥ មីនា ត្រូវបានគណៈសង្ឃខេត្តក្រោមឥទ្ធិពលរដ្ឋវៀតណាម និងអាជ្ញាធរខេត្ត បានប្រកាសមិនទទួលស្គាល់ព្រះអង្គជាអ្នកបួស និងមិនអនុញ្ញាតឱ្យវត្តទាំង១៤៣ ក្នុងខេត្តព្រះត្រពាំងទទួលយកព្រះអង្គគង់នៅ។ បច្ចុប្បន្ន ព្រះភិក្ខុ គឹម សំរិន្ទ កំពុងគង់នៅផ្ទះជាមួយញោមស្រី និងសាច់ញាតិរបស់ព្រះអង្គ។
ខ្មែរក្រោមអះអាងថា ការកាត់ទោស ការចាប់ខ្លួន និងការធ្វើទុក្ខបុកម្នេញមកលើព្រះសង្ឃ និងសកម្មជនខ្មែរក្រោមទាំងអស់ នៅពេលនេះ ដោយសារតែអាជ្ញាធរវៀតណាមមិនសប្បាយចិត្ត ចំពោះសកម្មភាពផ្សព្វផ្សាយសៀវភៅប្រវត្តិសាស្ត្រ សិទ្ធិមនុស្ស សិទ្ធិជនជាតិដើម និងការបោះពុម្ពអាវយឺតដែលមានទង់ជាតិខ្មែរក្រោមចែកចាយទៅឱ្យពលរដ្ឋខ្មែរក្រោម និងការធ្វើរូបសំណាកឧកញ៉ា សឺន គុយ ដាក់តាំងដើម្បីឱ្យពលរដ្ឋខ្មែរក្រោមគោរពបូជាជាដើម៕

Leave a Reply