សមាគម​ខ្មែរ​កម្ពុជា​ក្រោម​​ ទាម​ទារ​សេរីភាព ​​ប្រតិ​បត្តិ​​ពុទ្ធ​​សាសនា​​ឯករាជ្យ​​​​ពី​​ ពុទ្ធ​សាសនា​​វៀត​ណាម

បណ្ឌិត សឺន ជុំជួន ថ្លែងសារ ក្នុងពិធីសម្តែងមតិតវ៉ា​ទាមទារ​ឱ្យ​វៀតណាម​ដោះលែង​ព្រះ​សង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ​១៦​ អង្គ/នាក់​ កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥។ រូប៖ សារព័ត៌មាន ព្រៃនគរ

លេខាធិការដ្ឋាន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​ថ្ងៃទី​០៣ ខែកុម្ភៈ បានដាក់​ញត្តិ​តាម​សារ​ប្រព័ន្ធ​អេឡិចត្រូនិក (​អ៊ីមែល​) ទៅ​ស្ថានទូត​វៀតណាម​ប្រចាំ​ទីក្រុង​ភ្នំពេញ​រួចហើយ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ផ្តល់​សេរីភាព​ពុទ្ធសាសនា ស្របតាម​គោលការណ៍​សេរីភាព​សាសនា​របស់​អង្គការសហប្រជាជាតិ​។​

​លើសពីនេះ ពួកគេ​ក៏​ទទូច​ឱ្យ​រដ្ឋសភា​វៀតណាម​កែប្រែ (​វិសោធនកម្ម​ច្បាប់​) ខ្លឹមសារ​ក្រមព្រហ្មទណ្ឌ ត្រង់​មាត្រា​៣៣១ ដែលមាន​លក្ខណៈ​រឹតបន្តឹង​សេរីភាព​សម្ដែង​មតិ និង​សិទ្ធិ​ទទួលបាន​ព័ត៌មាន រំលោភបំពាន​ធ្ងន់ធ្ងរ លើ​កតិកាសញ្ញា ស្ដីពី សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ដែល​ភាគី​ប្រទេស​វៀតណាម ជា​ម្ចាស់​ហត្ថលេខី​។​

​អនុប្រធាន​សមាគម​ខ្មែរក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺ​ន ជុំ​ជួន ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃទី​០៤ ខែកុម្ភៈ​ថា មកទល់ពេលនេះ តំណាង​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា នៅ​មិនទាន់​ឆ្លើយតប​ញត្តិ​របស់​ពួកលោក​នៅឡើយ​ទេ​។​

​លោក​បញ្ជាក់ថា បំណង​រួម​របស់​សមាគម​ទាមទារ​ឱ្យ​វៀតណាម ផ្តល់​ឯករាជ្យភាព​ដល់​ខ្មែរក្រោម ប្រតិបត្តិ​ព្រះពុទ្ធសាសនា និង​ស្នើឱ្យ​វៀតណាម​ទទួលស្គាល់​ពលរដ្ឋ​ខ្មែរក្រោម ជា​ជនជាតិដើម​ពេញលេញ​។​

​សកម្មភាព​របស់​យើង យើង​នៅតែ​រក្សា​អនុវត្ត​ទៅតាម​ផែនការ​របស់​យើង​ដដែល យើង​អត់​ប្រែប្រួល​ទេ ក្នុងករណី​បើ​មិនមាន​ការឆ្លើយតប​ពី​រដ្ឋាភិបាល​វៀតណាម ទាល់តែ​មានការ​ដោះស្រាយ​នូវ​រាល់​បញ្ហា​ដែល​ខ្មែរក្រោម​ប្រឈម​ទេ ចឹ​ង​សកម្មភាព​របស់​យើង យើង​នៅតែ​ធ្វើការ​ទាមទារ​មិន​ត្រឹមតែ​ទៅដល់​រដ្ឋបាល​វៀតណាម​ទេ ប៉ុន្តែ​វា​អាចឈាន​ទៅដល់​ទាំង​តំបន់ អង្គការសហប្រជាជាតិ ទាំង​ស្ថាប័ន ឬ​ភាគី​ដែល​ពាក់ព័ន្ធ ហើយ​នៅតែ​រក្សា​ផែនការ​តស៊ូ​មតិ​ទាំងអស់នេះ ដើម្បី​ឱ្យមាន​វិធានការ​ដោះស្រាយ​​។ លោក សឺ​ន ជុំ​ជួន ​អនុប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍

​ខ្លឹមសារ​ញត្តិ​២​ទំព័រ ទទូច​ឱ្យ​រដ្ឋាភិបាល​វៀតណាម អនុវត្ត​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ ពី​នីតិវិធី​ក្នុង​សវនាការ​ចំពោះ​ជន​ត្រូវ​ចោទ ដែលជា​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​។ រីឯ​គណៈ​ពុទ្ធសាសនា ថេរវាទ​ខ្មែរក្រោម ត្រូវ​នៅ​ដាច់ដោយឡែក ឯករាជ្យ​ពី​សមាគម​ព្រះពុទ្ធសាសនា​វៀតណាម ហើយ​ត្រូវ​ទទួលស្គាល់​ពលរដ្ឋ​ខ្មែរក្រោម​ជា​ជនជាតិដើម​។ បន្ថែម​ពីនេះ​ទៀត ត្រូវ​ដោះលែង​សកម្មជន​ខ្មែរក្រោម​ទាំងអស់​ដែល​កំពុង​ជាប់ពន្ធនាគារ​យ៉ាង​អយុត្តិធម៌​។​

​ពលរដ្ឋ​ខ្មែរក្រោម​ដែលមាន​សាច់ញាតិ​ជាប់ពន្ធនាគារ​ដោយសារ​ទាមទារ​សេរីភាព គឺ​លោក ថាច់ ថា​ញ់ ប្រាប់​វី​អូ​ឌី​ថា ជិត​១០​ឆ្នាំ​កន្លងទៅនេះ អាជ្ញាធរ​វៀតណាម​នៅតែ​រំលោភសិទ្ធិ​ជនជាតិដើម​ខ្មែរក្រោម រឹតត្បិត​ព្រះសង្ឃ​ប្រតិបត្តិ​ជំនឿ​ពុទ្ធសាសនា និង​រឹតត្បិត​ការអប់រំ​ប្រវត្តិសាស្ត្រ​ដល់​យុវជន​ខ្មែរក្រោម​តាម​វត្ត​អារាម និង​សាលារៀន​។​

​លោក​ថា ទង្វើ​អាជ្ញាធរ​វៀតណាម​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ព្រះសង្ឃ មិនឱ្យ​តស៊ូ​មតិ​ទាមទារ​សិទ្ធិសេរីភាព ស្របតាម​ច្បាប់​អន្តរជាតិ​។​

ស្នើ​ទៅដល់​អង្គការសហប្រជាជាតិ​ឱ្យ​ទាមទារ​ចង់ឱ្យ​ខ្មែរ​កម្ពុជា​ក្រោម មាន​សិទ្ធិ​បើក​សាលាបង្រៀន​ប្រវត្តិសាស្ត្រ​ភូមិសាស្ត្រ​ឱ្យ ដើម្បី​កូន​ខ្មែរ​ជំនាន់​ក្រោយ​ដឹង​អំពី​ភូមិសាស្ត្រ​ប្រវត្តិសាស្ត្រ​ជាតិ​ឯង​បាន​ហើយ​។​ លោក ថាច់ ថា​ញ់ ​ពលរដ្ឋ​ខ្មែរក្រោម នៅខេត្តលង់ហោរ

វី​អូ​ឌី មិនទាន់​អាចទាក់ទង​សុំ​ការបំភ្លឺ​ជុំវិញ​រឿងនេះ ពី​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា បាន​នៅឡើយ​ទេ​គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ​។​

​ខ្លឹមសារ​ញត្តិ បន្ថែមថា រដ្ឋសភា​វៀតណាម ត្រូវធ្វើ​វិសោធនកម្ម​មាត្រា​៣៣១ ដែល​ចែងថា «​បទឧក្រិដ្ឋ​កេងចំណេញ​លើ​សិទ្ធិសេរីភាព និង​លទ្ធិប្រជាធិបតេយ្យ បំពាន​លើ​ប្រយោជន៍​របស់​រដ្ឋ និង​សិទ្ធិសេរីភាព​ស្របច្បាប់ នៃ​អង្គការ​ចាត់តាំង និង​បុគ្គល​» អ្នករំលោភ​បទឧក្រិដ្ឋ​នេះ អាច​ត្រូវបាន​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​រហូតដល់ ៧ ឆ្នាំ​។​

​មាត្រា​៣៣១​នេះ អង្គការ​សមាគម​ខ្មែរក្រោម ចាត់ទុកថា រំលោភ​លើ​កតិកាសញ្ញា​ស្ដីពី​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ដែល​ប្រទេស​វៀតណាម​ជា​ហត្ថលេខី​។​

​ចាប់តាំងពី​ឆ្នាំ​២០២៣ រហូតមកទល់​ពេលនេះ ព្រះសង្ឃ និង​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម​យ៉ាងហោចណាស់ ១៧ អង្គ​/​នាក់ ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​ផ្សឹក និង​ដាក់ពន្ធនាគារ​៕

Leave a Reply

Your email address will not be published.