ខ្មែរក្រោមផ្ញើញត្តិទៅទូតវៀតណាម ទាមទារកែប្រែខ្លឹមសារច្បាប់ ដែលរឹតបណ្ដឹងសេរីភាពសម្ដែងមតិ

ខ្មែរក្រោមនៅកម្ពុជា ​តវ៉ា​ និង​ដាក់​ញត្តិ​ទាមទារ​ឱ្យ​វៀតណាម​ដោះលែង​ព្រះ​សង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ​១៦​ អង្គ/នាក់​ កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥។ រូប៖ សារព័ត៌មាន ព្រៃនគរ

លេខាធិការដ្ឋាន នៃ អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដែលជា​បណ្ដុំ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​កម្ពុជា ចំនួន ៩ នៅ​ដើមខែ​កុម្ភៈ​ឆ្នាំ ២០២៦ បាន​សរសេរ​ញត្តិ​តាមរយៈ​សារ​អេឡិចត្រូនិក​ឬ​អ៊ីមែល ទៅកាន់​ស្ថានទូត​វៀតណាម ប្រចាំ​ទីក្រុង​ភ្នំពេញ​រួចហើយ ផ្តោត​សំខាន់​ស្នើឱ្យ​រដ្ឋសភា​វៀតណាម​កែប្រែ (​វិសោធនកម្ម​ច្បាប់​) ខ្លឹមសារ​ក្រមព្រហ្មទណ្ឌ ត្រង់​មាត្រា ៣៣១ ដែលមាន​លក្ខណៈ​រឹតបណ្ដឹង​សេរីភាព​សម្ដែង​មតិ និង​សិទ្ធិ​ទទួលបាន​ព័ត៌មាន ផ្ទុយ​ពី​កតិកាសញ្ញា​ស្ដីពី​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ដែល​ប្រទេស​វៀតណាម ជា​ម្ចាស់​ហត្ថលេខី​។​

​អនុប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ បណ្ឌិត សឺ​ន ជុំ​ជួន មានប្រសាសន៍ថា ខ្លឹមសារ​ញត្តិ​នេះ ដើម្បី​ស្វែងរក​ដំណោះស្រាយ ពាក់ព័ន្ធ​ការរំលោភ​សិទ្ធិមនុស្ស សិទ្ធិ​ទទួលបាន​ជំនំជម្រះ​ដោយ​យុត្តិធម៌ រក្សា​អត្តសញ្ញាណ​ជនជាតិដើម​ខ្មែរក្រោម ជាដើម​។ លោក​ថា បញ្ហា​ទាំងនេះ ខ្មែរក្រោម​កំពុង​ប្រឈម ហើយ​លោក​បានស្នើ​ទៅ​រដ្ឋាភិបាល​វៀតណាម ដោះស្រាយ​។​

​ស្នើសុំ​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​ពាក់ព័ន្ធ មាន​លក្ខណៈ រឹតបន្តឹង​សេរីភាព ក្នុងការ​សម្ដែង​មតិ​ទទួលបាន​ព័ត៌មាន​ជាដើម ។ មាតា​ច្បាប់​ខ្លះ​មិន​ឆ្លើយតប​គោលការណ៍​គោរព​សិទ្ធិមនុស្ស និង​មាន​ភាពជា​អធម្មនុញ្ញភាព​លើ​រដ្ឋធម្មនុញ្ញ​របស់​វៀ​ត​ណា​ម​ផង​។ ចំណុច​ទី ២ យើង​ស្នើ​សុំឱ្យ​គណៈ​ពុទ្ធសាសនា​ថេរវាទ​ខ្មែរក្រោម មាន​លក្ខណៈ​ដាច់ដោយឡែក​ពី​សមាគម​ព្រះពុទ្ធសាសនា​វៀតណាម​។​ លោក សឺ​ន ជុំ​ជួន ​អនុប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍

​ខ្លឹមសារ​ញត្តិ ៥ ចំណុច​សំខាន់ៗ រួមមាន ទី​១. ទទូច​ឱ្យ​រដ្ឋាភិបាល​វៀតណាម អនុវត្ត​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ ពី​នីតិវិធី​ក្នុង​សវនាការ ចំពោះ​ជន​ត្រូវ​ចោទ ដែលជា​ពលរដ្ឋ​ខ្មែរក្រោម ធ្វើយ៉ាងណា​ផ្តល់​សិទ្ធិ​ឱ្យ​ពលរដ្ឋ​ខ្មែរក្រោម ទទួលបាន​សិទ្ធិ​ជំនំ​ជម្រះក្តី​ដោយ​យុត្តិធម៌​។ ទី​២. គណៈ​ពុទ្ធសាសនា ថេរវាទ​ខ្មែរក្រោម ត្រូវ​នៅ​ដាច់ដោយឡែក ឯករាជ្យ​ពី​សមាគម​ព្រះពុទ្ធសាសនា​វៀតណាម​។ ទី​៣. វៀតណាម​ត្រូវ​ទទួលស្គាល់​ពលរដ្ឋ​ខ្មែរក្រោម ជា​ជនជាតិដើម​។ ទី​៤. ត្រូវ​ដោះលែង​សកម្មជន​ខ្មែរក្រោម​ទាំងអស់​ដែល​កំពុង​ជាប់ពន្ធនាគារ​យ៉ាង​អយុត្តិធម៌ និង​ទី​០៥. ស្នើឱ្យ​រដ្ឋសភា​វៀតណាម ធ្វើ​វិសោធនកម្ម​ច្បាប់ (​កែប្រែ​) ខ្លឹមសារ​ក្រមព្រហ្មទណ្ឌ​ត្រង់​មាត្រា ៣៣១ ដែលមាន​លក្ខណៈ​រឹតបណ្ដឹង​សេរីភាព​សម្ដែង​មតិ និង​សេរីភាព​ទទួលបាន​ព័ត៌មាន បំពាន​ច្បាប់​អន្តរជាតិ និង​កតិកាសញ្ញា​ស្ដីពី​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ដែល​ប្រទេស​វៀតណាម ជា​ហត្ថលេខី​។​

​ពលរដ្ឋ​ខ្មែរក្រោម លោក ថាច់ ថា​ញ់ ស្នើឱ្យ​អង្គការសហប្រជាជាតិ ជួយ​អន្តរាគមន៍​ឱ្យ​រដ្ឋាភិបាល​វៀតណាម​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរក្រោម និង​ត្រូវ​ដោះលែង​ព្រះសង្ឃ និង​សកម្មជន​ខ្មែរក្រោម ដែល​វៀតណាម​ជាប់​ដាក់ពន្ធនាគារ​ដោយ​អយុត្តិធម៌​។​

​បន្ថែម​ពីនេះ លោក​ទទូច​ឱ្យ​អង្គការសហប្រជាជាតិ​អន្តរាគមន៍​ឱ្យ​រដ្ឋាភិបាល​វៀតណាម ផ្តល់​សេរីភាព​អប់រំ ឬ​បើក​សាលាបង្រៀន​ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ​ខ្មែរ ដើម្បីឱ្យ​កូន​ខ្មែរ​សិក្សា​ពី​ប្រវត្តិសាស្ត្រ និង​ភូមិសាស្ត្រ​ជាតិ​ឯង​៖

​អាជ្ញាធរ​វៀតណាម បង្ខំ​ឱ្យ​យើង​ទទួលកំហុស​រំលោភ​លើ​សិទ្ធិ​យើង​ទាំងស្រុង​តែម្តង​បើ​មិន​ព្រម​គ្រាន់​ចុះ​ស៊ីញេ​ហើយ វា​រំលោភសិទ្ធិ​យើង​តែម្តង រំលោភសិទ្ធិ​។ ចំណែក​បើក​បង្រៀន​ភាសា​ខ្មែរ​វប្បធម៌ ទំនៀមទម្លាប់​របស់​ជាតិ​នៅតែ​ធម្មតា​។ សូម្បីតែ​ស្នើ​ដល់​អង្គការសហប្រជាជាតិ ឱ្យ​ខ្មែរក្រោម​មាន​សិទ្ធិ​បើក​សាលារៀន ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ដឹង​ពី​ប្រវត្តិសាស្ត្រ​ជាតិ​ឯង​​។ លោក ថាច់ ថា​ញ់ ​ពលរដ្ឋ​ខ្មែរក្រោម នៅខេត្តលង់ហោរ

ចាប់តាំងពី​ឆ្នាំ ២០២៣ រហូតមកទល់​ពេលនេះ ព្រះសង្ឃ និង​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម​យ៉ាងហោចណាស់ ១៧ អង្គ​/​នាក់ ត្រូវ​អាជ្ញាធរ​វៀតណាម ចាប់​ផ្សឹក និង​ដាក់ពន្ធនាគារ​យ៉ាង​អយុត្តិធម៌​។ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ចាត់ទុក​អាជ្ញាធរ​វៀតណាម​ជាការ​គំរាមកំហែង​ស្មារតី​ពលរដ្ឋ​ខ្មែរក្រោម​។​

​ខ្លឹមសារ​ញត្តិ​បន្ថែមថា សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម ដែល​ត្រូវបាន​រដ្ឋអំណាច និង​តុលាការ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ផ្ដន្ទាទោស ហើយ​បញ្ជូនទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ជាច្រើន​នាក់ គឺជា​ជនរងគ្រោះ និង​គ្មាន​កំហុស ដោយ​ពួកគេ​គ្រាន់តែ​ទាមទារ​សេរីភាព ក្នុងនាម​ជា​ជនជាតិដើម នៅក្រោម​ការគ្រប់គ្រងរ​បស់​វៀតណាម​។​

​ការទាមទារ​របស់​ព​ល​រដ្ឋ​ខ្មែរក្រោម​ស្របទៅតាម​សេចក្ដីប្រកាស​ជាស​កល ស្ដីពី​សិទ្ធិមនុស្ស សេចក្ដីប្រកាស​ស្ដីពី​សិទ្ធិ​ជនជាតិដើម និង​សេចក្ដីប្រកាស​ជា​សកល​ស្ដី​សិទ្ធិ នារី និង​សិទ្ធិ​កុមារ​របស់​អង្គការ សហប្រជាជាតិ (UN)៕

Leave a Reply

Your email address will not be published.