ខ្មែរក្រោមអំពាវនាវឲ្យប្រើយុទ្ធនាការឆ្ពោះទៅកាន់កម្ពុជាក្រោម

ពលរដ្ឋចូលរួមពិធីរំឮកខួប ៧៥ ឆ្នាំ បារាំង​ផ្ទេរទឹកដីកម្ពុជាក្រោម​ ទៅឱ្យ​វៀតណាម នៅវត្តសាមគ្គីរង្សី រាជធានីភ្នំពេញ។ រូប៖ សារព័ត៌មាន ព្រៃនគរ

នៅ​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា​នេះ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​បាន​រំ​ឮ​ក​ខួប​៧៥​ឆ្នាំ ដែល​បារាំង​ផ្ទេរ​ទឹកដី​កម្ពុជា​ក្រោម​របស់​ខ្មែរ​ទៅ​ឲ្យ​រដ្ឋអំណាច​វៀតណាម​គ្រប់​គ្រង​មកដល់​សព្វថ្ងៃនេះ​។  ​ពិធី​ផ្លូវការ​នេះ​ធ្វើឡើង​នៅ វត្ត​សាមគ្គី​រង្សី រាជធានី​ភ្នំពេញ នៅក្រោម​វត្តមាន​ឧ​ត្ត​ម​ទីប្រឹក្សា​ព្រះមហាក្សត្រ គឺ​លោក សឺ​ន ស៊​ប៊ែ​រ្តិ៍​។

​បើតាម​សុន្ទ​កថា ការ​ប្រារព្ធ​ពិធី​នេះ ដើម្បី​បង្ហាញ​នូវ​បំណង​ចង់ឱ្យ ខ្មែរ​គ្រប់រូប​បាន​ប្រើ យុទ្ធនាការ​ដំណោះស្រាយ​ឆ្ពោះទៅកាន់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ឲ្យ​បាន​មួយដង​ក្នុង​មួយ​ឆាកជីវិត​។​

​យុទ្ធនាការ​នេះ​សំដៅ​ទៅដល់ អ្នក​ដែលមាន​ដើមកំណើត​នៅ​កម្ពុជា​ក្រោម ហើយ​សព្វថ្ងៃ​ពួកគេ​រស់​នៅឯ​ក្រៅប្រទេស​ក្ដី និង​នៅ​កម្ពុជា​ក្តី ដែល​ហៅថា​ «​មាតុភូមិនិវត្តន៍​»​។ រីឯ ជនរួមជាតិ​ដែល​មិនបាន​កើត​នៅ​កម្ពុជា​ក្រោម ដូចជា អ្នក​នៅ​កម្ពុជា ឬ​នៅក្រៅ​ប្រទេស ហៅថា​  «​ធម្ម​យាត្រា​ទៅកាន់​កម្ពុជា​ក្រោម​»  និង​ជនរួមជាតិ​ខ្មែរ ឬ​ជនបរទេស ហៅថា​ «​ដំណើរ​ទស្សនាចរ​ទៅកាន់​កម្ពុជា​ក្រោម​» ​ដើម្បី​ចុះទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា​ស្រាវជ្រាវ ឬទេ​សចរ​។​

​ជា​ការគត់សម្គាល់​នៅក្នុង​ពិធី​រំ​ឮ​ក​ខួប​៧៥​ឆ្នាំនេះ គឺមាន​ការចេញ​សារ​រំឭក​អំពី​អនុស្សាវរីយ៍​ដ៏​គួរ​ឲ្យ​សោកស្ដាយ ពី​សំណាក់​ព្រះបរមរាជវាំង ព្រះសង្ឃ ប្រជារាស្ដ្រ​ទាំង​ក្នុង និង​ក្រៅប្រទេស​ដោយ​ព្រមៗ​គ្នា តាមរយៈ​បណ្ដា​សង្គម​។ សកម្មភាព​នេះ​ជាការ​ស្ដែងចេញ​នូវ​ឆន្ទៈ​ដ៏​មុះ​មុត​ប្រាប់​ដល់​ពិភពលោក​ថា ព្រះសង្ឃ និង​ប្រជារាស្ដ្រ​ខ្មែរ​មានការ​ឈឺចាប់​យ៉ាងខ្លាំង ហើយ​ចងចាំ​ជានិច្ច មិនអាច​បំភ្លេចបាន​ចំពោះ​ទង្វើ​ឃុបឃិត​គ្នា​ដ៏​អយុត្តិធម៌​រវាង បារាំង​-​វៀតណាម ដើម្បី​ផ្លាស់ប្ដូរ​វេន​គ្នា​យក​ទឹកដី​កម្ពុជា​ក្រោម​មក​ត្រួតត្រា​បន្ត​។ នេះ​ជាការ​គូសបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​។​

​សូម​រំលឹក​ជូន​ថា នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​១៩៤៨ បារាំង​បានប្រកាស​សេចក្តីថ្លែងការណ៍​រួមមួយ​ជា​ផ្លូវការ ដែល​បាន​ចុះហត្ថលេខា កាលពី​ចុងឆ្នាំ​១៩៤៧ រវាង​លោក បូ​ឡា​អែ​រត៍ និង ស្តេច បាវ ដាយ ដោយ​សេចក្តីថ្លែងការណ៍​នោះ បានទទួល​ស្គាល់​ឯករាជ្យ​របស់​វៀតណាម ប៉ុន្តែ​ដោយមាន​លក្ខខណ្ឌ វៀតណាម​ត្រូវតែ​គោរព​សិទ្ធិ ផលប្រយោជន៍​បារាំង ។ ប៉ុន្តែ​នៅ​ថ្ងៃទី​១៨ ខែ ឆ្នាំ​ដដែល​នោះ សម្តេច ព្រះ​នរោត្តម សីហនុ បានធ្វើ​ការតវ៉ា​តាមរយៈ​ព្រះរាជសារ​មួយ​ជូន​ចំពោះ​បារាំង ដោយ​ព្រះអង្គ​បានចាត់ទុក​សេចក្តីថ្លែងការណ៍​នោះ​ជា​មោ​ឃៈ​។​

​តែ​នៅ​ថ្ងៃទី​៤ ខែមិថុនា​ឆ្នាំ​១៩៤៩ អាណានិគម​បារាំង បាន​ផ្ទេរសិទ្ធិ​គ្រប់គ្រង​ខេត្ត​សរុប​ចំនួន​២១​នៅ​កម្ពុជា​ក្រោម ទៅ​ឲ្យ​វៀតណាម​គ្រប់គ្រង​មកដល់​សព្វថ្ងៃ​។​

​បើតាម​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ជនជាតិដើម​ខ្មែរក្រោម បាន​តស៊ូ និង​ធ្វើ​ពលី​កម្ម​គ្រប់បែបយ៉ាង​ដើម្បី​បុព្វហេតុ​ការពារ​ទឹកដី វប្បធម៌ និង​ជំនឿ​សាសនា​របស់ខ្លួន នៅ​ដែនដី​កម្ពុជា​ក្រោម បើទោះបីជា​មានការ​គាបសង្កត់​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​បែបណា​ក្តី ខណៈ​អង្គការសហប្រជាជាតិ​តែងតែ​ប្រាប់​ឲ្យ​វៀតណាម​គោរ​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ជា​ជនជាតិដើម​៕

​

Leave a Reply

Your email address will not be published.