សមាគមខ្មែរកម្ពុជាក្រោម ដាក់ញត្តិទាមទារឱ្យវៀតណាមដោះលែងសកម្មជនខ្មែរក្រោម

ពលរដ្ឋ​ខ្មែរក្រោម​រស់នៅ​សហរដ្ឋអាមេរិក មក​ពី​ទ្វីប​អឺរុប​ និង​ប្រទេស​កម្ពុជា ប្រមាណ​ ៥០​ នាក់​ នៅ​ថ្ងៃ​ទី ​១១ ខែ​កក្កដា បាន​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម​។ រូប៖ RFA Khmer

នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២៥​នេះ អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម បានដាក់​ញត្តិ​ទៅកាន់​ប្រទេស​សមាជិក​អាស៊ាន ដើម្បី​ស្នើសុំ​កិច្ច​អន្តរាគមន៍​លើ​ករណី​អាជ្ញាធរ​វៀតណាម ចាប់​ព្រះសង្ឃ និង​សកម្មជន​ខ្មែរក្រោម ចំនួន ១៦​អង្គ​/ នាក់​ដាក់ពន្ធនាគារ​។ បើតាម​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ញត្តិ​នេះ​ធ្វើឡើង​ស្របពេល​ដែល​តំណាង​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ចូលរួម​សន្និសីទ​សង្គម​ស៊ីវិល​អាស៊ាន និង​វេទិកា​ពលរដ្ឋ​អាស៊ាន ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២៥ នៅ​ប្រទេស​ម៉ាឡេស៊ី​។​

​ក្រៅពី​ស្នើឱ្យ​ដោះលែង​ព្រះសង្ឃ និង​សកម្មជន​ខ្មែរក្រោម​ចំនួន​១៦​អង្គ​/​នាក់ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ក៏បាន​ទទូច​ឱ្យ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ជួយ​អន្តរាគមន៍​ទៅកាន់​រដ្ឋាភិបាល​វៀតណាម ឱ្យ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​ពលរដ្ឋ​ខ្មែរក្រោម​។ ទន្ទឹមគ្នានេះ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ចង់ឃើញ​អគ្គលេខាធិការ​អាស៊ាន និង​តំណាង​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន​ទទួលបន្ទុក​សិទ្ធិមនុស្ស (AICHR) ផ្ញើ​ញត្តិ​នេះ​ទៅកាន់​រដ្ឋាភិបាល​វៀតណាម​ដើម្បី​លើកយក​ករណីនេះ​ទៅ​ដោះស្រាយ​។​

​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​សង្កត់ធ្ងន់ថា អាជ្ញាធរ​វៀតណាម​បាន​រំលោភ​យ៉ាងធ្ងន់ធ្ងរ​ដល់​សេរីភាព​ក្នុងការ​បញ្ចេញមតិ សេរីភាព​សាសនា ព្រមទាំង​សេរីភាព​នៃ​ការប្រើប្រាស់​ភាសា​ដើម​របស់​ពលរដ្ឋ​ខ្មែរក្រោម​។ ការណ៍​នេះ គឺ​ផ្ទុយ​ទាំងស្រុង​នឹង​ច្បាប់​សកល​ស្តីពី​សិទ្ធិមនុស្ស​។ អ្វីដែល​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ទាមទារ គឺ​ចង់ឃើញ​អាជ្ញាធរ​វៀតណាម​ដោះលែង​ជាបន្ទាន់ និង​ឥត​លក្ខខណ្ឌ​នូវ​សកម្មជន និង​ព្រះសង្ឃ​ទាំង ១៦​អង្គ​/​នាក់ សាងសង់​វត្ត​អារាម ដែល​ខូចខាត​ឡើងវិញ និង​ជាពិសេស គឺ​គោរព​សេរីភាព​ផ្នែក​សាសនា និង​សេរីភាព​របស់​ជនជាតិ​ដើម​ភាគតិច​។​

​គួរ​ជ្រាបថា នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដាក់​ញត្តិ​ស្វែងរក​ជំនួយ​ពី​បណ្តា​ប្រទេស និង​ស្ថាប័ន​នានា​។ កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០២៥ អង្គការ​ដែលមាន​ស្នាក់ការ​នៅ​ទីក្រុង​ភ្នំពេញ​មួយ​នេះ បានដាក់​ញត្តិ​ទៅ​បណ្តា​ស្ថានទូត និង​ស្ថាប័ន​អន្តរជាតិ​ដើម្បីឱ្យ​អាជ្ញាធរ​វៀតណាម​ដោះលែង​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ដែល​កំពុង​ជាប់ឃុំ​។ គួររម្លឹកថា អាជ្ញាធរ​វៀតណាម​បាន​ចាប់ខ្លួន​សកម្មជន និង​ព្រះសង្ឃ​ទាំង ១៦​អង្គ​/​នាក់ ក្នុង​ចន្លោះ​ឆ្នាំ​២០២៣ ដល់​ឆ្នាំ​២០២៤ ក្រោម​បទចោទប្រកាន់ «​កេងចំណេញ​លើ​សិទ្ធិសេរីភាព និង​លទ្ធិប្រជាធិបតេយ្យ និង​ការចាប់​ឃាត់ខ្លួន​មនុស្ស​ដោយ​ខុសច្បាប់​»​។​

​ក្នុង​ឆ្នាំ​២០២៤ ប្រមុខ​គណបក្សកាន់អំណាច លោក ហ៊ុន សែន បានស្នើ​ដោយ​ត្រង់​ទៅកាន់​ភាគី​វៀតណាម ឲ្យ​យកចិត្តទុកដាក់​លើ​ទំនៀមទម្លាប់​រស់នៅ​រប​ស់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​វៀតណាម​។ សំណើ​របស់លោក​ហ៊ុន សែន​ដូចនេះ ធ្វើឡើង​ដោយ​លោក​មើលឃើញថា ពលរដ្ឋ​ខ្មែរក្រោម​បាន​គោរព និង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ច្បាប់ និង​បទបញ្ញត្តិ​នានា​របស់​អាជ្ញាធរ​វៀត​ណា​ម​៕

​

Leave a Reply

Your email address will not be published.