ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ស្នើឲ្យមេដឹកនាំវៀតណាមយកចិត្តទុកដាក់លើការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ចំពោះការប្រតិតបត្តិ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនា ដែលស្ថិតក្រោមរដ្ឋអំណាចរបស់វៀតណាម។ ការស្នើនេះ ធ្វើឡើងនៅក្នុងជំនួបរវាង លោក ហ៊ុន សែន និងលោក ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម នៅថ្ងៃសុក្រទី២២វិច្ឆិកា និងក្រោយពេលដែលរដ្ឋាភិបាលកម្ពុជាទើបតែបានដង្ហែអង្គឋិនទានដ៏ធំមួយទៅកាន់វត្តខ្មែរមួយចំនួនក្នុងទឹកដីកម្ពុជាក្រោម កាលពីខែដើមវិច្ឆិកានេះ។
ជារឿងដ៏កម្រដែលគេឃើញប្រមុខគណបក្សកាន់អំណាចនៅកម្ពុជា ស្នើដោយត្រង់ទៅកាន់ភាគីវៀតណាមឲ្យការយកចិត្តទុកលើទំនៀមទម្លាប់រស់នៅរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោមដែលស្ថិតក្រោមការគ្រប់គ្រងដោយវៀតណាម។ សំណើនេះធ្វើឡើង ដ្បិតប្រធានព្រឹទ្ធសកម្ពុជា លោក ហ៊ុន សែន មើលឃើញថា ពលរដ្ឋខ្មែរក្រោមបានគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ និងបទបញ្ញត្តិនានារបស់អាជ្ញាធរវៀតណាម។
លើសពីនេះ អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ក៏បានស្នើដល់ភាគីវៀតណាម និងប្រទេសតាមដងទន្លេមេគង្គ ពិនិត្យលទ្ធភាពចុះបញ្ជីរួមគ្នា នូវបេតិកភណ្ឌអរូបីនានា ដូចជា ការរៀបចំពិធីសង្ក្រានជាដើម។ តាម លោក ហ៊ុន សែន ការធ្វើយ៉ាងនេះអាចឲ្យប្រទេសទាំងអស់ប្រារព្ធ ថែរក្សា និងផ្សារភ្ជាប់គ្នាទៅវិញទៅមក។
គួរកត់សម្គាល់ថា សំណើរបស់ លោក ហ៊ុន សែន ឲ្យអាជ្ញាធរវៀតណាមជួយយកចិត្តទុកដាក់លើការរស់នៅរបស់ពលរដ្ឋខ្មែរក្រោម ធ្វើឡើងនៅក្រោយពេលរដ្ឋាភិបាលកម្ពុជាទើបតែដង្ហែអង្គឋិនទានដ៏ធំមួយ ទៅកាន់វត្តខ្មែរក្រោម កាលពីថ្ងៃទី៤ខែវិច្ឆិកា ដោយប្រមូលបច្ច័យបានជាង២,៣លានដុល្លារ។
ការរៀបចំដង្ហែអង្គកឋិនទានទៅកាន់វត្តខ្មែរក្រោមនេះ ទទួលបានការសរសើរពីសំណាក់ពលរដ្ឋខ្មែរក្រោមថា ជាគុណតម្លៃប្រវត្តិសាស្ត្រ ដោយបង្ហាញពីកាយវិការផ្សារភ្ជាប់សាច់ឈាមគ្នារវាងប្រជាជនខ្មែរទាំងអស់។
កន្លងមក ពលរដ្ឋខ្មែរក្រោមតែងត្អូញត្អែរពីការធ្វើទុក្ខបុកម្នេញ ដោយអាជ្ញាធរវៀតណាម ទៅលើសេរីភាព ជំនឿសាសនា ទំនៀមទម្លាប់ វប្បធម៌ ហើយតែងតែស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជាជួយគិតគូពិចារណាដល់ការរស់នៅរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោមដែលជាម្ចាស់ទឹកដី៕

Leave a Reply