សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោសចំពោះការកាត់ទោសខ្មែរក្រោមចំនួន ៩អង្គ/នាក់

ព្រះសង្ឃ និងសកម្មជនខ្មែរក្រោម ចំនួន ៩អង្គ/នាក់ ត្រូវតុលាការវៀតណាមកាត់ទោសដាក់ពន្ធនាគារពី ២ ទៅ ៦ ឆ្នាំ ក្រោមបទចោទប្រកាន់ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ» និង «ការចាប់ឃាត់ខ្លួនមនុស្សដោយខុសច្បាប់»។ រូប៖ CAND.COM.VN

នៅ​ថ្ងៃ​អង្គារ ទី​២៦ វិច្ឆិកា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្កោលទោស​យ៉ាងធ្ងន់ធ្ងរ ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធ​រ​វៀតណាម ដែល​បាន​កាត់ទោស​ព្រះសង្ឃ និង​សកម្មជន​ខ្មែរក្រោម​ចំនួន ៩​អង្គ​/​នាក់​។ ព្រះសង្ឃ និង​សកម្មជន​ខ្មែរក្រោម​ទាំង​៩ អង្គ​/​នាក់ ត្រូវ​តុលាការ​វៀតណាម​កាត់ទោស​ដាក់ពន្ធនាគារ​ពី​២ ទៅ ៦​ឆ្នាំ ក្រោម​បទចោទប្រកាន់ «​កេងចំណេញ​លើ​សិទ្ធិសេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​» និង «​ការចាប់​ឃាត់ខ្លួន​មនុស្ស​ដោយ​ខុសច្បាប់​»​។​

​នៅក្នុង​ប្រតិកម្ម​ភ្លាមៗ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​វិធានការ​ច្បាប់​របស់​តុលាការ​វៀតណាម លើ​ព្រះសង្ឃ និង​សកម្មជន​ខ្មែរក្រោម​ទាំង​៩​អង្គ​/​នាក់​។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចាត់ទុកថា ការកាត់ក្តី​របស់​តុលាការ​វៀតណាម ធ្វើឡើង​ដោយ​លម្អៀង និង​គ្មាន​ការធានា​ចំពោះ​បុគ្គល ដែល​មិន​បានធ្វើ​អ្វី ក្រៅពី​ការតស៊ូ​មតិ​ដោយ​សន្តិវិធី​សម្រាប់​សិទ្ធិ​សាសនា និង​វប្បធម៌​របស់​ពលរដ្ឋ​ខ្មែរក្រោម​។ ព្រះសង្ឃ និង​សកម្មជន​ខ្មែរក្រោម​ទាំង​៩ អង្គ​/​នាក់ រួមមាន ព្រះតេជព្រះគុណ ថាច់ ចន្ទ​តារា ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​៦​ឆ្នាំ ព្រះតេជព្រះគុណ យឿ​ង ខាយ ជាប់គុក ៥​ឆ្នាំ ៩​ខែ លោក គឹម ឃីម ជាប់គុក ៣ ឆ្នាំ និង លោក ថាច់ វាសនា ជាប់គុក ២​ឆ្នាំ ៦​ខែ​។​

​ចំណែក​ព្រះសង្ឃ និង​សកម្មជន​ផ្សេងទៀត ដែល​ត្រូវបាន​កាត់ទោស​ដាក់ពន្ធនាគា​រ​ចំនួន ២ ឆ្នាំ រួមមាន​ព្រះ​តេជគុណ ថាច់ វិ​ល័យ ព្រះ​តេជគុណ ថាច់ ជាប់ ព្រះ​តេជគុណ គឹម សា​រឿង យុវជន ថាច់ ញ៉ា និង លោក គឹម ឃូ​។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មើលឃើញថា ចំណាត់ការ​របស់​រដ្ឋា​ភិ​បាល​វៀតណាម បានបង្ហាញ​តឹកតាង​កាន់​ច្បាស់​ពី​ការគាបសង្កត់​លើ​ពលរដ្ឋ​ខ្មែរក្រោម ដែល​ពួកគេ​គ្រាន់តែ​អនុវត្ត​សិទ្ធិ​សាសនា និង​សិទ្ធិ​វប្បធម៌​ដោយ​សន្តិវិធី​ប៉ុណ្ណោះ​។ ខណៈ​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ​ឲ្យ​មាន​ចំណាត់ការ​ជាបន្ទាន់​លើ​រដ្ឋាភិបាល​វៀតណាម​។​

​អ្វីដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចង់បាន​នៅ​ចំពោះមុខ គឺ​ជំរុញ​ឲ្យ​អង្គការសហប្រជាជាតិ​ដក​ប្រទេស​វៀតណាម​ចេញពី​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស និង​ទាមទារ​ឲ្យ​សហគមន៍​អន្តរជាតិ​ចេញ​សេចក្តីថ្លែងការណ៍​សាមគ្គីភាព​ជួយ​ដល់​ព្រះសង្ឃ និង​សកម្មជន​ខ្មែរក្រោម​។ ជុំវិញ​បញ្ហា​នេះ គេ​នៅ​ទាន់​ឃើញ​មានប្រតិកម្ម​បែបណា​ពី​ភាគី​កម្ពុជា​នៅឡើយ​ទេ​។​

​គួរ​កត់សម្គាល់ថា ចំណាត់ការ​ផ្លូវច្បាប់​របស់​តុលាការ​វៀតណាម លើ​ព្រះសង្ឃ និង​សកម្មជន​ខ្មែរក្រោម​ទាំង​៩ អង្គ​/​នាក់​ពេលនេះ​ធ្វើឡើង ប៉ុន្មាន​ថ្ងៃក្រោយ​ប្រធានព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន បាន​ស្នើសុំ​ដោយផ្ទាល់​ទៅកាន់​ប្រធានរដ្ឋសភា​វៀត​ណ​ម​ឲ្យ​ជួយ​យកចិត្តទុកដាក់​ដល់​ប្រពៃណី ទំនៀមទម្លាប់ និង​ការរស់នៅ​របស់​ពលរ​ដ្ឋ​ខ្មែរក្រោម​។ ម្យ៉ាងវិញទៀត ចំណាត់ការ​ផ្លូវច្បាប់​របស់​តុលាការ​វៀតណាម​នេះ​ធ្វើឡើង ២​ថ្ងៃមុន​ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ​នរោត្តម សីហមុនី យាង​បំពេញ​ព្រះរាជទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​វៀតណាម ពីថ្ងៃ​ទី​២៨ ដល់​ថ្ងៃទី​២៩ វិច្ឆិកា​៕​

Leave a Reply

Your email address will not be published.