សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ប្រាប់​មេ​ដឹកនាំ​សាសនា​ពិភព​លោក​ ពី​ការ​គាប​សង្កត់​ផ្នែក​សិទ្ធិ​សាសនា​ ពី​សំណាក់​វៀតណាម

លោក ម៉ៅ មុន្នី (រូបទី៥ រាប់​ពី​ខាង​ឆ្វេង) អនុ​ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ថត​រួម​គ្នា​ជាមួយ​សមាជិកអង្គ​ប្រជុំ​​ ស្ដីពី ​សេរីភាព​សាសនា​អន្តរជាតិ​នៅ​រដ្ឋធានី​វ៉ាស៊ីងតោន សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃទី៤ និង​ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥។ រូប៖ KKF

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ បាន​បញ្ជូន​តំណាង​ចូល​រួម​កិច្ច​ប្រជុំ​​ឆ្នាំ២០២៥ ស្ដី​អំពី​សេរីភាព​សាសនា​ពិភពលោក​ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ រយៈ​ពេល​ពីរ​ថ្ងៃ​ដើម​សប្ដាហ៍​នេះ។ ក្នុង​កិច្ច​ប្រជុំ​នោះ សហព័ន្ធ​បាន​ជម្រាប​ជូន​មន្ត្រី​សហរដ្ឋអាមេរិក ​មេដឹកនាំ​សាសនា និង​អ្នក​ជំនាញ​ផ្នែក​សិទ្ធិមនុស្ស​ អំពី​ការ​ធ្វើ​ទុក្ខ​ទុក្ខ​បុកម្នេញ​ផ្នែក​សាសនា​ ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម​ មក​លើ​ជនជាតិ​ដើម​ខ្មែរ​​ក្រោម។

អនុ​ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ម៉ៅ មុន្នី ប្រាប់​អង្គ​ប្រជុំ​​ឆ្នាំ២០២៥ ស្ដី​អំពី​សេរីភាព​សាសនា​ពិភព​លោក​ ថា ព្រះសង្ឃ​ខ្មែរក្រោម​កំពុង​ធ្វើ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​គ្រប់​រូប​ភាព​ពី​សំណាក់​ អាជ្ញាធរ ​និង​ព្រះ​សង្ឃ​វៀតណាម។

ខ្ញុំ​លើក​ឡើង​ពីរ​រឿង​សំខាន់​រឿង​ទី១ រដ្ឋាភិបាល​វៀតណាម ប្រើប្រាស់​សាសនា​វៀតណាម​គាប​សង្កត់​សាសនា​ខ្មែរ​ក្រោម​យើង​ហ្នឹង។ សព្វ​ថ្ងៃ​ហ្នឹង​គេ​មាន​សិទ្ធិ​បញ្ជា​ថា អ្នកណា​ជា​ព្រះ​ចៅអធិការ​វត្ត​ខ្មែរ​ក្រោម​យើង ហើយ​ពេល​ខ្មែរ​ក្រោម​យើង​ទៅ​បួស​ហ្នឹង ក៏​ត្រូវ​សុំ​ច្បាប់​គេ​ដែរ។ —  លោក ម៉ៅ មុន្នី អនុ​ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម

បច្ចុប្បន្ន​វៀតណាម​ចាប់​ព្រះ​សង្ឃ​ខ្មែរ​ក្រោម ៥អង្គ និង​សកម្មជន​សិទ្ធិ​មនុស្ស ៨នាក់ ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ ជា​ច្រើន​ឆ្នាំ​ ដោយសារ​តែ​ព្រះ​សង្ឃ​ការពារ​សិទ្ធិ​សាសនា ស្រប​ពេល​សកម្មជន​សិទ្ធិ​មនុស្ស​ទាមទារ​សិទ្ធិ​ជន​ជាតិ​ដើម។ ព្រះសង្ឃ ៥អង្គ​នោះ រួម​មាន ​ព្រះចៅ​អធិការ​វត្ត​ទ្រនំ​សេក ព្រះតេជ​ព្រះគុណ ថាច់ ចន្ទតារា ត្រូវ​បាន​តុលាការ​វៀតណាម ​កាត់​​ទោស​ដាក់​ពន្ធនាគារ ៦ឆ្នាំ និង​ព្រះតេជ​ព្រះគុណ យឿង ខាយ ៥ឆ្នាំ។ តុលាការ​វៀតណាម​ចោទ​ប្រកាន់​ព្រះ​សង្ឃ អំពី​បទ «កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ»។ ទោះបីជា​យ៉ាងណា​ក្ដី សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ចាត់​ទុក​ការ​ចោទ​ប្រកាន់​នេះ គ្រាន់​តែ​ជា​លេស​ដើម្បី​គាប​សង្កត់​សិទ្ធិ​ផ្នែក​សាសនា​ និង​សិទ្ធ​សេរីភាព​របស់​ខ្មែរ​ក្រោម​ ដើម្បី​កុំ​ឲ្យ​ងើប​ឡើង​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច។

ក្នុង​កិច្ច​ប្រជុំ​ស្តីពី​សេរីភាព​សាសនា​អន្តរជាតិ​ កាល​ពី​ថ្ងៃទី៤ និង ៥កុម្ភៈ វាគ្មិន​ផ្ដោត​ការ​ពិភាក្សា​លើ​ប្រធាន​បទ​ថា​តើ ​របៀប​ណា​ទើប​ពហុ​សាសនា អាច​កសាង​ស្ថិរភាព​និង​សន្តិភាព​ ស្រប​ពេល​នៃ​ ការ​បម្លាស់ទី និង​ការ​បាត់​បង់​ផ្ទះ​សម្បែង​បណ្ដាល​មក​ពី​ជម្លោះ។

លោក ម៉ៅ មុន្នី អះអាង​ថា តំណាង​មេ​ដឹកនាំ​សាសនា​ពិភព​លោក អង្គការ​សិទ្ធិមនុស្ស និង​មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ទទួល​បាន​ព័ត៌មាន​ជុំវិញ​ការ​រំលោភ​សិទ្ធិ​សាសនា​ខ្មែរ​ក្រោម ដែល​វៀតណាម​កំពុង​គ្រប់គ្រង។

នេះ​ជា​សន្និសីទ​យើង​ផ្សព្វផ្សាយ​ព័ត៌មាន និង​បញ្ហា​ដែល​យើង​កំពុង​ប្រឈម​មុខ ​ពេល​ប្រជុំ​ខ្ញុំ​យក​ឯកសារ​ខ្មែរ​ក្រោម​ ទៅ​ដាក់​ ទូត​វៀតណាម​គេ​យក​ដែរ។ មនុស្ស​ប្រមាណ មួយ​ពាន់​នាក់​ចូល​រួម ជា​អ្នក​ជំនាញ​ខាង​សិទ្ធិ​មនុស្ស និង​សាសនា ​យើង​សង្ឃឹម​ថា បញ្ហា​របស់​ខ្មែរ​ក្រោម​គេ​ដឹង​លឺ​ច្រើន​។ —  លោក ម៉ៅ មុន្នី អនុ​ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម

របាយការណ៍​សេរីភាព​សាសនា​របស់​ក្រសួង​ការ​បរទេស​អាមេរិក ​ផ្សាយ​សម្រាប់​ឆ្នាំ២០២៣ រក​ឃើញ​ថា ទោះបី​រដ្ឋធម្មនុញ្ញ​វៀតណាម​ ចែង​ថា បុគ្គល​គ្រប់​រូប​មាន​សិទ្ធិ​សេរីភាព​ខាង​ជំនឿ និង​សាសនា ប៉ុន្តែ ច្បាប់​នេះ​ផ្តល់​ឲ្យ​សិទ្ធិ​រដ្ឋាភិបាល​លើ​ការ​អនុវត្ត​សាសនា និង​រួម​បញ្ចូល​នូវ​បទប្បញ្ញត្តិ​មិន​ច្បាស់​លាស់ ដែល​អនុញ្ញាត​ឱ្យ​មាន​ការ​រឹតត្បិត​លើ​សេរីភាព​សាសនា ដោយ​យក​លេស ដើម្បី​ជា​ផល​ប្រយោជន៍ នៃ​សន្តិសុខជាតិ និង​ឯកភាព​សង្គម និង​អនុញ្ញាត​ឱ្យ​មន្ត្រី​មូលដ្ឋាន​ធ្វើ​ការ​សម្រេច​ចិត្ត​តាម​អំពើ​ចិត្ត​លើ​ការ​ចុះ​ឈ្មោះ និង​ការ​ទទួល​ស្គាល់​ក្រុម​សាសនា​ថ្មី ឬ​កន្លែង​គោរព​បូជា។

ជុំវិញ​ការ​ចូល​រួម​ កិច្ច​ប្រជុំ​ឆ្នាំ២០២៥ ស្ដី​អំពី​សេរីភាព​សាសនា​ពិភពលោក ក៏​ជា​ផ្នែក​នៃ​យុទ្ធនាការ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​ទទួល​ដាក់​គំនាប​ ឲ្យ​វៀតណាម​ដោះ​លែង​ព្រះ​សង្ឃ និង​សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម។

កាល​ពី​សប្ដាហ៍​មុន​ព្រះសង្ឃ សកម្មជន​ខ្មែរ​ក្រោម និង​តំណាង​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​នាំ​គ្នា​ដាក់​ញាតិ​នៅ​កុងស៊ុល​វៀតណាម​នៅ​រដ្ឋ (California) ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​ព្រះ​សង្ឃ និង​សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ នៅ​លើ​ឆាក​អន្តរជាតិ​រហូត​វៀតណាម ​ដោះលែង​ព្រះ​សង្ឃ និង​សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម​ទាំងអស់៕

Leave a Reply

Your email address will not be published.