អាជ្ញាធរវៀតណាម ធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម ខណៈពួកគាត់ជួបជុំគ្នា ក្នុងទីអារាមមួយក្នុងខេត្តព្រះត្រពាំង ឬវៀតណាមប្តូរទៅជាខេត្តត្រាវិញ (Tra Vinh) ដើម្បីប្រារព្ធខួបលើកទី១១៤ នៃទិវាអន្តរជាតិនារី កាលពីថ្ងៃទី៨ ខែមីនា ។ សកម្មជន និងអ្នកការពារសិទ្ធិមនុស្សខ្មែរក្រោម ថ្កោលទោសចំពោះទង្វើរបស់អាជ្ញាធរវៀតណាម និងទាមទារឲ្យអាជ្ញាធរបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោមបន្តទៀត។
សកម្មជន និងអ្នកការពារសិទ្ធិខ្មែរក្រោមលើកឡើងថា អាជ្ញាធរវៀតណាម កំពុងរំលោភលើគោលការណ៍សិទ្ធិមនុស្ស និងសេរីភាពក្នុងការប្រារព្ធខួបលើកទី១១៤ នៃទិវាអន្តរជាតិនារី ៨ មីនា។
- អាជ្ញាធរវៀតណាមអូសម៉ូតូពលរដ្ឋខ្មែរក្រោមចេញពីវត្ត
សកម្មជនខ្មែរក្រោម លោក ថាច់ ង៉ា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៩ ខែមីនា ថា អាជ្ញាធរវៀតណាម បានបណ្ដេញពលរដ្ឋ និងសកម្មជនខ្មែរក្រោមចេញពីកម្មវិធីប្រារព្ធខួបលើកទី១១៤ នៃទិវាអន្តរជាតិនារី និងបានអូសម៉ូតូចេញទៅក្រៅវត្តក្នុងគោលបំណងឲ្យម្ចាស់ម៉ូតូត្រឡប់ទៅផ្ទះវិញ។
បាទ! ប៉ះពាល់ខ្លាំងដែរត្រង់ថា ដេញឲ្យសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមយើងមួយទៅផ្ទះនៅបានតែមួយចំនួនតិចទេ ហើយមានគេយកម៉ូតូចេញក្រៅវត្ត ហើយគេឲ្យយើងទៅតាម ហើយគេហាមឃាត់មិនឲ្យចូលក្នុងវត្តទៀតបាទ។ — យុវជន ថាច់ ង៉ា សកម្មជនសិទ្ធិមនុស្សខ្មែរក្រោម
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរវៀតណាមជាច្រើននាក់ កាលពីថ្ងៃទី៨ ខែមីនា បានរារាំង និងបណ្ដេញពលរដ្ឋ និងសកម្មជនចេញពីវត្តចេតិយ ក្នុងស្រុកថ្កូវ ខេត្តព្រះត្រពាំង ក្នុងពេលប្រារព្ធពិធី កាលពីថ្ងៃទី៨ ខែមីនា។
- សកម្មជនខ្មែរក្រោមចោទអាជ្ញាធរវៀតណាមថា ដើរគម្រាមពលរដ្ឋ
សកម្មជនខ្មែរក្រោម លោក ថាច់ ង៉ា ឲ្យដឹងទៀតថា ការប្រារព្ធទិវាអន្តរជាតិនារី កាលពីថ្ងៃទី៨ ខែមីនា មានអ្នកចូលរួមប្រមាណ៦០នាក់ ប៉ុណ្ណោះដោយលោកថា ចំនួនអ្នកចូលរួមតិចបែបនេះ គឺដោយសារតែអាជ្ញាធរវៀតណាម ដើរគំរាមពលរដ្ឋខ្មែរក្រោមដល់ផ្ទះមិនឲ្យចូលរួមកម្មវិធីនេះ ។ លោកបន្ថែមថា ចាប់តាំងពីថ្ងៃទី៨ មីនា រហូតដល់ពេលនេះ មានអាជ្ញាធរវៀតណាមប្រមាណ ៥០នាក់ កំពុង បណ្ដាក់គ្នាតាមឃ្លាំមើលសកម្មភាពរបស់លោក។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដើម្បីសុំការឆ្លើយតបជុំវិញបញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី៩ ខែមីនា។
ជុំវិញបញ្ហានេះ អនុប្រធានសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បណ្ឌិត សឺន ជុំជួន មានប្រសាសន៍ថា ការប្រារព្ធទិវាអន្តរជាតិនារី របស់ពលរដ្ឋ និងសកម្មជនខ្មែរក្រោម គឺជាការអនុវត្តសិទ្ធិសេរីភាពរបស់ពួកគេ ហើយលោក លើកទឹកចិត្តដល់ពលរដ្ឋខ្មែរក្រោម ឲ្យបន្តសកម្មភាពនេះតទៅមុខទៀត។ ចំណែកឯ ការរារាំងរបស់អាជ្ញាធរវៀតណាម ចំពោះការប្រារព្ធពិធីនេះវិញ លោកថា គឺជាការបំពានលើគោលការណ៍សិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយរដ្ឋាភិបាលវៀតណាម គួរតែមានវិធានការលើអាជ្ញាធរវៀតណាម ឲ្យគោរពសិទ្ធិរបស់ពលរដ្ឋខ្មែរក្រោម។
ការរារាំង ឬការហាមឃាត់ ឬការមករំខាន ការឃ្លាំមើល ការបំពានទៅលើសកម្មភាពរបស់ពួកគាត់ហ្នឹង គឺយើងឃើញថា ជាទង្វើ ដែលមិនអាចទទួលយកបានទេ ហើយរដ្ឋាភិបាលវៀតណាមគួរតែមានចំណាត់ការទៅដល់អាជ្ញាធរ ឬសមត្ថកិច្ចមូលដ្ឋានរបស់ខ្លួន ដើម្បីឲ្យមានការគោរពទៅតាមគោលការណ៍សិទ្ធិមនុស្ស ជាពិសេសគោលការណ៍និយាយទាក់ទងទៅ នឹងអនុសញ្ញាស្ដីពីការលុបបំបាត់គ្រប់ទម្រង់ នៃការរើសអើងនិយាយភេទជាដើម។ — បណ្ឌិត សឺន ជុំជួន អនុប្រធានសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍
កន្លងទៅ នៅពេលព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ជួបជុំគ្នាប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនានា ដូចជាទិវា សិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ឬទិវាសិទ្ធិជនជាតិដើមជាដើម អាជ្ញាធរវៀតណាមតែងរារាំង រំខាន ឬធ្វើទុក្ខបុកម្នេញមកលើពួកគាត់ តាមរយៈការចុះគំរាមកំហែងដល់ផ្ទះមិនឱ្យទៅចូលរួមកម្មវិធី ការកោះហៅឱ្យទៅជួបអាជ្ញាធរ ការស្ទាក់ផ្លូវឃាត់រថយន្ត ឬចូលអុកឡុកក្នុងពេលប្រារព្ធពិធីជាដើម។
បច្ចុប្បន្នមានព្រះសង្ឃខ្មែរក្រោមចំនួន ៥អង្គ និងពលរដ្ឋខ្មែរក្រោមចំនួន៨នាក់ ក្នុងនោះក៏រួមមាន ព្រះចៅអធិការវត្តទ្រនំសេក ព្រះតេជព្រះគុណ ថាច់ ចន្ទតារាផង ត្រូវតុលាការវៀតណាម កាត់ទោស ដាក់ពន្ធនាគារពី២ដល់ ៦ឆ្នាំដោយភាគច្រើនត្រូវបានចោទប្រកាន់ពីបទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ» ដោយសារតែពួកគាត់ទាមទារសិទ្ធិជនជាតិដើម សេរីភាពសាសនា និងសិទ្ធិស្វ័យសម្រេចនៅលើទឹកដីកម្ពុជាក្រោម៕

Leave a Reply