ព្រះតេជព្រះគុណ គឹម សារឿង ត្រូវបានអាជ្ញាធរវៀតណាម ដោះលែងនៅថ្ងៃទី ២៨ មីនា បន្ទាប់ពីជាប់ពន្ធនាគារ ២ ឆ្នាំ ។ ករណីនេះ ត្រូវបានសហគមន៍អន្តរជាតិចាត់ទុកថា ជាផ្នែកមួយនៃយុទ្ធនាការបង្ក្រាបលើព្រះសង្ឃ និងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម ចាប់តាំងពីឆ្នាំ ២០២៣ ផ្តោតទៅលើខេត្តលេចធ្លោជាងគេ ដែលមានក្រុមសកម្មខាងផ្នែកតស៊ូមតិទាមទារសិទ្ធិសេរីភាព នៅខេត្តឃ្លាំង ព្រះត្រពាំង និងលង់ហោរ នៃ ដែនដីកម្ពុជាក្រោម។
ព្រះតេជព្រះគុណ គឹម សារឿង ជាព្រះសង្ឃខ្មែរក្រោម គង់នៅវត្តមង្គលបូរីទ្រនំសេក ខេត្តលង់ហោរ (Vinh Long) នៃ ដែនដីកម្ពុជាក្រោម ត្រូវបានអាជ្ញាធរវៀតណាម ដោះលែងចេញពីពន្ធនាគារវិញ នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៦ ។ ព្រះអង្គត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៤ បន្ទាប់ពីអាជ្ញាធរវៀតណាម បានសម្រុកចូលឡោមព័ទ្ធវត្ត និងចាប់ផ្សឹកដោយបង្ខំ ។ ព្រះអង្គត្រូវបាននាំឡើងតុលាការទៅកាត់ទោស នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ និងត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ ពីបទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ» តាមមាត្រា ៣៣១ នៃ ក្រមព្រហ្មទណ្ឌវៀតណាម ។
ករណីនេះ ត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃយុទ្ធនាការបង្ក្រាបលើព្រះសង្ឃ និងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម ១៧ អង្គ/រូប នៅក្នុងខេត្តឃ្លាំង (Soc Trang) ព្រះត្រពាំង (Tra Vinh) និងលង់ហោរ (Vinh Long) ចាប់តាំងពីឆ្នាំ ២០២៣ មក។ ក្រុមសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម ទាំង ១៧ អង្គ/រូប (រួមទាំងព្រះតេជព្រះគុណ គឹម សារឿង) ដែលត្រូវបានចាប់ខ្លួន រួមមាន៖
• ខេត្តឃ្លាំង៖ លោក យ័ញ មិញ ក្វាង និងអ្នកស្រី ឌិញ ធី វិន
• ខេត្តព្រះត្រពាំង៖ លោក ថាច់ កឿង, លោក តោ ហ្វាង ចឿង, លោក ថាច់ ង៉ា, លោក ថាច់ ស្វឹង ដុង, ព្រះតេជព្រះគុណ គឹម សំរិន្ទ និងលោកស្រី រដ្ឋ វ៉ារី
• ខេត្តលង់ហោរ៖ ព្រះតេជព្រះគុណ ថាច់ ចន្ទ តារា, លោក គឺម ឃីម, លោក គឹម ឃូ, ព្រះតេជព្រះគុណ យឿង ខាយ, ព្រះតេជព្រះគុណ ថាច់ វិល័យ, សាមណេរ ថាច់ ជាប់, លោក ថាច់ ញ៉ា និងលោក ថាច់ វាសនា
រហូតមកដល់ពេលនេះ អាជ្ញាធរវៀតណាមបានដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោម បាន ៧ រូបហើយ រួមមាន៖ អ្នកស្រី ឌិញ ធី វិន, លោក ថាច់ វាសនា, លោក ថាច់ ញ៉ា, លោក គឹម ឃូ, សាមណេរ ថាច់ ជាប់, លោក ថាច់ វិល័យ និងព្រះតេជព្រះគុណ គឹម សារឿង។ ព្រឹត្តិការណ៍នេះ កើតឡើងក្នុងបរិបទនៃកង្វល់អន្តរជាតិ អំពីស្ថានភាពសិទ្ធិមនុស្ស និងសេរីភាពសាសនា នៅដែនដីកម្ពុជាក្រោម ៕

Leave a Reply