លេខាធិការដ្ឋាន អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ចុះសួរសុខទុក្ខ និង​ផ្តល់​កម្លាំងចិត្ត​ដល់​ព្រឹទ្ធាចារ្យ​ខ្មែរក្រោម គឺ​គ្រួសារ​លោក ស៊ុន សុផល និង​ភរិយា​លោកស្រី លី អ៊ី​ន ។

នៅ​ថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២៦ លេខាធិការដ្ឋាន នៃ អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​ចុះសួរសុខទុក្ខ និង​ផ្តល់​កម្លាំងចិត្ត​ដល់​ព្រឹទ្ធាចារ្យ​ខ្មែរក្រោម​វ័យចាស់​ជរា ដែល​កំពុង​រស់នៅក្នុង​រាជធានី​ភ្នំពេញ ។​

​តំណាង​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដឹកនាំ​ដោយ​លោក សឺ​ន យឿ​ង ប្រធាន​លេខាធិការដ្ឋាន នៃ អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម រួមជាមួយ​លោក តាំង សារៈ ប្រធាន​តំបន់ នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​នៅ​កម្ពុជា និង​លោក ញឹម ឬ​ទ្ធី ប្រធាន​មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​អញ្ជើញ​ទៅ​ជួប​សួរសុខទុក្ខ និង​ឈ្វេងយល់​ពី​ស្ថានភាព​រស់នៅ​របស់​ព្រឹទ្ធាចារ្យ​ខ្មែរក្រោម ដោយ​ផ្តោតលើ​សុខភាព និង​ជីវភាព​ប្រចាំថ្ងៃ ។ ក្នុងឱកាស​នោះ ពួកគាត់​បាន​សន្ទនា​សុខទុក្ខ ស្តាប់​ការលំបាក ផ្តល់​កម្លាំងចិត្ត ព្រមទាំង​យកចិត្តទុកដាក់​លើ​សុខភាព​របស់​ព្រឹទ្ធាចារ្យ​ខ្មែរក្រោម ។​

​ព្រឹទ្ធាចារ្យ ដែល​ត្រូវបាន​សួរសុខទុក្ខ​នោះ គឺ​គ្រួសារ​លោក ស៊ុន សុផល និង​ភរិយា​លោកស្រី លី អ៊ី​ន ។ លោក ស៊ុន សុផល ធ្លាប់ជា​គ្រូអាចារ្យ រីឯ​លោកស្រី លី អ៊ី​ន ធ្លាប់ជា​គ្រូពេទ្យ​នៅ​ខេត្ត​ឃ្លាំង ដែនដី​កម្ពុជា​ក្រោម ។​

​ក្នុងឱកាស​នោះ លោក តាំង សារៈ បាន​លើកយក​ប្រវត្តិ​សង្ខេបនៃ​ការងារ​របស់​ព្រឹទ្ធាចារ្យ ស៊ុន សុផល កាល​រស់នៅ​ទឹកដី​កម្ពុជា​ក្រោម ដែល​បាន​ចំណាយ​ពេលវេលា​ផ្ទាល់ខ្លួន​ក្នុងការ​បង្ហាត់បង្រៀន​ដល់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ។​

​សកម្មភាព​សួរសុខទុក្ខ​នេះ ឆ្លុះបញ្ចាំង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​លេខាធិការដ្ឋាន អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ក្នុងការ​ថែរក្សា និង​គាំទ្រ​ពលរដ្ឋ​ខ្មែរក្រោម ជាពិសេស​ការយកចិត្ត​ទុកដាក់​លើ​ព្រឹទ្ធាចារ្យ​វ័យចាស់ ដែល​ធ្លាប់មាន​ការរួមចំណែក​ក្នុង​ការងារ​សង្គម​ខ្មែរក្រោម ។​

​ពលរដ្ឋ​ខ្មែរក្រោម​ភាគច្រើន​បាន​ផ្លាស់​មក​រស់នៅ​កម្ពុជា ដោយសារ​ហេតុផល​ផ្សេងៗ ដូច​ជាការ​រឹតត្បិត​លើ​សិទ្ធិសេរីភាព​មូលដ្ឋាន ការ​ធ្វើទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​វៀតណាម ការ​រឹតបន្តឹង​លើ​សកម្មភាព​សាសនា និង​វប្បធម៌ ព្រមទាំង​បញ្ហា​ជីវភាព​សេដ្ឋកិច្ច ។ ដូច្នេះ ពលរដ្ឋ​ខ្មែរក្រោម​មួយចំនួន បានជ្រើសរើស​មក​កម្ពុ​ជា ដើម្បី​ស្វែងរក​សុវត្ថិភាព ការអប់រំ និង​ឱកាស​រស់នៅ​កាន់តែ​ប្រសើរឡើង ។ អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹង​បន្ត​អនុវត្ត​សកម្មភាព​សង្គម និង​មនុស្សធម៌ ដើម្បី​គាំទ្រ​ពលរដ្ឋ​ខ្មែរក្រោម ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅ​ដែនដី​កម្ពុជា​ក្រោម ៕

Leave a Reply

Your email address will not be published.