តំណាង​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម សួរសុខទុក្ខ​ម្តាយ​លោក​បណ្ឌិត សឺ​ន ជុំ​ជួន គឺលោកយាយ ថាច់ សា​រ៉េ​ន ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ ។

​លេខាធិការដ្ឋាន នៃ អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម កាលពី​ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៦ បាន​អញ្ជើញ​ទៅសួរសុខទុក្ខ​លោកយាយ ថាច់ សា​រ៉េ​ន ម្តាយ​របស់លោក​បណ្ឌិត សឺ​ន ជុំ​ជួន អនុប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ដែល​នឹង​មកដល់​ក្នុងពេល​ឆាប់ៗ​នេះ ។​

​ការចុះ​សួរសុខទុក្ខ​នេះ មាន​គោលបំណង​បង្ហាញ​ការគោរព និង​ការយកចិត្តទុកដាក់​ចំពោះ​ចាស់ទុំ ព្រមទាំង​លើកទឹកចិត្ត និង​ជូនពរជ័យ​ក្នុងឱកាស​បុណ្យ​ប្រពៃណីជាតិ ។ ក្នុងឱកាស​នោះ តំណាង​លេខាធិការដ្ឋាន នៃ អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​សាកសួរ​សុខភាព និង​ស្ថានភាព​រស់នៅ​របស់លោក​យាយ ថាច់ សា​រ៉េ​ន និង​បាន​ជូនអំណោយ​មួយចំនួន រួមមាន​សម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ ។​

​សូមបញ្ជាក់ថា លោកយាយ ថាច់ សា​រ៉េ​ន គឺជា​ភរិយា​របស់លោក​ព្រឹទ្ធាចារ្យ សឺ​ន ជុំ​សេដ្ឋា ស្ថាបនិក​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ដែល​បានទទួល​មរណភាព​នៅ​ឆ្នាំ ២០០៤ ។ ព្រឹទ្ធាចារ្យ សឺ​ន ជុំ​សេដ្ឋា ត្រូវបាន​ខ្មែរក្រោម​ជាទូទៅ​ចាត់ទុកថា ជា​បុគ្គល​ម្នាក់​ដែល​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការតស៊ូ​ដើម្បី​សិទ្ធិ និង​សេរីភាព​របស់​ខ្មែរក្រោម នៅលើ​ទឹកដី​កម្ពុជា​ក្រោម ។​

​ចំណែក​លោក​បណ្ឌិត សឺ​ន ជុំ​ជួន កូនប្រុស​របស់លោក​យាយ ថាច់ សា​រ៉េ​ន បច្ចុប្បន្ន​ជា​អនុប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ និង​ជា​សកម្មជន​តស៊ូ​មតិ​មួយរូប ដែល​ចូលរួម​លើកកម្ពស់​សិទ្ធិមនុស្ស និង​សេរីភាព​សម្រាប់​ពលរដ្ឋ​ខ្មែរក្រោម ។​

​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម បញ្ជាក់ថា សកម្មភាព​សួរសុខទុក្ខ​ចាស់ទុំ​នេះ គឺជា​ផ្នែក​មួយ​នៃ​ការរក្សា​ប្រពៃណី និង​តម្លៃ​វប្បធម៌ ដែល​ផ្តោតលើ​ការគោរព និង​ការដឹងគុណ​ចំពោះ​ជំនាន់​មុន ដែល​បានរួម​ចំណែក​ក្នុងសង្គម​ខ្មែរក្រោម​៕​

Leave a Reply

Your email address will not be published.